ភ្នំពេញ ៖ គណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ មានជំនាញខណ្ឌ ប៉ុស្តិ៍ កាលពីវេលាម៉ោង ៩និង៣០ នាទីយប់ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨នេះ បានបន្តចុះធ្វើរដ្ឋបាលតាមភូមិសាស្ត្រនៅក្នុងមូលដ្ឋាន ដោយបង្ក្រាបជាក់ស្តែងករណីប្រើប្រាស់គ្រឿងញៀន និងលេងល្បែងស៊ីសងខុសច្បាប់ (ហ្គេមបាញ់ត្រី) បានចំនួន២ គោលដៅ ជាលទ្ធផលកម្លាំងសមត្ថកិច្ច បានធ្វើការឃាត់ជនសង្ស័យចំនួន ០២ នាក់ និងគ្រឿងញៀនមួយចំនួន។
បើតាមអធិការនគរបាលខណ្ឌឫស្សីកែវ លោកវរៈសេនីយ៍ឯក ទៀង ច័ន្ទសារ បានអោយប្រភពនៃព័ត៌មានយើងដឹងថា នៅក្នុងគោលដៅទី១ សមត្ថកិច្ចឃាត់ខ្លួនចំនួន ២ នាក់ ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន នៅចំណុចផ្ទះគ្មានលេខ ក្រុម១ ភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ។ ជនសង្ស័យទី១/ឈ្មោះ ភ្លី មូស្លីមីន ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិសែនជ័យ ឃុំកំពុង ស្រុកក្រចេះ ខេត្តក្រចេះ (ប្រើប្រាស់), ២/ឈ្មោះ ម៉ាត់ ម៉ាន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រដាក ស្នាក់នៅក្រុម១ ភូមិ២ សង្កាត់ច្រាំងចំរេះ១ (ប្រើប្រាស់) សម្ភារៈដកហូតរួមមាន ឧបករណ៍ប្រើប្រាស់សារធាតុញៀនមួយចំនួន និងដាវកែច្នៃចំនួន ០១ ដើម។
ដោយឡែកគោលដៅទី២ នៅចំណុចផ្ទះគ្មានលេខ ផ្លូវលេខ៥ ក្រុម១ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក បានដកហូតវត្ថុតាងរួមមាន ទូរហ្គេមបាញ់ត្រីចំនួន ០១ គ្រឿង ក្រាមពណ៌សរថ្លាចំនួន ១៥ កញ្ចប់តូច និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន តែដោយភូមិសាស្ត្រមិនអំណោយផលជនសង្ស័យបានរត់គេចខ្លួនបាត់។
លោកបន្តថា បច្ចុប្បន្នជនសង្ស័យពីរនាក់ខាងលើ ត្រូវបានបញ្ជូនខ្លួនទៅឃុំជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments