Ad Code

គណៈកម្មការ​កណ្តាល​ឥស្លាម​ថៃ​ផ្ញើ​លិខិត​អរគុណ សម្តេច​តេ​ជោ​ហ៊ុន សែន ចំពោះ​ការ​អញ្ជើញ​មក​ស្រាយ​បួស



ភ្នំពេញ ៖ គណៈកម្មការ​កណ្តាល​ឥស្លាម​ប្រទេស​ថៃ លោក សូ​រិ​ន ប៉ា​ឡា​រ៉េ ជា​អគ្គលេខាធិការ ក្នុងនាម​គណៈកម្មការ​កណ្តាល​ឥស្លាម​ថៃ និង​ជួសមុខ​ឲ្យ​ខុ​ទ្ទ​ការ​ល័យ​សៃ​ខុល ឥស្លាម ព្រមទាំង​វិទ្យាស្ថាន​ស្តង់ដារ​ហា​ឡា​ល​ប្រទេស​ថៃ ទាំងអស់​សូម​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ជូន ចំពោះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បានផ្តល់​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​អញ្ជើញ​យើងខ្ញុំ ចូលរួម​ក្នុង​ពិធី​ពិសារ​អាហារ​ស្រាយ​បួស​របស់​សាសនិក​ឥស្លាម​កម្ពុជា កាលពី​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ ២០១៨ ដែល​រៀបចំ​ដោយ រាជរដ្ឋាភិបាល​កម្ពុជា។



លិខិត​អគុណ​សម្ដេចនាយក​រដ្ឋមន្ដ្រី​នេះ បាន​ប្រព្រឹត្តិ​ទៅ​កាលពី​ថ្ងៃ​ព្រ​ហ​ស្បតិ៍ ២​រោច​ខែ​ជេស្ឋ ឆ្នាំច​សំរឹទ្ធិស័ក​ ព​.​ស​២៥៦២ ត្រូវ​និង​ថ្ងៃទី​៣១ ឧសភា ឆ្នាំ​២០១៨។

ខ្លឹមសារ​លិខិត​នោះបាន​សរសេរ​ថា ក្នុងនាម​គណៈកម្មការ​កណ្តាល​ឥស្លាម​ប្រទេស​ថៃ យើងខ្ញុំ​ក៏​សូម​អបអរសាទរ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​រៀបចំ​ពិធី​ដ៏​មាន​សារៈសំខាន់​នេះ​ឡើង ហើយ​ជាក់ស្តែង តាម​ការ​កត់សម្គាល់ នេះ​ជា​ពិធី​ពិសារ​អាហារ​ស្រាយ​បួស​ដ៏​ធំធេង​ជាងគេ​បង្អស់ ដែល​រៀបចំឡើង ដោយ​ប្រមុខ​រាជ រដ្ឋាភិបាល​កម្ពុជា បាន​យ៉ាង​ល្អប្រសើរ ដោយ​ប្រទេស​ដែល​មិនមែន​មុ​ស្លិ​ម​មួយ នោះ​កំពុង​យក​គំរូ​តាម​ផងដែរ។



ពួកគេ​ពិតជា​មាន​ក្តី​រំភើប ពេល​ដែល​បាន​លឺ​ប្រសាសន៍​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន បាន​លើកឡើង​ថា បន្ទាប់ពី​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ចូល លោកគ្រូ អ្នកគ្រូ​ខ្មែរឥស្លាម ចំនួន​១៥០០​នាក់​ទៅក្នុង​ក្របខណ្ឌ​មន្ត្រីរាជការ គឺ​ឃើញថា វិស័យ​អប់រំ​របស់​សហគមន៍ ខ្មែរ​អ៊ី​ស្លាម មានការ​រីកចម្រើន យ៉ាង​ខ្លាំង​ហើយ​ជាពិសេស រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដោះស្រាយ​វិបត្តិ​ហិរញ្ញវត្ថុ ដែល​រៃអង្គាស​ពី​សហគមន៍ និង​គ្រួសារ ដើម្បី​ផ្គត់ផ្គង់ ដល់​លោកគ្រូ អ្នកគ្រូ ទាំង អស់នោះ ឥឡូវ បាន​ធូ​ស្រាល​មួយ​កម្រិត​ធំ ផ្នែក​ហិរញ្ញវត្ថុ​នេះ។ បងប្អូន​បាន​កត់សម្គាល់​ឃើញថា សិស្ស​និស្សិត​ខ្មែរ​អ៊ីស្លាម ក៏​ទទួល​បាន​ការអប់រំ​ក្នុង​កម្រិត​ឧ​ត្ត​មសិ​ក្សា​ជាច្រើន​បន្តបន្ទាប់​។ ក្រុម​តំណាង​ក៏​សូម​អំពាវនាវ​ដល់​ពួកគាត់ ឲ្យ​មាន​ការ​ខិតខំ​ប្រឹង​ប្រែង​សិក្សា​មិនមែន​តែ​ចំណេះដឹង​ផ្នែក​សាសនា​ប៉ុណ្ណោះ​ទេ គឺ​ត្រូវ​ដើរ​ទន្ទឹម​នឹង​បច្ចេកវិទ្យា ជំនាញ ដើម្បី​ស្វែងរក​ការងារ ធ្វើបាន​ល្អប្រសើរ សម្រាប់​លើក​កំពស់​ជីវភាព​រស់នៅរ​បស់​ពួកគេ ផងដែរ។



ជាក់ស្តែង ដោយមាន​ការ​ជ្រោមជ្រែង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច គឺ​សហគមន៍ ខ្មែរ​អ៊ីស្លាម​ក្នុងប្រទេស​របស់​សម្តេច ពិតជា​រីកចម្រើន​ទៅ​មុខជា​បន្តបន្ទាប់ ទទួល​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍ ប្រកបដោយ​ចីរភាព​។ យើងខ្ញុំ​សូម​បួងសួង​ពី​អ​ល់​ឡោះ​ជា​ម្ចាស់ សូម​ប្រសិទ្ធ​ពរជ័យ ជូន​ចំពោះ​រដ្ឋាភិបាល​របស់​ស​ម្តេច និង ប្រជាជន​កម្ពុជា​ទាំងមូល ឲ្យ​ទទួល​បានតែ​សេចក្ដីសុខ​សន្ដិភាព​រីក​ចម្រើន​ជា​រៀងដ៏រាប។ ជាថ្មី​ម្តងទៀត យើង​សូម​ជូនពរ​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា ទាំងមូល នឹង​ត្រូវ​បាន​អង្គការ​សហប្រតិបត្តិការ​ឥស្លាម OIC ទទួលស្គាល់​ជាស​មា​ជិត​សង្កេតការណ៍​នៅក្នុង​ពេល​ឆាប់ៗ​នេះ៕

      



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu