ភ្នំពេញ៖ ភេសជ្ជៈ Wurkz បានប្រកាសបើកការប្រកួតប្រដាល់លក្ខណៈជាអន្តរជាតិរជ្ជកាលទី១ ដែលមានកីឡាករកម្ពុជា៤រូប និងកីឡាករថៃ៤រូប ដោយប្រកួតក្នុងប្រភេទទម្ងន់ ៦៣.៥ គីឡូក្រាម ព្រឹត្តិការណ៍នេះនឹងចាប់ផ្តើមពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ ដោយប្រកួតរៀងរាល់រសៀលថ្ងៃអាទិត្យ នៅសង្វៀនអាស៊ីអាគ្នេយ៍ អ្នកឈ្នះលេខ១ បាន ៥ ពាន់ដុល្លារ និងអ្នកចាញ់បាន ៣ ពាន់ដុល្លារ។

ក្នុងសន្និសីទកាលពីព្រឹកថ្ងៃទី៣១ ខែឧសភា កន្លងមកនេះ លោក យិន ខេមរា នាយកទីផ្សារ និងទំនាក់ទំនងសាធារណៈនៃទូរទស្សន៍អាស៊ីអាគ្នេយ៍បានលើកឡើងថា នេះមិនមានជាសង្វៀនថ្មីរបស់ទូរទស្សន៍អាស៊ីអាគ្នេយ៍នោះទេ ដោយយើងគ្រាន់តែផ្លាស់ប្តូរពីការឧបត្ថម្ភផ្តាច់មុខរបស់ស្រាបៀរ Barley Black ប៉ុណ្ណោះ ហើយនៅថ្ងៃទី២៤ ខែមិថុនា ខាងមុខនេះ យើងនឹងដំណើរការកម្មវិធីនេះ ដែលនឹងរៀបចំអោយមានការប្រកួតលក្ខណៈអន្តរជាតិរវាងកីឡាករកម្ពុជាល្បីៗ និងកីឡាករបរទេស ដើម្បីស្វែងរកកំពូលជើងឯកអន្តរជាតិ Wurkz តែម្តង។

ចំណែកលោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជា បានមានប្រសាសន៍ថា ការរៀបចំប្រដាល់និមួយៗ គឺដើម្បីផ្សព្វផ្សាយ និងអភិរក្សក្បាច់គុនខ្មែរ មិនមែនធ្វើធម្មតានោះទេ ដូចនេះមន្ត្រីបច្ចេកទេស គ្រូបង្វឹក និងកីឡាករត្រូវពង្រឹងសមត្ថភាពឲ្យបានខ្ពស់ ជៀសអោយផុតពីភាពអសកម្ម។ លោកបន្តថា កីឡាករនិមួយៗត្រូវត្រៀមខ្លួនបៀបអាជីព ប្រឹងឲ្យអស់ពីសមត្ថភាពដើម្បីទទួលបានជោគជ័យ សម្រាប់មុខមាត់ខ្លួនឯងផង ក្លិបផង និងប្រទេសជាតិផងដែរ ហើយកីឡាករកម្ពុជាដែលមានឈ្មោះប្រកួតជាមួយកីឡាករបរទេសទាំង ៤ នាក់នេះ ត្រូវថែរក្សាសុខភាព បើប្រកួតចាញ់ឬឈ្នះគឺឲ្យអស់ពីសមត្ថភាពពិតៗ មិនត្រូវដឹងថាខ្លួនមិនបានទៅវគ្គបន្តហើយប្រកួតលេងៗឡើងយកតែតម្លៃខ្លួននោះទេ។

កីឡាករកម្ពុជាទាំង ៤ រូប ដែលត្រូវប្រកួតដណ្តើមខ្សែក្រវាត់ Wurkz នេះមាន ទី១ កីឡាករ ទេស ជីវ៉ា អ្នកប្រដាល់នៃក្លិបទីបញ្ជាការដ្ឋានកងពលតូចលេខ៧០,ទី២ កីឡាករ វ៉េង សុភ័ក្រ អ្នកប្រដាល់មកពីក្លិបកងពលតូចឆ័ត្រយោង៩១១,ទី៣ កីឡាករ ឌុម កែវដា អ្នកប្រដាល់របស់ក្លិបម្កុដរាជសីហ៍ និងទី៤ កីឡាករ ឡុង សំណាង អ្នកប្រដាល់នៃក្លិបសាលវ័ន្តកីឡា។ ដោយឡែកកីឡាករថៃទាំង ៤ នាក់ ទី១ ឈ្មោះ Loom Leng,ទី២ ឈ្មោះ Pha Yaklek,ទី៣ ឈ្មោះ Pek Thieng និងទី៤ ឈ្មោះ Fa Nemith។

គួរបញ្ជាក់ថា ការប្រកួតខ្សែក្រវាត់ Wurkz នេះ គឺប្រកួតជម្រុះវិលជុំសន្សំពិន្ទុ គឺកីឡាករកម្ពុជា នៅក្នុងពូល A មិនជួបគ្នានោះទេ ហើយកីឡាករថៃនៅក្នុង B ក៏មិនជួបគ្នាដែរ ដោយកីឡាករកម្ពុជាត្រូវជួបជាមួយកីឡាករថៃទាំងអស់រកពិន្ទុ អ្នកណាមានពិន្ទុច្រើនជាងគេតាមពូលនិមួយៗឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់តែម្តង ហើយអ្នកឈ្នះទទួលបានខ្សែក្រវាត់១ ពាន១ និងថវិការ ៥ ពាន់ដុល្លារ ចំណែកអ្នកលេខ២ ទទួលបានពាន១ និងថវិការ ៣ ពាន់ដុល្លារ៕
Source:
Kampuchea Thmey Daily
0 Comments