ភ្នំពេញ ៖ អភិបាលរងរាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា បានធ្វើការណែនាំអោយកម្លាំងសណ្តាប់ធ្នាប់ខណ្ឌទាំងអស់ ត្រូវអនុវត្តការងារអោយបានល្អ ក្នុងការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់អោយបានល្អ ពោលគឺកុំអោយដូចពាក្យចាស់លោកពោលថា «កុំដុតអោយខ្លោចរោចអោយឆៅ»។
លោក មាន ចាន់យ៉ា បានមានប្រសាសន៍លើកឡើងថា ការបង្កើតអោយមានកម្លាំងសន្តិសុខសណ្តាប់ធ្នាប់នៅតាមខណ្ឌទាំង ១២ នេះឡើង គឺដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋាន។ ប៉ុន្តែការងារជាក់ស្តែង គឺបងប្អូនយើងបានបំពេញការងារ ១០០ ជំពូក។ កម្លាំងប្រជាការពារបានចូលរួមសហការយ៉ាងល្អជាមួយកម្លាំងប្រដាប់អាវុធ ក្នុងការអនុវត្តន៍គោលនយោបាយធ្វើអោយភូមិសង្កាត់មានសុវត្ថិភាព។
លោកបានបន្តទៀតថា ក្នុងនាមយើងជាអ្នកធ្វើការងារមនុស្សធម៌ គឺត្រូវតែជួយទាំងអស់ មិនថាជននោះជានរណានោះទេ ពេលពួកគាត់មានបញ្ហាគឺយើងត្រូវជួយពួកគាត់ភ្លាម។ ការងារមនុស្សធម៌ជាការងារបម្រើឲ្យប្រជាជាតិ និងសង្គមយើងតែមួយ។ លោកអភិបាលរងបញ្ជាក់ទៀតថា បងប្អូនកងសន្តិសុខសុទ្ធតែជាអ្នកអនុវត្តន៍គោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព។ សព្វថ្ងៃការងាររៀបចំសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ បងប្អូនកំពុងធ្វើហើយ សុខសន្តិភាពផ្លូវកាយមានហើយ តែបងប្អូនប្រជាពលរដ្ឋយើងត្រូវការសន្តិសុខផ្លូវចិត្តទៀត ព្រោះសន្តិសុខគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច។
លោកស្រី ហួន ចាន់បូរ៉ា នាយិការនាយកដ្ឋានទំនាក់ទំនងកាកបាទក្រហមកម្ពុជាបានថ្លែងថា បើយើងមិនយល់ពីមនុស្សធម៌ទេ គឺយើងមិនអាចជួយដល់ជនរងគ្រោះអោយចំគោលដៅល្អនោះទេ ហើយការបង្កើតអោយមានការបណ្តុះបណ្តាលចំណេះដឹងនេះឡើង ក្នុងគោលបំណងឲ្យកងសន្តិសុខយល់ដឹងស៊ីជម្រៅពីជំនួយមនុស្សធម៌នៅកម្ពុជា៕
Source: Kampuchea Thmey Daily
0 Comments