Ad Code

ភាព​ស្ងប់ស្ងាត់ ​វិលត្រឡប់​មកវិញ ​បន្ទាប់ពី​ការ​ផ្ទុះ​ជម្លោះ​ខ្លាំង​បំផុត​រវាង​អ៊ីស្រាអែល​ និង​ហ្គា​ហ្សា



ភាព​ស្ងប់ស្ងាត់ ​បាន​វិលត្រឡប់​ទៅ​តំបន់​ហ្គា​ហ្សា​ស្ទ្រី​ប​ និង​សហគមន៍​អ៊ីស្រាអែល​ ដែល​នៅក្បែរនោះ​វិញ​ កាលពី​ថ្ងៃ​ពុធ​ បន្ទាប់ពី​ការផ្ទុះ​អំពើហិង្សា​អាក្រក់​បំផុត​ចាប់តាំងពី​សង្គ្រាម​ឆ្នាំ​២០១៤​ បាន​ធ្វើ​ឲ្យ​មាន​ការ​ព្រួយបារម្ភ​អំពី​ជម្លោះ​មួយទៀត​ នៅក្នុង​តំបន់​ដែល​មាន​ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន​ឈឺចាប់។

​នៅឯ​អង្គការសហប្រជាជាតិ​, បេសកជន​ប្រចាំ​តំបន់​ម​ជ្ឈឹ​ម​បូព៌ា​លោក Nickolay Mladenov បាន​ព្រមាន​ក្រុមប្រឹក្សាសន្តិសុខ​ថា ការកើនឡើង​នេះ​បង្ហាញថា យើង​ជិត​ទៅដល់​សង្គ្រាម​ហើយ​។​
​ការបាញ់​តបត​គ្នា​កាលពី​ថ្ងៃ​អង្គារ​និង​ឈានដល់​ព្រឹក​ថ្ងៃ​ពុធ​បានចាប់ផ្តើម​ជាមួយនឹង​ការវាយប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត​និង​កាំភ្លើងត្បាល់​ចូលទៅក្នុង​ទឹកដី​អ៊ីស្រាអែល​ចេញពី​តំបន់​ហ្គា​ហ្សា​។​

អ៊ីស្រាអែល​និយាយថា ខ្លួន​បាន​តម្រង់​គោលដៅ​ទៅលើ​ទីតាំង​សកម្មប្រយុទ្ធ​ចំនួន​៦៥​កន្លែង​នៅក្នុង​តំបន់​ហ្គា​ហ្សា​ស្ទ្រី​ប​។ អ៊ីស្រាអែល​ក៏បាន​និយាយ​ផងដែរ​ថា រ៉ុក្កែត​និង​កាំភ្លើងត្បាល់​ប្រហែល​១០០​គ្រាប់​ដែល​បាញ់​ចេញពី​តំបន់​ហ្គា​ហ្សា​គឺ​បាន​ផ្ទុះ​នៅក្នុង​ប្រទេស​អ៊ីស្រាអែល​ឬ​ត្រូវបាន​ស្ទាក់ចាប់​ដោយ​ប្រព័ន្ធ​ការពារ​អាកាស​។​

កាលពី​ថ្ងៃ​អង្គារ អ្នកនាំពាក្យ​ក្រុម​ឥស្លាម​ជី​ហាដ​បាន​និយាយថា បទ​ឈប់​បាញ់​គ្នា​មួយ​ត្រូវបាន​ឈានដល់​ហើយ​នៅ​ថ្ងៃ​ពុធ មន្ត្រីជាន់ខ្ពស់​ក្រុម​ហា​ម៉ាស់​លោក Khalil al-Hayya ក៏បាន​និយាយ​អំពី​កិច្ចព្រមព្រៀង​មួយ​ផងដែរ​។​

បើទោះបីជា​មន្ត្រី​អ៊ីស្រាអែល​បាន​បដិសេធថា មិនមែនជា​ផ្នែក​មួយ​នៃ​បទ​ឈប់​បាញ់​នោះ​ក៏ដោយ ភាពស្ងប់ស្ងាត់​នៅតែមាន​កាលពី​ថ្ងៃ​ពុធ​។​

អំពើ​ហិង្សា​កាលពី​ថ្ងៃ​អង្គារ​បានកើត​ឡើង​បន្ទាប់ពី​មាន​ភាពចលាចល​សម្លាប់​មនុស្ស​ជាច្រើន​សប្តាហ៍​នៅតាម​បណ្តោយ​ព្រំដែន​រវាង​អ៊ីស្រាអែល​និង​តំបន់​ប៉ា​ឡេ​ស្ទី​ន​។​

នៅក្នុង​សេចក្តីថ្លែងការណ៍​រួម​ដ៏​កម្រ​មួយ ក្រុម​ហា​ម៉ាស់​និង​ក្រុម​ឥស្លាម​ជី​ហាដ​បានប្រកាស​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​រ៉ុក្កែត​និង​កាំភ្លើងត្បាល់​ដោយនិយាយ​ថា វា​គឺ​ជាការ​សងសឹក​ចំពោះ​ការវាយប្រហារ​របស់​អ៊ីស្រាអែល​ដែល​កំណត់​គោលដៅ​លើ​ទីតាំង​របស់​ពួកគេ​។​

សមាជិក​៣​នាក់​របស់​ក្រុម​ជី​ហាដ​ឥស្លាម​ត្រូវបាន​សម្លាប់​នៅក្នុង​ការវាយប្រហារ​រ​បស់​អ៊ីស្រាអែល​កាលពី​ថ្ងៃអាទិត្យ​ហើយ​ក្រុម​នេះ​បាន​ប្តេជ្ញា​សងសឹក​។​
គួរ​បញ្ជាក់ថា ជី​ហាដ​ឥស្លាម​គឺជា​ក្រុម​ប្រដាប់អាវុធ​ធំ​លំដាប់​ទី​២​នៅ​តំបន់​ហ្គា​ហ្សា​បន្ទាប់ពី​ក្រុម​ហា​ម៉ាស់​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu