ភ្នំពេញ ៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងប្រាប់អ្នកសារព័ត៌មានឲ្យដឹងកាលពីថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ថា ស្ថានតំណាងកម្ពុជាប្រចាំនៅបរទេស បានសហការជាមួយអាជ្ញាធរនៃប្រទេសម៉ាឡេស៊ី និងវៀតណាម ធ្វើអន្តរាគមន៍ជួយពលរដ្ឋខ្មែរចំនួន១៨នាក់ ដែលទៅធ្វើការដោយខុសច្បាប់ បានត្រឡប់កម្ពុជាវិញ។
តាមលោក ជុំ សុន្ទរី ករណីទី១. ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចរបស់ម៉ាឡេស៊ី ដោះស្រាយបញ្ហា និងរៀបចំមាតុភូមិនិវត្តន៍របស់ពលករ-ពលការិនីខ្មែរចំនួន៩នាក់ មកពីខេត្តកណ្តាល កំពង់ចាម កំពង់ធំ និងស្វាយរៀង ក្នុងនោះបុរសមានចំនួន៥នាក់ និងនារី៤នាក់ ដែលបានទៅធ្វើការដោយខុសច្បាប់នៅប្រទេសម៉ាឡេស៊ី។ ពលករ-ពលការិនីទាំង៩នាក់ បានមកដល់កម្ពុជាវិញ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨។
ករណី២ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ បានសហការជាមួយអាជ្ញាធរវៀតណាម រៀបចំមាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរ៩នាក់ (ក្នុងនោះកុមារមានចំនួន៦នាក់) មានអាយុចន្លោះពី០១ឆ្នាំដល់៣២ឆ្នាំ មកពីខេត្តស្វាយរៀង ដែលចូលទៅស្នាក់នៅនិងប្រកបរបរលក់ឆ្នោតដោយខុសច្បាប់នៅក្នុងប្រទេសវៀតណាម។ បច្ចុប្បន្ន ពលរដ្ឋខ្មែរទាំងនោះកំពុងស្នាក់នៅបណ្តោះអាសន្នក្នុងមជ្ឈមណ្ឌលគាំពារសង្គមក្នុងទីក្រុងហូជីមិញ។
លោក ជុំ សុន្ទរី បញ្ជាក់ថា ស្ថានអគ្គកុងស៊ុល បានជូនពលរដ្ឋទាំង៩នាក់ មកកម្ពុជាវិញ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ តាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត ដើម្បីប្រគល់ជូនអាជ្ញាធរកម្ពុជា ចាត់ចែងបញ្ជូនបន្តទៅស្រុកកំណើត៕
Source: Kampuchea Thmey Daily
0 Comments