រតនគិរី ៖ មន្ត្រីបរិស្ថាន បានចាប់រថយន្តឡង់គ្រីស័រកែច្នៃដឹកឈើបាន ២ គ្រឿង បន្ទាប់ពីសារព័ត៌មានបានរាយការណ៍ទៅសមត្ថកិច្ចបរិស្ថាន ដែលឈើទាំងនោះគឺឈ្មួញដឹកជញ្ជូនចេញពីតំបន់ឧទ្យានជាតិអនុរក្សស្រុកអូរយ៉ាដាវ ខាងបរិស្ថានបានចាប់ក្នុងបទល្មើសដឹកជញ្ជូនឈើជាក់ស្តែងនៅចំណុចផ្លូវបំបែក ស្ថិតនៅក្នុងភូមិសំ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ កាលពីរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨កន្លងទៅ ក្រោយមកក៏បានដោះលែងវិញ។
លោក ជា ពេជ្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានឲ្យសារព័ត៌មានយើងដឹងនៅព្រឹកថ្ងៃទី៣១ ខែឧសភា នេះថា លោកគ្រាន់តែឮមន្ត្រីបរិស្ថានចាប់រថយន្តដឹកឈើបាន ២ គ្រឿង តែមិនទាន់ឃើញរបាយការណ៍ណាមួយបញ្ជូនមកឲ្យទេ ហើយការចាប់និងដោះលែងនោះក៏លោកមិនបានដឹងដែរ។
លោក ជា ពេជ្រ បានបន្តថា ហើយមួយវិញទៀតការដោះលែងរថយន្តដឹកឈើនោះ សារព័ត៌មានបានតេទូរស័ព្ទរាយការណ៍មកថា មានករណីមន្ត្រីបរិស្ថានបានដោះលែងរថយន្តដឹកឈើ ២ គ្រឿងទាំងនោះ ចំណែកខាងមន្ត្រីបរិស្ថានមិនបានរាយការណ៍ថា បានចាប់រថយន្តដឹកឈើ ២ គ្រឿងនៅចំណុចខាងលើនោះដែរ ហើយមិនបានលាយលក្ខណ៍ជាអក្សរនោះទេ។ ករណីនេះលោកមិនទាន់ធ្វើការកោះហៅមន្ត្រីបរិស្ថានទាំងនោះនៅឡើយ ហើយមន្ត្រីនគរបាលយុត្តិធម៌ គឺមានករណីបង្ក្រាបបទល្មើសត្រូវតែរាយការណ៍មក ឬក៏មានការយឺតយ៉ាវក្នុងការរាយការណ៍មក ហើយលោកមិនទាន់ធ្វើអីទេ ក្នុងការកោះហៅមកសួរនាំក្នុងករណីដោះលែងរថយន្តដឹកឈើ ២ គ្រឿងនេះ មិនទាន់អញ្ជើញមកសួរនាំនៅឡើយដែរ។
ជុំវិញករណីចោទប្រកាន់ខាងលើនេះ លោក ផុន ខេមរិន្ទ ប្រធានមន្ទីរបរិស្ថានខេត្ត សារព័ត៌មានយើងមិនអាចសុំការបំភ្លឺបានទេ ដោយទូរស័ព្ទមិនអាចទំនាក់ទំនងបាន៕
Source: Kampuchea Thmey Daily
0 Comments