Ad Code

វិញ្ញាសា​បាល់ទាត់​​​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​ឆ្នាំ២០១៨ ធ្វើដំណើរ​ដល់​វគ្គពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ​នៅ​ថ្ងៃសុក្រ ទី០១ ខែមិថុនា ឆ្នាំ២០១៨នេះ



វិញ្ញាសា​បាល់ទាត់​បុរស-នារី ស្ថិត​ក្នុង​​ប្រភេទ​កីឡា​មួយក្នុង​ចំណោម​ប្រភេទ​កីឡា​ទាំង​២៧​ប្រភេទ ក្នុង​​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​២ ​ឆ្នាំ២០១៨​ (National Games) ដោយ​ក្នុង​នោះ​ក្រុម​បាល់ទាត់​បុរស មាន​ចំនួន​២៥​ក្រុម ​ចែកចេញជា៨ពូល​ ហើយ​​បាល់ទាត់​នារី មាន​៨ក្រុម​ចែក​ជា​២ពូល ខណៈ​នៅ​​ថ្ងៃសុក្រ ទី​០១ ខែ​មិថុនា នេះ​​ត្រូវ​ប្រកួត​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ​ហើយ។

តាម​គម្រោង​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ​នេះ ​វិញ្ញាសា​ផ្នែក​បុរស​មាន​ក្រុម​ខេត្ត​ត្បូងឃ្មុំ ប៉ះ​ក្រុម​ខេត្ត​ស្វាយរៀង នៅ​ម៉ោង​៨ព្រឹក ហើយ​ម៉ោង​ដំណាល​គ្នា​ក្រុម​ខេត្ត​កំពង់ឆ្នាំង ប៉ះ​ក្រុម​ឧត្តរមានជ័យ លើ​ទីលាន​មជ្ឈមណ្ឌល​​និង​សាលា​បាល់ទាត់​ជាតិ​បាទី។ ចំណែក​វិញ្ញាសា​ផ្នែក​នារី វិញ​ក្រុម​ខេត្ត​បាត់ដំបង ប៉ះ​ស្វាយរៀង នៅម៉ោង​៣និង៣០នាទី​រសៀល និង​ក្រុម​ខេត្ត​កំពង់ស្ពឺ ជួប​សៀមរាប នៅ​ម៉ោង​ដំណាល​គ្នា​លើ​ទីលាន​ដូចគ្នា។
តាម​ការ​កំណត់​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា វិញ្ញាសារ​បាល់ទាត់​បុរស​គឺ​កំណត់​យក​ក្រោម​អាយុ​១៧​ឆ្នាំ (U17) ហើយ​ក្រុម​បាល់ទាត់​នារី​វិញ យក​អាយុ​១៦ឆ្នាំឡើងទៅ។ ក្រុមបាល់ទាត់បុរស មាន​ពូល A មាន ពោធិ៍សាត់ បាត់ដំបង ឧត្ដរមានជ័យ​ សៀមរាប​ ពូល B មាន ព្រៃវែង ព្រះវិហារ កែប ពូល C មាន បន្ទាយមានជ័យ ព្រះសីហនុ ស្ទឹងត្រែង​ ពូល D​ មាន កំពង់ឆ្នាំង កោះកុង ក្រចេះ ពូល E កណ្ដាល ត្បូងឃ្មុំ ក្រសួងការពារជាតិ ពូល F​ ភ្នំពេញ ​កំពត ស្វាយរៀង ពូល G មណ្ឌលគីរី រតនគីរី កំពង់ចាម និង ពូល H ប៉ៃលិន កំពង់ស្ពឺ​ តាកែវ។ ចំណែក​ក្រុមបាល់ទាត់នារី ពូល A មាន កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ ស្វាយរៀង ឯពូល​ B ​មាន បាត់ដំបង បន្ទាយមានជ័យ សៀមរាប កណ្ដាល។



កាល​ពី​ប្រកួត​ព្រឹត្តិការណ៍កីឡាជាតិលើកទី១​ ឆ្នាំ​២០១៦ ក្រុម​មក​ពី​ខេត្តសៀមរាប​ ដណ្ដើម​បាន​មេដាយ​មាស​ផ្នែក​បុរស ហើយ​ក្រុម​មក​ខេត្តប៉ៃលិន​ ដណ្ដើម​បាន​មេដាយ​មាស​ផ្នែកនារី។ តាម​គម្រោង​ព្រឹត្តិការណ៍​កីឡាជាតិលើកទី២ នឹងធ្វើឡើងចាប់ពីថ្ងៃទី២៥ ឧសភា ដល់ថ្ងៃទី០៥ មិថុនា​ ឆ្នាំ​២០១៨ ដោយ​មាន​អត្តពលិក​មក​ពី​២៨ក្រសួង និង រាជធានី-ខេត្ត​ ចូលរួម​ប្រជែង​លើ​២៧​ប្រភេទ​កីឡា។

ព្រឹត្តិការណ៍​កីឡា​ជាតិ ​ឬ​ហៅ​ថា National Games ​រៀប​ចំ​ឡើង​២​ឆ្នាំ​ម្ដង ក្រោមការ​រៀបចំ​ឡើង​ដោយ​ក្រសួងអប់រំយុវជន​និង​កីឡា សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ដើម្បី​ឲ្យ​សហព័ន្ធ​ទាំង​អស់​បាន​ត្រៀម​ខ្លួន​សម្រាប់​ព្រឹត្តិការណ៍​ស៊ីហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។ National Games ​ធ្វើ​ឡើង​ដូច​ទៅ​នឹង​ស៊ីហ្គេម ដោយ​មាន​ការ​បើក​កម្មវិធី ​និង​បិទ​កម្មវិធី ​ហើយ​វា​ជា​ការ​ត្រៀម​ខ្លួន​ល្អ​មួយ​សម្រាប់​កម្ពុជា​ក្នុង​ការ​ទទួល​រៀបចំ​ព្រឹត្តិការណ៍​ធំ​ៗ​នៅ​ពេល​ខាង​មុខ៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu