ភ្នំពេញ ៖ កីឡាករ ប៉ោ ភារិទ្ធ អ្នកប្រដាល់នៃសមាគមកីឡាប្រដាល់ក្រសួងកសិកម្ម ឡើងជួបកីឡាករថៃ ក្វាងងិន ម៉.រ៉ាជផាត់មូបានចមប៊ឹង ខណៈកីឡាករ ធន់ ចាន់តាក់ អ្នកប្រដាល់នៃសមាគមន៍កីឡាប្រដាលក្រសួងការពារជាតិ ជួបប្រកួតជាមួយកីឡាករថៃ ឃុនដេត ប៉.យុទ្ធភូមិ ក្នុងការប្រកួតជម្រុះលើកទី៣ ឆ្ពោះទៅដណ្តើមខ្សែក្រវាត់នៅលើសង្វៀន CNC នាថ្ងៃអាទិត្យ ទី០៣ ខែមិថុនា ឆ្នាំ២០១៨នេះ។
កីឡាករ ប៉ោ ភារិទ្ធ ត្រូវជួបជាមួយកីឡាករថៃឈ្មោះ ក្វាងងិន ម៉.រ៉ាជផាត់មូបានចមប៊ឹង ក្នុងប្រភេទទម្ងន់ ៦៣.៥ គីឡូក្រាម ដើម្បីដណ្តើមយក ៣ ពិន្ទុបន្ថែម។ កីឡាករ ក្វាងងិន ម៉.រ៉ាជផាត់មូបានចមប៊ឹង គេធ្លាប់មកប្រកួតនៅស្រុកខ្មែរជាច្រើនលើកមកហើយ មានឈ្នះចាញ់ជាមួយកីឡាករកម្ពុជា គេមានកម្រិតវិជ្ជាគុនខ្លាំងគួរសមផងដែរ គឺពូកែស្នៀតជើងទាត់ ជង្គង់ និងស្នៀតកាច់ផ្តួលគូប្រកួតឲ្យដួលមួយជំហរ។
ចំណែកកីឡាករ ប៉ោ ភារិទ្ធ ក្នុងអំឡុងកាលរូបគេមិនទាន់ធ្លាក់កូដ គេជាកីឡាករជើងខ្លាំងធ្លាប់ឈ្នះខ្សែក្រវាត់ទាំងក្នុងស្រុក និងក្រៅស្រុក ព្រោះគេមានកណ្ដាប់ដៃល្អ វាយចេញចូលរហ័ស ស្នៀតទាត់ និងជង្គង់ល្អ ហើយមានកាយសម្បទារឹងមាំ ចិត្តប្រដាល់ធំ និងមានកលល្បិចខ្ពស់ក្នុងការប្រកួត។ តែមួយរយៈចុងក្រោយ ត្រូវបានមហាជនរិះគន់ និងដាក់ការសង្ស័យពីការប្រកួតរបស់រូបគេថា មិនអស់ពីសមត្ថភាព គឺឡើងទៅគម្រប់កិច្ចក្នុងឋានៈជាអ្នកចាញ់ តែយ៉ាងណាការប្រកួតជម្រុះនេះគេបាន ៤ ពិន្ទុនៅក្នុងដៃ ហើយដោយយកឈ្នះ១ និងចាញ់១ប្រកួត។ ចាំមើលកីឡាករ ប៉ោ ភារិទ្ធ ឬកីឡាករថៃ ក្វាងងិន ម៉.រ៉ាជផាត់មូបានចមប៊ឹង នរណាជាអ្នកឈ្នះដណ្តើមបាន ៣ ពិន្ទុបន្ថែម?។
ដោយឡែកកីឡាករវ័យក្មេង ធន់ ចាន់តាក់ ត្រូវជួបជាមួយកីឡាករថៃ ឃុនដេត ប៉.យុទ្ធភូមិ ដណ្តើមរក ៣ ពិន្ទុដូចគ្នា ការជួបគ្នារវាងកីឡាករទាំងពីរនាក់នេះមិនមានប្រភពណាអះអាងថា ខាងណាមានប្រៀបជាងខាងណានោះទេ ព្រោះកីឡាករថៃ ឃុនដេត ប៉.យុទ្ធភូមិ ធ្លាប់មកប្រកួតនៅសង្វៀនប្រទេសកម្ពុជាជាច្រើនលើក ដូចនេះការវាយរបស់គេ គឺដឹងពីស្នៀតរបស់កីឡាករកម្ពុជាច្រើន។
ចំណែកកីឡាករ ធន់ ចាន់តាក់ បើទោះជាបច្ចុប្បន្នកំពុងទទួលបានការគាំទ្រយ៉ាងច្រើនកុះករពីអ្នកស្នេហាវិស័យកីឡាប្រដាល់កម្ពុជា ជាមួយនឹងការចេះប្រើក្បាច់គ្រប់ស្នៀត ជាពិសេសរូបគេចូលចិត្តប្រើស្នៀតកណ្តាប់ដៃ និងកែង ដែលអាចវាយចេញជាប្រយោលក៏បាន ចូលកៀកក៏បាន ដើម្បីផ្ដួលគូប្រកួតរបស់ខ្លួន រួមផ្សំជាមួយកម្លាំងស៊ុហ្វដ៍ខ្លាំងរបស់គេផងនោះ ក៏គេនៅមានចំណុចខ្សោយផងដែរ គឺត្រង់វាយចេញហើយមិនសូវការពារ ដូចនេះការប្រកួតរាល់លើកភាគច្រើន គឺបើមិនបែកគេក៏បែកខ្លួនឯងដែរ បើទោះជាឈ្នះឬក៏ចាញ់ក៏ដោយ។
ប្រកួតពីរលើកកន្លងមក ធុន ចាន់តាក់ គេធ្វើមិនបានល្អនោះទេ ដោយចាញ់ទាំងពីរប្រកួត មាន២ពិន្ទុប៉ុណ្ណោះ បើមួយប្រកួតនេះចាញ់ទៀតរូបគេប្រឈមនឹងជ្រុះធ្លាក់ពីវគ្គជម្រុះនេះមិនខាន។ ចាំមើលកីឡាករ ធន់ ចាន់តាក់ និងកីឡាករថៃ ឃុនដេត ប៉.យុទ្ធភូមិ នរណាជាអ្នកឈ្នះ?៕
Source: Kampuchea Thmey Daily
0 Comments