អ្នកកាសែតប្រឆាំងវិមានក្រឹមឡាំងលោក Arkady Babchenko បានបង្ហាញខ្លួននៅរស់រានមានជីវិតក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងគៀវកាលពីថ្ងៃពុធ ខណៈដែលប្រទេសអ៊ុយក្រែនបានសារភាពថា ខ្លួនបានក្លែងបន្លំការស្លាប់របស់គាត់ដើម្បីលាតត្រដាងអំពីផែនការរបស់ប្រទេសរុស្ស៊ីក្នុងការសម្លាប់គាត់។
អ្នកឈរមើលបានភ្ញាក់ផ្អើលនិងអបអរសាទរនៅពេលលោក Babchenko បានបង្ហាញខ្លួនដោយត្រូវបានណែនាំដោយប្រធានផ្នែកសន្តិសុខរបស់អ៊ុយក្រែនដែលបាននិយាយថា ការសម្លាប់នេះត្រូវបានរៀបចំឡើងដើម្បីបង្អាក់ការប៉ុនប៉ងដោយក្រុងមូស្គូលើជីវិតរបស់គាត់។
តិចជាង២៤ម៉ោងមុននោះ អ៊ុយក្រែនបាននិយាយថា អ្នកយកព័ត៌មានរូបនេះបានស្លាប់ដោយគ្រាប់កាំភ្លើងចំនួន៣គ្រាប់ដែលបាញ់ចំខ្នងរបស់គាត់នៅជណ្តើរផ្ទះរបស់គាត់នៅក្នុងករណីមួយដែលបានបង្កឲ្យមានភាពទួញសោកនិងជម្លោះការទូត។
ប្រមុខសេវាសន្តិសុខលោក Vasyl Grytsak បាននិយាយនៅឯសន្និសីទសារព័ត៌មានថា “ដោយសារប្រតិបត្តិការនេះ យើងអាចបង្អាក់ផែនការដ៏អាក្រក់និងឯកសារអំពីរបៀបដែលសេវាសន្តិសុខរុស្ស៊ីកំពុងរៀបចំផែនការដើម្បីឧក្រិដ្ឋកម្មនេះ”។
លោក Grytsak បានប្រកាសថា អាជ្ញាធរបានចាប់ខ្លួនមេក្លោងនៃផែនការនេះដោយនិយាយថា ជនជាតិអ៊ុយក្រែនម្នាក់ដែលឈ្មោះផ្តើមដោយអក្សរ G គឺបានឲ្យអ្នកវាយប្រហារធ្វើការសម្លាប់ហើយចំណាយប្រាក់ប្រមាណ៤០,០០០ដុល្លារ។
ក្រោយមកប្រធានាធិបតីអ៊ុយក្រែនលោក Petro Poroshenko បានជួបជាមួយលោក Babchenko ហើយបានសរសេរនៅលើ Facebook ថា “មនុស្សរាប់លាននាក់កំពុងអបអរសាទរចំពោះជីវិតថ្មីរបស់អ្នកកាសែតរូបនេះ”។
អំឡុងសន្និសីទសារព័ត៌មានរបស់គាត់ លោក Grytsak បានថ្លែងអំណរគុណដល់លោក Babchenko និងក្រុមគ្រួសាររបស់គាត់ដែលលោកនិយាយថា មានការភ្ញាក់ផ្អើលអំពីប្រតិបត្តិការសម្ងាត់នេះ។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកយកព័ត៌មានបានសុំទោសដល់ប្រពន្ធរបស់គាត់ដែលបានធ្វើឲ្យនាងមានភាពសោកសៅអស់រយៈពេល៣ថ្ងៃប៉ុន្តែគ្មានជម្រើសផ្សេងទៀតទេ" ។
ព័ត៌មានអំពី “មរណភាព” របស់អ្នកឆ្លើយឆ្លងព័ត៌មានសង្គ្រាមនិងអតីតទាហានរុស្ស៊ីដ៏ល្បីល្បាញរូបនេះបានបង្កឲ្យមានជម្លោះជាបន្តបន្ទាប់រវាងក្រុងគៀវនិងមូស្គូហើយរូបភាពនិងផ្កាត្រូវបានដាក់ដោយអ្នកកាន់ទុក្ខនៅស្ថានទូតរុស្ស៊ីក្នុងទីក្រុងគៀវ៕ AFP
Source: Kampuchea Thmey Daily
0 Comments