Ad Code

ក្រុម​កំចាយមារ មាន​ពេល​ជាង​១​ខែ​ទៀត​ នឹង​ចេញទៅ​ប្រកួត​ដណ្តើមពាន​ជើងឯក​ហ្វូ​ត​សាល​អាស៊ាន នៅ​ឥណ្ឌូណេស៊ី



ក្រុម​ស​.​ស​.​យ​.​ក កំចាយមារ ដែល​ជា​ម្ចាស់​ជើងឯក​ពានរង្វាន់​បាល់ទាត់​ជម្រើស​ជើងឯក​បាល់ទាត់​ក្នុង​សាល​ឆ្នាំ​២០១៧ (​ហ្វូ​ត​សាល​) ដែល​រៀបចំឡើង​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា នឹងមាន​ឈ្មោះ​តំណាងឱ្យ​ប្រទេស​កម្ពុជា ចេញទៅ​ប្រកួត​ក្នុង​ពានរង្វាន់​ជើងឯក​ហ្វូ​ត​សាល​តំបន់​អាស៊ាន AFF Futsal Club Championship 2018 នៅ​ប្រទេស​ឥណ្ឌូណេស៊ី ក្នុង​ខែកក្កដា ខាងមុខ​។

យោង​តាម​ការ​ផ្សព្វផ្សាយ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ាន (AFF) កាល​ពី​ពេល​ថ្មីៗ​បញ្ជាក់​ថា ​ក្រុម​កំចាយមារ​របស់​កម្ពុជា ស្ថិតក្នុង​ពូ​ល A ជាមួយ​ក្រុម​ជាមួយ​ក្រុម East Coast Heat FC (​អូស្ត្រាលី​) Arbisyam FC (​ប្រ៊ុយណេ​)​និង MIC (​មី​យ៉ាន់​ម៉ា​)​។ ​ចំណែក​ពូ​ល B វិញ​មាន រង់ចាំ​ក្រុម​ជើងឯក​រង​លី​គ​បាល់ទាត់​ក្នុង​សាល​ឥណ្ឌូនេស៊ី (​មិនទាន់​រក​ឃើញ​នៅឡើយ​), Bangkok BTS (​ថៃ​), Melaka United (​ម៉ាឡេស៊ី​) និង Sanatech Khanh Hoa (​វៀតណាម​)​។



ពានរង្វាន់​នេះ​ នឹង​ចាប់​ដំណើរ​ការ​ពី​ថ្ងៃ​ទី​១៥ រហូតដល់​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៨ ក្នុង​ទីក្រុង Jakarta ប្រទេស​ឥណ្ឌូនេស៊ី ខណៈ​ក្រុម​សមាជិក​ទាំង​៨​ក្រុម​នេះ បែង​ចែកចេញជា​២​ពូ​ល​ធ្វើការ​ប្រកួត​វិលជុំ​សន្សំ​ពិន្ទុ ហើយ​២​ក្រុម​ដែលមាន​ពិន្ទុ​លើ​គេ​នឹងត្រូវ​ប្រកួត​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ មុននឹង​ប្រជែង​គ្នា​ដណ្ដើម​ជើងឯក​។ តាម​កាលវិភាគ​ក្រុម​កំចាយមារ ត្រូវ​ប៉ះ​ក្រុម East Coast Heat FC នៅ​ថ្ងៃទី​១៥ កក្កដា ហើយ​នៅ​ថ្ងៃ​បន្ទាប់​ក្រុម​របស់​កម្ពុជា មួយ​នេះ​ត្រូវ​ប៉ះ​ក្រុម MIC និង​នៅ​ថ្ងៃទី​១៧ កក្កដា ក្រុម​កំចាយមារ បន្ត​ប្រកួត​បិទ​ពូ​ល​ជាមួយ​ក្រុម Arbisyam FC​។

​លោក ខុន សន្ទនា អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុម​កំចាយមារ បាន​ត្អូញត្អែរ​ពី​ស្ថានភាព​របស់​ក្រុម​ទាំង​ខ្វះ​បទពិសោធន៍​លើ​ឆាក​អន្តរជាតិ ខ្វះ​សមាជិក​បន្ថែម​មួយចំនួន​។ ប៉ុន្តែ​លោក​នៅ​មាន​គំនិត​វិជ្ជមាន​ថា​កូនក្រុម​នឹង​រៀនសូត្រ​ពី​ការប្រកួត​នៅក្រៅ​ប្រទេស​លើក​នេះ​បាន​ច្រើន ដើម្បី​បន្ត​មក​អភិវឌ្ឍន៍​បាល់ទាត់​នៅ​កម្ពុជា​។ តាមរយៈ​ការប្រកួត​លី​គ​ហ្វូ​ត​សាល​តែមួយ​មុខ​ប៉ុណ្ណោះ ដែល​លោក​គិតថា​ជាដើម​ទុន​ពង្រឹង​កម្រិត​លេង​របស់​ក្រុម​មុន​ការប្រកួត​អន្តរជាតិ​មកដល់​។

​ចំពោះ​ពានរង្វាន់ AFF Futsal Club Championship រៀបចំឡើង​ទើបតែ​បាន​៣​លើក​ប៉ុណ្ណោះ គិតពី​ឆ្នាំ​២០១៥ មកហើយ​ក្លិប Port FC របស់​ថៃ ជា​ក្រុម​ជើងឯក​ទាំង​៣​លើក​នេះ​។ សម្រាប់​កម្ពុជា វិញ​នេះ​ជា​ឆ្នាំ​ដំបូង​ដែលមាន​បេក្ខភាព​ចេញទៅ​ប្រកួត​នៅក្រៅ​ប្រទេស​ក្រោយ​មាន​ចលនា​ប្រកួត​នៅក្នុង​ស្រុក​ឡើងវិញ​គិត​តាំងពី​ឆ្នាំ២០១៧​មក​ម្ល៉េះ​៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu