ក្លិបបឹងកេត ម្ចាស់ជើងឯកពានរង្វាន់លីគកំពូលកម្ពុជា ៣សម័យកាល មានកីឡាករសំខាន់ៗមួយចំនួនចាកចេញហើយមានកីឡាករមួយចំនួនទៀតក៏មានបញ្ហាសុខភាព កាលពីពេលថ្មីៗ ខណៈក្រុមមួយនេះត្រូវការប្រកួតដើម្បីការពារតំណែងជើងឯកលីគកំពូលកម្ពុជារដូវកាលឆ្នាំ២០១៨នេះផងដែរ។
កីឡាករដែលចាកចេញពីក្លិបមាន សុខ សុវណ្ណ ខ្សែការពារដែលរួមរស់ជាមួយក្លិបរយៈពេលជាង៥ឆ្នាំ បានចូលរួមជាមួយក្រុមចំណូលថ្មីវិសាខា ខណៈខ្សែប្រយុទ្ធជើងចាស់ ឃួន ឡាបូរ៉ាវី បានសម្រេចចេញទៅចូលរួមជាមួយក្លិបSurat Thani FC សមាជិកពានរង្វាន់លីគលំដាប់ទី៣របស់ប្រទេសថៃ នៅក្នុងជើងទី២។ ចំណែកអ្នកចាំទីដៃស្អិត ស៊ូ យ៉ាទី កំពុងមានបញ្ហាភ្លាត់សាច់ដុំភ្លៅ ដែលអាចត្រូវសម្រាកព្យាបាល១ខែ ឬ ច្រើនជាងនេះទៅទៀត។
លោក បែ មករា អ្នកចាត់ការទូទៅរបស់ក្រុមបឹងកេតអែហ្វស៊ី បានប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថា លោកកំពុងសម្លឹងរកកីឡាករថ្មីៗបន្ថែម ដើម្បីជំនួសកៅអីដែលទំនេរនេះ។ ប៉ុន្តែនៅមិនទាន់រកបានកីឡាករជំនួននៅឡើយ។ ចំណែករឿងកីឡាករ ចាន់ វឌ្ឍនាកា វិញរូបគេនឹងបន្តដំណើរជាមួយក្លិបបឹងកេត ប្រសិនបើគេមិនចេញទៅបន្តអាជីពនៅក្រៅប្រទេស។ ប៉ុន្តែពេលនេះនៅមិនទាន់មានការពិភាក្សាណាមួយនៅឡើយនោះទេ។
យ៉ាងណាក្តីបឹងកេត ត្រូវការជ័យជម្នះស្ទើរតែគ្រប់ការប្រកួតដើម្បីប្រជែងជាមួយក្រុមកំពូលតារាងណាហ្គាវើល និង ក្រុមមួយចំនួនទៀតដើម្បីឈរកំពូលតារាងរក្សាតំណែងជើងឯកក្នុងលីគកំពូលកម្ពុជា។ ឆ្លងកាត់៧ប្រកួតមកនេះបឹងកេត ឈ្នះបាន៥លើកនិងស្មើ២លើក ឈរលេខ២ក្នុងតារាងរួមដែលមាន១២ក្រុមមាន១៧ពិន្ទុក្នុងដៃ ដោយចាញ់ក្រុមកំពូលតារាងណាហ្គាវើល២ពិន្ទុ។ ប្រកួតបន្ទាប់បឹងកេត ត្រូវប៉ះក្រុមអង្គរថាយហ្គឺរ នៅលើទីលានមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) វេលាម៉ោង៣រសៀលថ្ងៃសៅរ៍ ទី២ ខែមិថុនា ឆ្នាំ២០១៨។
ក្លិបបឹងកេត កាលពីដើមខែឧសភា កន្លងទៅបានសម្រេចផ្លាស់ប្តូរក្បាលម៉ាស៊ីន ក្រោយ លោក ស៊ីវ ថា ដែលជាប្រធានក្លិបចាស់បានសម្រេចដើរចេញកាលពីដើមឆ្នាំកន្លងទៅហើយ ជំនួសវិញដោយលោកស្រី ពុធ ធីតា ដែលមានម្តាយបង្កើតរបស់កុមរា Dome ដែលក្លិបធ្លាប់បញ្ជូនទៅហ្វឹកហាត់នៅក្លិប FC Barcelona កាលពីដើមឆ្នាំ២០១៨ថ្មីៗនេះ។
ក្លិបបឹងកេត ឡើងមកលេងពានរង្វាន់លីគកំពូលកម្ពុជា នៅឆ្នាំ២០១២ ហើយធ្លាប់ឈ្នះជើងឯកចំនួន៣លើកគឺនៅឆ្នាំ២០១២,២០១៦ និង២០១៧ ខណៈនៅឆ្នាំ២០១៣ និង២០១៤ ត្រឹមឈរជើងឯករង។ នៅឆ្នាំ២០១៧ ក្រុមនេះឈ្នះពានរង្វាន់ CNCC Cup 2017 ផងដែរ។ ចំណែកពានរង្វាន់នៅក្រៅស្រុកវិញ ក្រុមដែលមានប្រភពមកពីខេត្តកំពង់ចាម មួយនេះធ្លាប់ចេញទៅប្រកួតវគ្គជម្រុះតាមពូលពានរង្វាន់ AFC President's Cup នៅឆ្នាំ២០១៣ ធ្លាប់ឡើងដល់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Toyota Mekong Club Championship 2015 តែចាញ់ក្រុម Buriram United របស់ថៃ និងប្រកួតក្នុងពានរង្វាន់នៅឆ្នាំ២០១៦ និង២០១៧ ផងដែរ។ នៅឆ្នាំ២០១៧និង២០១៨ ក្រុមនេះមានឈ្មោះចេញទៅលេងពានរង្វាន់លំដាប់ទី២ប្រចាំទ្វីបអាស៊ី AF Cup ផងដែរតែធ្លាក់ត្រឹមវគ្គជម្រុះតាមពូលដូចគ្នា៕
Source: Kampuchea Thmey Daily
0 Comments