Ad Code

ចាប់​ខ្លួន​ជន​ជាប់សង្ស័យ​ជួញដូរ​ថ្នាំញៀន​ចំនួន​៣​នាក់​នៅ​តំបន់​ភូមិ​កោះ​តូច សង្កាត់​កោះរ៉ុង



ព្រះសីហនុ ​៖ ​ជនជាប់សង្ស័យ​ចំនួន​៤​នាក់ ត្រូវបាន​សមត្ថកិច្ច​ប៉ូលិស ការិយាល័យ ​បង្ក្រាប​បទល្មើស​គ្រឿងញៀន នៃ​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ​ធ្វើ​ការ​ចាប់​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ​ពាក់ព័ន្ធ​ការប្រើប្រាស់ ​និង​ជួញដូរ​ចែកចាយ​គ្រឿងញៀន។ ហេតុ​ការណ៍​ចាប់​ខ្លួន​នេះ​ បាន​ធ្វើ​ឡើង នៅ​យប់​រំលង​អធ្រាត្រ​ឆ្លង​ចូល​ថ្ងៃទី​៣១ ​ខែ​ឧសភា ​ឆ្នាំ​២០១៨ នៅ​ភូមិ​កោះ​តូច សង្កាត់ កោះរ៉ុង ក្រុងព្រះសីហនុ។

សមត្ថកិច្ច​ប៉ូលិស បាន​ឲ្យ​ដឹងថា ជនជាប់សង្ស័យ​ដែល​ចាប់​ខ្លួន​ខាងលើ​មាន ឈ្មោះ​ទី​១ ឈ្មោះ . ធន់ ឧ​ត្ត​ម ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ។ ទី​២-​ឈ្មោះ អាន ឌី​ណា ភេទ​ប្រុស អាយុ​២២​ឆ្នាំ , និង​ទី​៣-​ឈ្មោះ ឌី សុចិ​ត្រា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ )។ ជនសង្ស័យ​ទាំង​៣​នាក់ បម្រើ​ការងារ​តាម​ហាង​ជនបរទេស នៅ​ភូមិ​កោះ​តូច សង្កាត់​កោះរ៉ុង ក្រុងព្រះសីហនុ។ ​ក្នុង​ការ​ឃាត់​ខ្លួន​នេះ សមត្ថកិច្ច​បាន​​​ដកហូត​​ វត្ថុតាង​ជា ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​(​ហៅ​ម៉ា​ទឹកកក​)​មួយចំនួន និង​ទូរស័ព្ទ​ដៃ​២​គ្រឿង។

ពាក់ព័ន្ធ ជនជាប់សង្ស័យ​ទាំងបី​នាក់​ខាងលើនេះ បើតាម​ប្រជាពលរដ្ឋ រស់នៅ​តំបន់​កោះរ៉ុង បាន ប្រាប់​ឲ្យ​ដឹងថា ជន​បីនាក់​នេះ រួម​ជាមួយ​បក្ខពួក​មួយចំនួនទៀត មិនមែន​ទើបតែ​ធ្វើ​សកម្មភាព​ជួញដូរ​ចែក​ថ្នាំញៀន នៅលើ​កោះរ៉ុង​នោះទេ គឺ​ពួកគេ​រកស៊ី​របរ​បែបនេះ​យូរ​ឆ្នាំ មកហើយ ដោយ​ដើម​ឡើយ​ពួក​វា​នេះ​រកស៊ី​ជាមួយ នឹង​ជនបរទេស ដែលជា​ភ្ញៀវ​ទេសចរ​​ ហើយ​ក្រោយមក​សកម្មភាព​នៃ​ការចែកចាយ​នេះ បាន​បញ្ជ្រាប​ដល់ កូនចៅ​អ្នកស្រុក អ្នកភូមិ​តំបន់​កោះរ៉ុង​យ៉ាង​អនាធិបតេយ្យ ជាពិសេស កម្មករ ទូក នេសាទ។

ជាមួយនឹង​ការ​ចាប់​ខ្លួន​ ជនជាប់សង្ស័យ​ខាង​លើ​នេះ ប្រជាពលរដ្ឋ តំបន់ កោះរ៉ុង បាន​សម្តែង ការ​ត្រេកអរ​យ៉ាង​ខ្លាំង ហើយ​សង្ឃឹមថា ​សមត្ថកិច្ច​ប៉ូលិស ​ក៏​ដូច សមត្ថកិច្ច​ប៉េអឹម ធ្វើ​កិច្ចការ​នេះ បន្ត​ទៀត ចាប់​ជន​ជួញដូរ​ថ្នាំញៀន​ឲ្យ​អស់​ដើម្បី សុវត្ថិភាព​សន្តិសុខ​សង្គមជាតិ ពីព្រោះ នៅ​មាន​បក្ខពួក​របស់​ពួកវា ច្រើន នាក់​ទៀត​ដែល​មិនទាន់​ត្រូវបាន​ចាប់​ខ្លួន។

បច្ចុប្បន្ន ជនជាប់សង្ស័យ ត្រូវបាន សមត្ថកិច្ច កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង ខេត្ត ព្រះសីហនុ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​រួច​ហើយ​កាលពី​រសៀល​ថ្ងៃទី ៣១​ខែឧសភា ឆ្នាំ​២០១៨​​ ៕​

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu