លោក Nikolas Cruz ដែលជាអ្នកបាញ់កាំភ្លើងដ៏ល្បីល្បាញម្នាក់នៅពីក្រោយការសម្លាប់រង្គាលក្នុងសាលារៀនទីក្រុង Parkland កាលពីខែកុម្ភៈ គឺបានថតផែនការរំខានរបស់គាត់ដើម្បីវាយប្រហារនៅអតីតសាលារៀនរបស់គាត់ក្នុងវីដេអូមួយដែលត្រូវបានបញ្ចេញដោយរដ្ឋអាជ្ញារដ្ឋ Florida កាលពីថ្ងៃពុធ។
លោក Cruz បាននិយាយដោយថតជាមួយទូរស័ព្ទដៃរបស់គាត់ថា “វានឹងក្លាយជាព្រឹត្តិការណ៍ដ៏ធំមួយ។ នៅពេលអ្នកឃើញខ្ញុំក្នុងព័ត៌មាន អ្នកនឹងស្គាល់ថា ខ្ញុំជាអ្នកណា”។
បុរសអាយុ១៩ឆ្នាំរូបនេះបាននិយាយថា “ឈ្មោះរបស់ខ្ញុំគឺ Nik ហើយខ្ញុំនឹងក្លាយជាអ្នកបាញ់ប្រហារនៅសាលារៀនបន្ទាប់ក្នុងឆ្នាំ២០១៨”។ គាត់បាននិយាយក្នុងវីដេអូដែលបានថតនៅថ្ងៃទី១៤ខែកុម្ភៈដែលជាថ្ងៃនៃការបាញ់ប្រហារដែលបានសម្លាប់សិស្សនិងបុគ្គលិកសរុបចំនួន១៧នាក់នៅវិទ្យាល័យ Marjory Stoneman Douglas ។
គាត់បាននិយាយបន្ថែមទៀតថា “គោលដៅរបស់ខ្ញុំគឺសម្លាប់មនុស្សយ៉ាងតិច២០នាក់”។
លោក Cruz បានពន្យល់ពីផែនការរបស់គាត់ក្នុងការជិះតាក់ស៊ី Uber ដោយប្រដាប់ជាមួយនឹងកាំភ្លើងពាក់កណ្តាលស្វ័យប្រវត្តិ AR-15 ទៅកាន់សាលាចាស់របស់គាត់។ វីដេអូនេះក៏បានបង្ហាញផងដែរថា ដំបូងគាត់មានគោលបំណងបាញ់សម្លាប់សិស្សនៅទីធ្លាសាលារៀន។
លោក Cruz បាននិយាយថា “ក្មេងៗទាំងអស់នៅក្នុងសាលារៀននឹងរត់ទាំងភ័យខ្លាចហើយលាក់ខ្លួន។ ដោយសារកំហឹងនៃអំណាចរបស់ខ្ញុំ ពួកគេនឹងដឹងថា ខ្ញុំជានរណា”។
ដោយត្រូវបានបណ្តេញចេញពីសាលារៀនដោយសារតែហេតុផលវិន័យ, លោក Cruz ត្រូវបានគេដឹងថាគឺជាអ្នកចូលចិត្តអាវុធហើយត្រូវបានគេរាយការណ៍ថាជាការគំរាមកំហែងមួយដល់មិត្តរួមថ្នាក់របស់គាត់។
លោក Cruz ត្រូវប្រឈមមុខនឹងការកាត់ទោសប្រហារជីវិតប្រសិនបើគាត់ត្រូវបានផ្តន្ទាទោសពីបទឃាតកម្មកម្រិតទី១៕ AFP
Source: Kampuchea Thmey Daily
0 Comments