ភ្នំពេញ ៖ សហគមន៍ខ្មែរកម្ពុជាក្រោម បានធ្វើការអំពាវនាវមួយ ដើម្បីរកថវិកាបកប្រែឯកសារទាក់ទងនឹងការកាត់ផ្ទេរទឹកដីខ្មែរកម្ពុជាក្រោមរបស់បារាំងទៅឲ្យវៀតណាមគ្រប់គ្រង ដែលឯកសារនេះ បានស្រាវជ្រាវរកឃើញជាង៣.០០០ ទំព័រនៅបណ្ណាល័យ Aix-En-Provence ប្រទេសបារាំង ហើយការបកប្រែនេះ បានធ្វើកិច្ចសន្យាជាមួយអ្នកឯកទេសបកប្រែក្នុងរយៈពេល២០ ខែឲ្យចប់សព្វគ្រប់ ដោយចាប់ពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៦ តទៅ។
តាមសេចក្ដីអំពាវនាវបានបញ្ជាក់ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២៩១៦ បានឲ្យដឹងថា ការចំណាយសម្រាប់ការបកប្រែរួមមាន ក្នុងមួយខែ ថ្លៃឈ្នួលសម្រាប់អ្នកបកប្រែចំនួន៦០០ដុល្លារ ហើយបុគ្គលិកពីរនាក់ ក្នុងម្នាក់២០០ដុល្លារមួយខែ ស្មើនឹង៤០០ដុល្លារ និងចំណាយផ្សេងៗចំនួន២០០ដុល្លារក្នុងមួយខែ។ សរុប១.២០០ដុល្លារ (មួយពាន់ពីររយដុល្លារគត់) ក្នុងមួយខែ។
ឯកសារជាប្រវត្តិសាស្ត្រទាំងនេះ បន្ទាប់ពីបកប្រែបានចំនួន២០០ទំព័រ សហគមន៍ខ្មែរកម្ពុជាក្រោម នឹងបោះពុម្ពផ្សព្វផ្សាយចែកជូនបងប្អូនរួមជាតិបណ្ដើរៗដោយឥតគិតថ្លៃរហូតដល់ចប់។ ចំពោះថវិកាសម្រាប់ចំណាយលើការបកប្រែឯកសារទាំងនេះ សហគមន៍ខ្មែរកម្ពុជាក្រោម និងសម្ព័ន្ធយុវជនខ្មែរ ដើម្បីប្រជាធិបតេយ្យ សង្ឃឹមទៅលើស្មារតីលះបង់របស់បងប្អូនរួមជាតិ ក្នុងការចូលរួមចំណែកវិភាគទានតាមសទ្ធាជ្រះថ្លាទាំងស្រុង។
ជាមួយគ្នានោះ សហគមន៍ខ្មែរកម្ពុជាក្រោម និងសម្ព័ន្ធយុវជនខ្មែរ ដើម្បីប្រជាធិបតេយ្យ បានលំឱនកាយ គោរពអំពាវនាវដល់ព្រះគុណម្ចាស់គ្រប់ព្រះអង្គ បងប្អូនរួមឈាមទាំងអស់ព្រះមេត្តា និងមេត្ដាជួយចូលរួមវិភាគតាមសទ្ធាជ្រះថ្លា ដើម្បីឲ្យការបកប្រែឯកសារប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់នេះបានសម្រេចជោគជ័យជាស្ថាពរ។ វិភាគទានរបស់ព្រះគុណម្ចាស់គ្រប់ព្រះអង្គ និងបងប្អូនរួមឈាមទាំងអស់ គឺជាការចូលរួមចំណែកការពារ និងថែរក្សានូវប្រវត្តិសាស្ត្រខ្មែរយ៉ាងពិតប្រាកដ៕
សហគមន៍ខ្មែរកម្ពុជាក្រោម អំពាវនាវរកថវិកាដើម្បីបកប្រែឯកសារទាក់ទងនឹងការកាត់ផ្ទេរទឹកដីខ្មែរកម្ពុជាក្រោម
0 Comments