ប្រទេសប៊ែលហ្ស៊ិក កាលពីថ្ងៃពុធ បានធ្វើការអធិដ្ឋានដល់ប៉ូលិសស្រី២នាក់ និងសិស្សសាលាម្នាក់ដែលត្រូវបានបាញ់សម្លាប់នៅក្នុងទីក្រុងភាគខាងកើត Liege ខណៈក្រុមអ្នកស៊ើបអង្កេតកំពុងស៊ើបអំពីប្រវត្តិឧក្រិដ្ឋកម្មរបស់ខ្មាន់កាំភ្លើង។
ក្រុមរដ្ឋអាជ្ញាបានបញ្ជាក់ថា ពួកគេបានចាត់ទុកការបង្ហូរឈាមកាលពីថ្ងៃអង្គារថាជាអំពើភេរវកម្មដោយនិយាយថា អ្នកបាញ់ប្រហារឈ្មោះ Benjamin Herman ក៏ត្រូវបានគេសង្ស័យពីបទឃាតកម្មមួយទៀតនៅយប់មុនការវាយប្រហារកើតឡើងផងដែរ។
ក្រុមរដ្ឋឥស្លាមបានអះអាងថា ទាហានម្នាក់របស់ខ្លួនគឺនៅពីក្រោយការវាយប្រហារនេះ។
នៅទូទាំងប្រទេសប៊ែលហ្ស៊ិក ទង់ជាតិត្រូវបានបង្ហូតពាក់កណ្តាលដងខណៈនាយករដ្ឋមន្ត្រី Charles Michel បានដឹកនាំភាពស្ងៀមស្ងាត់មួយនាទីនៅទីក្រុង Liege ដែលជាកន្លែងមនុស្សប្រមាណ១,០០០នាក់បានប្រមូលផ្តុំដើម្បីគោរពដោយក្នុងនោះមានប៉ូលិសជាច្រើននាក់ផងដែរ។
កីឡាករក្រុមបាល់ទាត់ជម្រើសជាតិប៊ែលហ្ស៊ិកក៏បានបញ្ឈប់វគ្គហ្វឹកហាត់មួយផងដែរមុនការប្រកួត World Cup នៅខែក្រោយដើម្បីធ្វើការស្មឹងស្មាធមួយនាទីសម្រាប់ជនរងគ្រោះ។
ការបង្ហូរឈាមបានចាប់ផ្តើមនៅពេលបុរសអាយុ៣១ឆ្នាំម្នាក់វាយប្រហារលើប៉ូលិសពីរនាក់ដោយកាំបិត។
ក្រោយពីបានចាក់ប៉ូលិសស្រីម្តងហើយម្តងទៀត គាត់បានចាប់អាវុធរបស់ពួកគេហើយបានសម្លាប់ពួកគេនៅក្នុងប្រតិបត្តិការមួយដែលត្រូវបានលើកទឹកចិត្តតាមអ៊ិនធឺណេតដោយពួកជ្រុលនិយមមកពីក្រុមរដ្ឋឥស្លាម។
ជនរងគ្រោះពីរនាក់ត្រូវបានកំណត់អត្តសញ្ញាណថាមានឈ្មោះ Lucile Garcia អាយុ៥៤ឆ្នាំដែលទើបមានចៅនិង Soraya Belkacemi អាយុ៤៤ឆ្នាំដែលមានកូនភ្លោះអាយុ១៣ឆ្នាំ។
បន្ទាប់មកគាត់បានបាញ់សម្លាប់សិស្សអាយុ២២ឆ្នាំម្នាក់ដែលអង្គុយក្នុងឡានចតនៅកណ្តាលទីក្រុងមុនពេលគាត់ចូលសាលារៀនមួយនៅក្បែរនោះដើម្បីចាប់ចំណាប់ខ្មាំងម្នាក់។
ប្រទេសប៊ែលហ្ស៊ិកមានការប្រុងប្រយ័ត្នខ្ពស់ចាប់តាំងពីខែមករាឆ្នាំ២០១៥មកនៅពេលដែលអាជ្ញាធរបានបំបែកសម្បុកភេរវកម្មមួយនៅជិតទីក្រុង Liege ដែលគ្រោងធ្វើការវាយប្រហារលើប៉ូលិស។ ក្រុមនោះមានតំណភ្ជាប់ទៅនឹងលោក Abdelhamid Abaaoud ដែលជាមេក្លោងនៃការវាយប្រហារខែវិច្ឆិកាឆ្នាំ២០១៥នៅទីក្រុងប៉ារីសដែលបានសម្លាប់មនុស្សចំនួន១៣០នាក់និងត្រូវបានអះអាងដោយក្រុម IS ៕ AFP
[caption id="attachment_919755" align="aligncenter" width="960"]
Source: Kampuchea Thmey Daily
0 Comments