កំពង់ចាម ៖ កម្លាំងសមត្ថកិច្ច នគរបាលក្រុង កំពង់ចាម បានឃាត់ខ្លួនក្មេងទំនើងម្នាក់ក្នុងចំណោមបក្សពួក៣នាក់ បន្ទាប់ពីបានធ្វើសកម្មភាព គប់កញ្ចក់រថយន្តក្រុងដោយសារ ខឹង រថយន្តមិនជៀវផ្លូវអោយ។
ប៉ូលិស បានអោយដឹងថា ករណីបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ នេះ បានកើតទ្បើងនៅ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង២១ និង២០ នាទី នៅចំណុចមុខប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កំពង់ចាម ស្ថិតក្នុងភូមិទី១៥ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
ករណីនេះបង្កឡើងដោយក្មេងស្ទាវ ១ក្រុម មានគ្នា៣នាក់ ជិះម៉ូតូ ២គ្រឿង ម៉ាកវ៉េវ ពណ៌ខ្មៅ និង ១គ្រឿងទៀតម៉ាកវ៉េវពណ៌ខៀវ បានធ្វើសកម្មភាពយកដុំថ្មគប់ទៅលើរថយន្តក្រុងមួយគ្រឿងទៀតពាក់ស្លាកលេខ កំពង់ចាម ៣A៦២៩៧ ជាកម្មសិទ្ធិរបស់ឈ្មោះ ហូ ប៉ាច ភេទប្រុស អាយុ ៤៨ឆ្នាំ ជាតិខ្មែរ មុខរបរបើកបរ មានទីលំនៅ ភូមិចុងថ្នល់១ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម បណ្ដាលអោយបែកកញ្ចក់មុខខាងឆ្វេង ខណៈពេលដែលកំពុងធ្វើចរាចរណ៍តាមដងផ្លូវ។
ប៉ូលិសបានអោយដឹងថា ភ្លាមៗនោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ចាម បានដេញតាមធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ១នាក់ឈ្មោះ វ៉ាន់ ដារត្ន័ ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិទួលរកា ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ចំណែកបក្ខពួក២នាក់ទៀតបានរត់គេចខ្លួនបាត់1.ឈ្មោះ តួ អាយុ 23 ឆ្នាំ រស់នៅភូមិទួលរកា ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ 2.ឈ្មោះ ឃ្លី ភេទ ប្រុស អាយុ២៣ឆ្នាំ នៅភូមិថ្មគោល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ប៉ូលិសបានអោយដឹងថា ជនសង្ស័យឈ្មោះវ៉ាន់ដារត្ន័ ត្រូវបាន ឃាត់ខ្លួនបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងកំពង់ចាម ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments