ភ្នំពេញ ៖ លោក ពេជ្រ កែវមុនី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ បានដឹកនាំកម្លាំង ចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវក្នុងមូលដ្ឋាន ដើម្បីទប់ស្កាត់ការរំលោភយកចិញ្ចើមផ្លូវយកទៅធ្វើជាកន្លែងលក់ដូរ។
លោក ពេជ្រ កែវមុនី បានធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមសង្ខាងផ្លូវ សូមចូលរួមថែរក្សាបរិស្ថាន ដោយមិនត្រូវយកសំរាមដាក់គរមុខផ្ទះមុនពេលដែលរថយន្តដឹកសំរាមមិនទាន់មកដល់ឡើយ គឺវាអាចប៉ើងរប៉ាត់រប៉ាយពេញលើផ្លូវ។ ដូច្នេះគួរតែរង់ចាំរថយន្តដឹកសំរាមមកដល់ចាំយកចេញទៅឲ្យកម្មករប្រមូលសំរាមលើកដាក់ក្នុងរថយន្ត។
ក្នុងឱកាសនោះដែរ លោក ពេជ្រ កែវមុនី ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ត្រូវនាំគ្នារក្សាទុកចិញ្ចើមផ្លូវមុខផ្ទះកុំរំលោភបំពានឲ្យសោះ ព្រោះចិញ្ចើមផ្លូវសម្រាប់ទុកអ្នកថ្មើរជើងបានធ្វើដំណើរចៀសវាង ពួកគាត់ធ្វើដំណើរលើទ្រូងផ្លូវងាយនឹងគ្រោះថ្នាក់ដល់អាយុជីវិត៕
Source: Kampuchea Thmey Daily
0 Comments