Ad Code

ផឹក​ស៊ី​ទាស់​សំដី​ ខាង​ប្រុស​លើក​ផ្គាក់​កាប់​ខាង​ស្រី​ប៉ូលីស​ចាប់វាយ​ខ្នោះ



កណ្តាល ៖ កម្លាំង​នគរបាល​ស្រុក​កោះធំ​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា កាលពី​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង​៩​ព្រឹក នៅ​ចំណុច ក្នុងភូមិ​កោះទៀវ​(​ក​) ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្ដាល​។

ជនរងគ្រោះ​ជន​ឈ្មោះ វៀស ស៊ីម ភេទ​ស្រី អាយុ​៣៣​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​កោះទៀវ​(​ក​) ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ​កសិករ រងរបួស​ចំក​ខាងឆ្វេង​។ ជនសង្ស័យ​ឈ្មោះ ឈាង ញៀន ភេទ​ប្រុស អាយុ​៤៨ ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​កំពង់​ថ្កុ​ល ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ​កសិករ​។ វត្ថុតាង​ចាប់យក​៖ កាំបិតផ្គាក់​មួយដង​ឈើ​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​កន្លងមក​ជនសង្ស័យ​ធ្លាប់​បាន​ស្រឡាញ់​ជនរងគ្រោះ តែ​ជនរងគ្រោះ​ពុំបាន​ស្រឡាញ់​ ហើយ​ក៏បាន​រៀបការ​រួចហើយ​ដែរ​។ ដោយ​ឈ្មោះ វៀស ស៊ីម និង​ឈ្មោះ ឈាង ញៀន តែងតែ​មក​ផឹកស្រា​នៅផ្ទះ​ឈ្មោះ នុ​ល ឈុនលី ជា​ញឹកញាប់​។ លុះ​នៅពេល​កើតហេតុ​ខាងលើ ជនរងគ្រោះ​ឈ្មោះ វៀស ស៊ីម និង​ជនសង្ស័យ​ឈ្មោះ ឈាង ញៀន បាន​មក​ផឹកស៊ី នៅផ្ទះ​របស់​ឈ្មោះ នុ​ល ឈុនលី ជាមួយគ្នា​ខណៈពេល​កំពុង​ផឹកស្រា ពួកគេ​ក៏​ទាក់​ពាក្យសម្ដី​គ្នា រួចហើយ​ជនសង្ស័យ​ក៏បាន​យក​កាំបិតផ្គាក់​កាប់​ទៅលើ​ជនរងគ្រោះ​មួយ​កាំបិត​ចំក​ខាងឆ្វេង បណ្ដាល​ឲ្យ​រង​របួស​ចេញឈាម​ជោក​ខ្លួន រួច​ក៏​គេច​ខ្លួន​បាត់​។ ចំណែក​ជនរងគ្រោះ ត្រូវបាន​អ្នកជិតខាង​នាំគ្នា យកមក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​កោះធំ។

បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​នេះ កម្លាំង​នគរបាល​ប៉ុស្ដិ៍​សំពៅ​ពូន​បាន​ស្រាវជ្រាវ រហូត​ឃាត់ខ្លួន​ជនសង្ស័យ បាន​នៅ​ចំណុច​ដីស្រែ​ចុង​ព្រែក​ខាងក្រោយ​ភូមិ​កើតហេតុ​នា​ព្រឹក​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៨ រួម​នឹង​វត្ថុតាង​កាំបិតផ្គាក់​។ បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu