Ad Code

បណ្តុះបណ្តាល​យុវជន​ជំនាន់​ក្រោយ​ចំនួន​៤០០​នាក់​ ស្វែងយល់​អំពី​អង្គរ​ឲ្យ​កាន់តែច្បាស់



សៀមរាប ​៖ ​ក្រុមប្រឹក្សា​កុមារ​និង​យុវជន​ចំនួន​៤០០​នាក់ ជា​បន្តបន្ទាប់​បាន​មក​ទស្សនា​ស្វែងយល់​អំពី​អង្គរ​នៅ​ចុងខែ​ឧសភា ឆ្នាំ​២០១៨​នេះ ដើម្បី​ទទួល​បាន​ការអប់រំ​បណ្តុះបណ្តាល និង​ស្វែងយល់​អំពី​ប្រវត្តិសាស្ត្រ វប្បធម៌ និង​បេតិកភណ្ឌ​អង្គរ​។ ដំណើរ​ទស្សនកិច្ច​សិក្សា​នេះ​បាន​រៀបចំ​ដោយ​នាយកដ្ឋាន​យុវជន​នៃ​ក្រសួង​អប់រំ យុវជន​និង​កីឡា ដោយ​សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​ដើម្បី​បង្ហាត់បង្ហាញ​ដល់​កុមារ​និង​យុវជន ទាំង​នៅ​មជ្ឈមណ្ឌល​ជាតិ​យុវជន​ខេត្តសៀមរាប​និង​នៅ​តាម​ប្រាសាទ​នានា​ក្នុង​រមណីយដ្ឋាន​អង្គរ​។

ការ​បណ្តុះបណ្ដាល​នេះ សំដៅ​ឲ្យ​សិស្ស​និង​យុវជន​បាន​យល់ដឹង​អំពី​ប្រវត្តិសាស្ត្រ​នៃ​ទឹកដី​មួយ​ដែលជា​អតីត​រាជធានី​នៃ​ចក្រភព​ខ្មែរ ដែល​មាន​អារ្យធម៌​ចម្រុងចម្រើន ហើយ​ដែល​បច្ចុប្បន្ន​ក្លាយជា​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក​ដ៏​មានតម្លៃ​ខ្ពស់​បំផុត​របស់​ជាតិ​។



លោក អ៊ឹម សុខ​រិទ្ធី អនុប្រធាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អន្តរជាតិ​និង​តម្កល់​ឯកសារ​អង្គរ បាន​លើក​ឡើង​ក្នុង​កម្មវិធី​បណ្តុះបណ្តាល​ថា អង្គរ​មិន​ត្រឹមតែ​ជា​រាជធានី​នៃ​ចក្រភព​មួយ​ទេ តែ​អង្គរ​បាន​ក្លាយជា​អារ្យធម៌​មួយ​ដោយ​ខ្លួនឯង និង​បាន​រីក​សន្ធឹង​ទៅ​សម្គាល់​ដល់​តំបន់​ភូមិសាស្ត្រ​ទាំងមូល​ទៀត​ផង ដែល​នេះ​អាច​សម្គាល់​បាន​ដោយ​ការ​ត្បាញ​បញ្ចូល​គ្នា​រវាង​ស្ថានភាព​ភូមិសាស្ត្រ​លាយឡំ​ជាមួយ​សំណល់​បុរាណវិទ្យា។

ក្រុង​ពិសិដ្ឋ ព្រះ​នគរ ដែល​ផ្សំ​ទ្បើង​ដោយ​ប្រាសាទ​រាប់រយ អាង​រក្សា​ទឹក​បារាយណ៍ ប្រព័ន្ធ​ធារាសាស្ត្រ និង​សំណល់​បុរាណវិទ្យា​ដទៃទៀត តាំងនៅ​ក្នុង​លម្ហ​ទេសភាព​ធំ​ទូលាយ​មួយ ដែល​លេច​ទ្បើង​ដោយ​ក្រុង​តូចៗ ទីប្រជុំជន​ជាច្រើន​នៅ​ផ្តុំគ្នា​។

លោក​បន្ត​ថា អង្គរ​មិនបាន​បាត់​ខ្លួន​ទៅតាម​សម័យ​កាលដែល​កន្លង​ផុត​ទៅ​ទេ គឺ​សំណល់​បុរាណវិទ្យា សំណង់​ស្ថាបត្យកម្ម ស្លាកស្នាម​នៃ​រាជធានី​នៃ​ចក្រភព​ខ្មែរ ដែល​បាន​ស្ថាបនា​ឡើង​រវាង​ដើម​សតវត្ស​ទី​៩​ដល់ទី​១៥ ភាគច្រើន​នៅ​គង់វង្ស​ដល់​សព្វថ្ងៃ​។ ប្រវត្តិសាស្ត្រ​នៃ​អារ្យធម៌​សម័យ​អង្គរ​ពិតជា​បាន​ជះឥទ្ធិពល​ដល់​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​យ៉ាង​ជ្រាលជ្រៅ ទាំង​ក្នុង​ទម្រង់​សង្គម​និង​វប្បធម៌​ជា​បន្តបន្ទាប់ ដោយ​ផ្សារភ្ជាប់​ទៅ​បុព្វបុរស​អង្គរ​របស់ខ្លួន​។ លើស​ពី​នេះ អង្គរ​ជា​និមិត្តរូប​ជាតិ​ដ៏​ធំ​សម្បើម​ក្នុង​សតវត្សរ៍​ទី​២១ ហើយ​រមណីយដ្ឋាន​នេះ​ក៏បាន​ក្លាយជា​គោលដៅ​ទេសចរណ៍វប្បធម៌​ដ៏​ល្បីល្បាញ​ពេញនិយម​បំផុត​មួយ​នៅ​អាស៊ី​និង​នៅលើ​ពិភពលោក​ដោយមាន​ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍​បានមក​ទស្សនា និង​ទទួល​ចំណាត់ថ្នាក់​ខ្ពស់បំផុត​ជា​គោលដៅ​ទេសចរណ៍​របស់​ពិភពលោក​ក្នុង​រយៈពេល​៥​ឆ្នាំ​ជាប់​គ្នា​។



សូម​បញ្ជាក់​ថា នា​ឆ្នាំ​១៩៩១ អតីត​ព្រះមហាក្សត្រ​កម្ពុ​ជា​ព្រះ​នរោត្តម​សីហនុ ព្រះ​បរម​រតន​កោដ្ឋ បាន​អំពាវនាវ​ដល់​អង្គការ​យូណេស្កូ​ដើម្បី​ឲ្យ​ជួយ​ស្រោចស្រង់​អង្គរ​។ ជា​ការ​ឆ្លើយតប​ទៅ​នឹង​សំណើ​នេះ អគ្គនាយក​អង្គការ​យូណេស្កូ​បានចាប់ផ្តើម​ធ្វើ​យុទ្ធនាការ​អន្តរជាតិ​មួយ​ជា​ផ្លូវការ​ដើម្បី "​ស្រោចស្រង់​អង្គរ​"​។

នៅ​ឆ្នាំ​១៩៩២ ប្រាសាទ​អង្គរ​ត្រូវ​បាន​អង្គការ​យូណេស្កូ​បញ្ចូល​ជា​បេតិកភណ្ឌ​ពិភពលោក​។ ការចុះបញ្ជី​នេះ​បាន​នាំមក​នូវ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ដើម្បី​ការពារ​និង​អភិវឌ្ឍន៍​តំបន់​ប្រវត្តិសាស្ត្រ​អង្គរ​។

មកដល់​បច្ចុប្បន្ន កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​នេះ​បាន​និង​អនុវត្ត​នូវ​គម្រោង​ជាច្រើន​ក្នុង​ការ​អភិរក្ស​និង​ការគ្រប់គ្រង​ឧទ្យាន​អង្គរ​អស់​រយៈពេល​២៥​ឆ្នាំ​មក​ហើយ​។ រីឯ​គម្រោង​អភិរក្ស​ថ្មីៗ​ក៏​នៅតែ​បន្ត​ក្រោម​ឆត្រ​អង្គការ​យូណេស្កូ ដែល​នេះ​បាន​ឆ្លុះបញ្ចាំង​ពី​ចំណងមិត្តភាព​ដ៏​យូរអង្វែង​ដែលមាន​តាំងពី​មុន​ប្រវត្តិសាស្ត្រ​រវាង​តំបន់​អង្គរ​និង​តំបន់​អាស៊ី ព្រមទាំង​ពិភពលោក​ទាំងមូល​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu