ភ្នំពេញ៖ ទីតាំង ដែលបងប្អូនប្រជាពលរដ្ឋយកសំរាមបោះចោលជាច្រើនឆ្នាំមកហើយនោះ ត្រូវបានលោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ សម្រេចលុបបំបាត់ចោលឲ្យអស់នាថ្ងៃទី៣១ ខែឧសភា នេះ។

យោងតាមប្រសាសន៍លោក រស់ សុភក្គ័ អភិបាលរងខណ្ឌច្បារអំពៅ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៣១ ខែឧសភា នេះ លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ បានអនុញ្ញាតឲ្យរូបខ្ញុំដឹកនាំកម្លាំងប្រជាការពារសាលាខណ្ឌ និងមន្ត្រីសាលាសង្កាត់ច្បារអំពៅទី២ ចុះមកធ្វើអនាម័យប្រមូលសំរាមចេញពីទីតាំងមាត់ច្រាំងទន្លេបាសាក់ ដែលស្ថិតនៅព្រំប្រទល់ភូមិដើមចាន់ និងភូមិកណ្តាល ក្នុងទឹកដីសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

លោកអភិបាលរងខណ្ឌបានបន្តថា ទីតាំងនេះគឺត្រូវបានប្រជាពលរដ្ឋ ដែលភាគច្រើនជាជនជាតិវៀតណាម បានយកសំរាមមកបោះចោលរាប់ឆ្នាំ និងសឹងក្លាយទៅជាគំនរសំរាមហើយ ពិសេសពេលរដូវវស្សាមានភ្លៀងធ្លាក់ គឺទឹកស្អុយហូរពីគំនរសំរាមចូលទៅក្នុងដងទន្លេ បង្កផលប៉ះពាល់ដល់បរិស្ថានយ៉ាងធ្ងន់ធ្ងរបំផុត និងអាចប៉ះពាល់ដល់សុខភាពអ្នករស់នៅតាមមាត់ច្រាំងទន្លេទៀតផង។ អ្វីដែលធ្វើឲ្យប្រជាពលរដ្ឋជាច្រើនគ្រួសារបានប្រតិកម្មនោះ គឺអ្នកភូមិភាគច្រើនគេនាំគ្នាថែរក្សាបរិស្ថានយ៉ាងល្អ តែបែរជាជនជាតិវៀតណាមួយចំនួនតូចដែលមានលំនៅដ្ឋានក្បែរទីតាំងនេះ នាំគ្នាយកសំរាមទៅបោះចូលទៅក្នុងទន្លេយ៉ាងថោកទាបបំផុត។

ទាក់ទិននឹងការចុះទៅធ្វើអនាម័យនាព្រឹកថ្ងៃទី៣១ នេះ គឺលោកនឹងធ្វើការណែនាំដល់ម្ចាស់ផ្ទះជួលឲ្យមកទៅប្រាប់អ្នកមកជួលផ្ទះស្នាក់នៅ ដែលតែងតែយកសំរាមមកបោះចោលនៅទីតាំងខាងលើនេះ ត្រូវបញ្ឈប់កុំមានបន្ត តែបើអាជ្ញាធរចាប់បាននឹងត្រូវចាប់ឃាត់ខ្លួនផាកពិន័យដើម្បីឲ្យរាងចាល លែងយោគយល់ទៀតហើយ ព្រោះអាជ្ញាធរហត់នឿយក្នុងការណែនាំឡើងសាំទៅហើយ។

ខណៈពេលដែលអាជ្ញាធរចុះទៅធ្វើអនាម័យនៅទីតាំងចុងដីច្រាំងបាក់នេះ ធ្វើឲ្យប្រជាពលរដ្ឋលោកមានការគាំទ្រ និងកោតសរសើរដល់លោកអភិបាលខណ្ឌច្បារអំពៅ ដែលចាត់វិធានការណ៍លុបបំបាត់ដេប៉ូចាក់សំរាមដែលមានជាយូរមកហើយ ឲ្យបាត់ទាំងស្រុងចាប់ពីថ្ងៃនេះតទៅ៕



Source:
Kampuchea Thmey Daily
0 Comments