រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo និងមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងមួយរូបបានជួបគ្នានៅទីក្រុងញូវយ៉កកាលពីថ្ងៃពុធសម្រាប់អាហារពេលល្ងាចមួយដើម្បីព្យាយាមរៀបចំកិច្ចប្រជុំកំពូលរវាងប្រទេសកូរ៉េខាងជើងនិងសហរដ្ឋអាមេរិកនៅខែមិថុនានេះ។
លោក Kim Yong Chol ដែលត្រូវបានគេចាត់ទុកថាជាដៃស្តាំរបស់មេដឹកនាំគីមជុងអ៊ុននោះ គឺជាមន្ត្រីកូរ៉េខាងជើងជាន់ខ្ពស់បំផុតដែលបានធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិកក្នុងរយៈពេល១៨ ឆ្នាំមកនេះ។
បេសកជនរបស់ទីក្រុងព្យុងយ៉ាងរូបនេះបានចូលរួមជាមួយលោក Pompeo នៅទីតាំងការទូតអាមេរិកមួយនៅប៉ែកខាងកើតតំបន់ Manhattan សម្រាប់អាហារពេលល្ងាចដែលមានរយៈពេលប្រហែលមួយម៉ោងកន្លះ។ កិច្ចប្រជុំពីរលើកបន្ថែមទៀតត្រូវបានគ្រោងទុក។
នៅពេលសាកសួរអំពីអាហារពេលល្ងាចថ្នាក់ការងារនេះ លោក Pompeo បានប្រាប់អ្នកយកព័ត៌មាននាពេលក្រោយថា “វាអស្ចារ្យណាស់”។ អាហារពេលល្ងាចថ្នាក់ការងារដ៏ល្អមួយជាមួយលោក Kim Yong Chol នាពេលយប់ក្នុងទីក្រុងញូវយ៉ក។ មានសាច់អាំង ពោតនិងហ្វ្រូម៉ានៅក្នុងបញ្ជីរាយមុខម្ហូប”។
វាគឺជាកិច្ចប្រជុំលើកទី៣រវាងមន្ត្រីទាំងពីរដែលកំពុងធ្វើការដើម្បីបញ្ចប់ផែនការសម្រាប់កិច្ចប្រជុំកំពូលថ្ងៃទី១២ខែមិថុនាដែលត្រូវបានបង្កើតឡើងដើម្បីបញ្ចប់ការប្រឈមមុខដាក់គ្នាដោយនុយក្លេអ៊ែរដែលធ្លាប់គំរាមកំហែងឲ្យកូរ៉េធ្លាក់ចូលទៅក្នុងសង្គ្រាមវិញ។
សហរដ្ឋអាមេរិកចង់ឲ្យកូរ៉េខាងជើងយល់ព្រមរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុងពីឧបទ្វីបកូរ៉េ។
បេសកជនអាមេរិកនិងកូរ៉េខាងជើងក៏បានជួបប្រជុំនៅភូមិ Panmunjom ក្នុងតំបន់គ្មានយោធាដែលពុះចែកកូរ៉េខាងជើងនិងកូរ៉េខាងត្បូងផងដែរហើយក្រុមមួយរបស់អាមេរិកកំពុងស្ថិតនៅក្នុងប្រទេសសិង្ហបុរីដើម្បីប្រុងប្រៀបរៀបចំខាងភស្តុភារសម្រាប់កិច្ចប្រជុំតាមការគ្រោងទុក។
នៅថ្ងៃព្រហស្បតិ៍ដដែលនេះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានទៅដល់ប្រទេសកូរ៉េខាងជើងដើម្បីពិភាក្សាអំពីកម្មវិធីនុយក្លេអ៊ែររបស់ក្រុងព្យុងយ៉ាង។ លោក Pompeo និងលោក Lavrov បាននិយាយគ្នាតាមទូរស័ព្ទជាលើកដំបូងកាលពីថ្ងៃពុធ៕ AFP
Source: Kampuchea Thmey Daily
0 Comments