Ad Code

លី​គ​ម៉ាឡេស៊ី បន្ត​ប្រកួត​ចុង​សប្ដាហ៍​នេះ​ខណៈ​ក្រុម​Teregganu FA របស់ ធា​រី ចន្ថា​ប៊ី​ន កាន់តែ​ត្រូវការ​ពិន្ទុ​ប្រជែង​កំពូល​តារាង



ពានរង្វាន់​លី​គ​កំពូល​ប្រទេស​ម៉ាឡេស៊ី (Malaysia Super League) រដូវ​កាល​ឆ្នាំ​២០១៨ នឹង​បន្ត​ការប្រកួត​សប្ដាហ៍​ទី​១៣ របស់​ខ្លួន​នៅ​ចុង​សប្ដាហ៍​នេះ ស្របពេល​ក្រុម​ដែល​កីឡាករ​របស់​កម្ពុជា ១​រូប​កំពុង​ប្រកប​អាជីព​នៅ​ទីនោះ Teregganu FA របស់ ធា​រី ចន្ថា​ប៊ី​ន កំពុង​ត្រូវការ​ពិន្ទុ​បន្ថែម​ដើម្បី កាន់តែ​កៀក​តំបន់​ប្រជែង​កំពូល​តារាង​ផងដែរ​។

កម្មវិធី​ប្រកួត​សរុប​ប្រចាំ​សប្ដាហ៍​ទី​១៣ នេះ​មាននៅ​ថ្ងៃ​សុក្រ ទី​១ ខែមិថុនា ក្រុម Kedah ប៉ះ​ក្រុម Melaka United ខណៈ​ក្រុម Selangor ជួប​ក្រុម Kelantan នៅ​ម៉ោង​៨​យប់​ដូចគ្នា​។ នៅ​ថ្ងៃ​សៅរ៍ ទី​២​ខែមិថុនា​វិញ ក្រុម Johor ប៉ះ​ក្រុម Perak ខណៈ​ក្រុម Kuala Lumpur ទទួល​ក្រុម Teranggananu របស់ ធា​រី ចន្ថា​ប៊ី​ន និង​ក្រុម PKNP ជួប​ក្រុម Pahang FA​។ នៅ​ថ្ងៃអាទិត្យ ទី​៣ ខែមិថុនា ក្រុម Negeri Sambilan ជួប​ក្រុម PKNS នៅវេលា​ម៉ោង​៨​យប់​ទាំងអស់​។​

លី​គ​កំពូល​ម៉ាឡេស៊ី ឆ្លងកាត់​១២​ប្រកួត​មកនេះ​ក្រុម​Terengganu របស់ ធា​រី ចន្ថា​ប៊ី​ន នៅតែ​ត្រូវការ​ពិន្ទុ​បន្ថែម​ដើម្បី​ប្រជែង​កំពូល​តារាង​ជាមួយ​ក្រុម​ខ្លាំង​Jorhor និង​ក្រុម Pahang FA ជា​ក្រុម​ចាស់​របស់ ចាន់ វឌ្ឍនាកា ក្រុម Perak និង​ក្រុម PKNS ជាដើម​។ ចំណែក​ក្រុម Negeri Sembilan អតីត​ក្រុម​របស់ ប្រាក់ មុន្នី​ឧ​ត្ត​ម ក៏ត្រូវ​ការ​ពិន្ទុ​ដែរ​ដើម្បី​គេ​ឱ្យ​ផុតពី​តំបន់​ដែល​ត្រូវ​កាត់ចេញ​ឱ្យ​ទៅលេង​ពានរង្វាន់​លី​គ​លំដាប់​ទី​២ របស់​ម៉ាឡេស៊ី​។



ពានរង្វាន់​លី​គ​កំពូល​ម៉ាឡេស៊ី មាន​ក្រុម​សរុប​ចំនួន​១២​ក្រុម​ដោយ​តម្រូវ​ឲ្យ​ក្រុម​ទាំងអស់​ប៉ះគ្នា​ចំនួន​២​លើក (២​ជុំ​) ហើយ​ក្រុម​ដែលមាន​ពិន្ទុ​ច្រើនជាងគេ​នៅ​ចប់​រដូវ​កាល​នឹង​ឈ្នះ​ជើងឯក​នឹង​ទទួល​កៅអី​ឡើង​ទៅលេង​ក្នុង​ពានរង្វាន់ AFC Champion League 2019 ផងដែរ​។ តាម​គ្រោង​ការប្រកួត​នឹង​បញ្ចប់​នៅ​អំឡុង​ខែកញ្ញា ឆ្នាំ​២០១៨ ខាងមុខ មុន​ក្រុម​ជម្រើសជាតិ​របស់​ប្រទេស​នេះ​ត្រៀម​ប្រកួត​ក្នុង​ពានរង្វាន់ AFF Suzuki Cup 2018​។

សូម​បញ្ជាក់​ថា ​កម្ពុជា មាន​កីឡាករ​ឆ្នើមៗ​ចំនួន​៤​រូប​ចេញទៅ​ប្រកប​អាជីព​នៅ​ពានរង្វាន់​លី​គ​កំពូល​ប្រទេស​ម៉ាឡេស៊ី នៅ​ដើមរដូវ​កាល​ឆ្នាំ​២០១៨ នេះ​ដោយ​ក្នុងនោះ​មាន​កែវ សុខ​ផេង លេង​នៅ​ក្លិប PKNP FC កីឡាករ ចាន់ វឌ្ឍនាកា Panhag FA និង​កីឡាករ ធា​រី ចន្ថា​ប៊ី​ន ទៅកាន់​ក្លិប​Terengganu FC និង​កីឡាករ ប្រាក់ មុន្នី​ឧ​ត្ត​ម លេង​នៅ​ក្លិប​Negeri Sembilan​។ ក្នុងចំណោម​អ្នក​ទាំង​៤​មានតែ​កីឡាករ កែវ សុខ​ផេង ប៉ុណ្ណោះ ដែល​រក​គ្រាប់​បាល់​ឲ្យ​ក្រុម​បាន​មុនគេ​។ ប៉ុន្តែ​ពេលនេះ កែវ សុខ​ផេង ប្រាក់ មុន្នី​ឧ​ត្ត​ម និង ចាន់ វឌ្ឍនាកា ត្រូវ​បាន​ក្លិប​ដកចេញ​ពី​បញ្ជី​ក្នុង​ក្រុម​។ លក្ខណៈ​ពិសេស​របស់​កីឡាករ​ទាំង​៤​នេះ​ គឺ​ទទួលបាន​ប្រាក់បៀវត្ស​ខ្ទង់ពាន់​រហូតដល់​ខ្ទង់​ម៉ឺន​ដុល្លារ​អាមេរិក ព្រមទាំង​មានផ្ទះ​ស្នាក់នៅ​មួយ ឡាន​ជិះ​១​គ្រឿង និង​មាន​ប្រាក់​រង្វាន់​ផ្សេងៗទៀត​ផង​ដែរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu