ភ្នំពេញ ៖ ច្បាប់ស្តីពីសញ្ជាតិថ្មីរបស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានរដ្ឋសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា អនុម័តជាស្ថាពរហើយនៅព្រឹកថ្ងៃទី៣១ ខែឧសភានេះ ដោយសំឡេង១១២ លើ១១២សំឡេង នៃអង្គសភាទាំងមូលដែលបានចូលរួម។
បើតាមទោសប្បញ្ញត្តិនៃច្បាប់នេះ ដែលបានលើកឡើងដោយលោក ហ៊ុន ណេង ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា បានបង្ហាញថា ជំពូកទី៨ មាត្រា៣០ នៃច្បាប់នេះ ជនបរទេសណាដែលកាន់កាប់ និងប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន នៃព្រះរាជាណាចក្រកម្ពុជា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៥ ទៅ១០ឆ្នាំ។ មន្ត្រីភ្នាក់ងាររាជការ ឬជនណាគ្មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន នៃព្រះរាជាណាចក្រកម្ពុជា ហើយជនណាម្នាក់ដែលមិនមានសញ្ជាតិខ្មែរត្រូវផ្តន្ទាទោសដូចគ្នានិងកត្តាខណ្ឌទី១ខាងលើ នៃមាត្រានេះ។ មាត្រា ៣១ ជនណា ដែលក្លែងបន្លំអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន នៃព្រះរាជាណាចក្រកម្ពុជាត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៥ ទៅ១០ឆ្នាំ ត្រូវចាត់ទុកជាការក្លែងបន្លំផងដែរនូវអំពើនៃការកោសលុបសរសេរបន្ថែម ឬធ្វើឱ្យខូចខាតការគិត និងព័ត៌មានក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន នៃព្រះរាជាណាចក្រកម្ពុជា។ មាត្រា៣២ ជនណាដែលប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន នៃព្រះរាជាណាចក្រកម្ពុជាក្លែង ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤លានរៀល ទៅ១០លានរៀល។ មាត្រា៣៣ អ្នកផ្តើមគំនិត អ្នកផ្សំគំនិតត្រូវទទួលខុសត្រូវព្រហ្មទណ្ឌចំពោះបទល្មើស ដែលមានចែងក្នុងមាត្រា ៣០ មាត្រា៣១ និងមាត្រា៣២ នៃច្បាប់នេះស្របតាមលក្ខខណ្ឌ ដែលមានចែងក្នុងក្រមព្រហ្មទណ្ឌ។ មាត្រា៣៤ ចំពោះរូបវន្តបុគ្គល ដែលប្រព្រឹត្តបទល្មើស ដូចមានចែងក្នុងមាត្រា៣០ មាត្រា៣១ និងមាត្រា៣២ នៃច្បាប់នេះ តុលាការនឹងប្រកាសទោសបន្ថែមមួយ ឬច្រើន ដូចមានចែងក្នុងមាត្រា៥៤ ប្រព្រឹត្តទោសបន្ថែម នៃក្រមព្រហ្មទណ្ឌ។ មាត្រា៣៥ នីតិបុគ្គលអាចត្រូវប្រកាសថា ត្រូវទទួលខុសត្រូវព្រហ្មទណ្ឌតាមលក្ខខណ្ឌ ដែលមានចែងក្នុងមាត្រា៤២ ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គល និងក្រមព្រហ្មទណ្ឌ។ ចំពោះបទល្មើស ដែលមានចែងក្នុងមាត្រា៣០ មាត្រា៣១ និងមាត្រា៣២ នៃច្បាប់នេះ នីតិបុគ្គលត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ១០លានរៀល ទៅ១០០លានរៀល ព្រមទាំងទោសបន្ថែមមួយ ឬច្រើនដូចមានចែងក្នុងមាត្រា១៦៨ ទោសបន្ថែមអនុវត្តចំពោះនីតិបុគ្គល និងក្រមព្រហ្មទណ្ឌ។
សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស ខេង តាងនាមឲ្យរាជរដ្ឋាភិបាលឡើងការពារសេចក្តីព្រាងច្បាប់នេះ បានបញ្ជាក់ថា ដោយពិនិត្យឃើញថា ការអនុវត្តច្បាប់ស្តីពីសញ្ជាតិ លែងមានលក្ខណៈសមស្របជាមួយស្ថានភាពបច្ចុប្បន្ន នៃការអភិវឌ្ឍផ្នែកសេដ្ឋកិច្ច និងសង្គម នៃព្រះរាជាណាចក្រកម្ពុជា និងដើម្បីធានាឲ្យមានសង្គតិភាពជាមួយនឹងច្បាប់ និងបទប្បញ្ញត្តិថ្មីនានាផង រាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចចុះថ្ងៃទី ១៨ ខែមករា ឆ្នាំ២០១៨ ស្តីពីការបង្កើតក្រុមការងារ ដើម្បីធ្វើការសិក្សាស្រាវជ្រាវ និងរៀបចំធ្វើវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិឆ្នាំ១៩៩៦។ បន្ទាប់ពីការសិក្សាស្រាវជ្រាវលើច្បាប់ស្តីពីសញ្ជាតិឆ្នាំ១៩៩៦ រួមជាមួយនឹងច្បាប់ជាតិ និងអន្តរជាតិនានា ក្រុមការងារនេះបានរកឃើញថា មានបទប្បញ្ញត្តិជាងពាក់កណ្តាល នៃច្បាប់ស្តីពីសញ្ជាតិទាំងមូលចាំបាច់ត្រូវធ្វើវិសោធនកម្ម ដើម្បីធានាឲ្យមានសង្គតិភាពទៅនិងបទប្បញ្ញត្តិចែងក្នុងក្រមរដ្ឋប្បវេណី និងច្បាប់ផ្សេងៗទៀត និងឲ្យសមស្របតាមការវិវត្តផ្នែកនយោបាយ សេដ្ឋកិច្ច សង្គម និងសន្តិសុខជាតិ។ ដោយឈរលើមូលដ្ឋាននេះ រាជរដ្ឋាភិបាលបានសម្តេចឲ្យរៀបចំជាសេចក្តីព្រាងច្បាប់ស្តីពីសញ្ជាតិជាថ្មីឡើងវិញ។ សម្តេចក្រឡាហោមបញ្ជាក់បន្ថែមថា សេចក្តីព្រាងច្បាប់នេះ ត្រូវបានតាក់តែងឡើងដោយឈរលើមូលដ្ឋានបីគឺ ទីមួយរក្សានូវបទប្បញ្ញត្តិទាំងឡាយ នៃច្បាប់ស្តីពីសញ្ជាតិឆ្នាំ១៩៩៦ ដែលមានលក្ខណៈសមស្របក្នុងការអនុវត្ត ទីពីរកែសម្រួល ឬលុបចោលនូវប្បញ្ញត្តិទាំងឡាយណា ដែលលែងមានលក្ខណៈសមស្របក្នុងការអនុវត្ត និងទីបីបន្ថែមបទប្បញ្ញត្តិថ្មីឲ្យសមស្របតាមការអនុវត្តផ្នែកសេដ្ឋកិច្ច និងសង្គមកម្ពុជាបច្ចុប្បន្ន ដើម្បីពង្រឹងការគ្រប់គ្រងកិច្ចការសញ្ជាតិឲ្យកាន់តែមានប្រសិទ្ធភាព សំដៅធានានូវសិទ្ធិរបស់ប្រជាពលរដ្ឋ ការពារសន្តិសុខ និងផលប្រយោជន៍របស់ជាតិ។ សេចក្តីព្រាងច្បាប់នេះត្រូវបានគណៈរដ្ឋមន្ត្រីសម្រេចយល់ព្រមក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ ដើម្បីបញ្ជូនទៅសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិ ដែលរួមមាន ១០ជំពូក និងចែកចេញជា ៣៨មាត្រា៕
Source: Kampuchea Thmey Daily
0 Comments