ភ្នំពេញ៖ បន្ទាប់ពីបញ្ចប់ដោយជោគជ័យនៃការប្រកួតប្រជែងអ្នកនិពន្ធឆ្នើមប្រចាំឆ្នាំ ២០១៧ និងរកឃើញម្ចាស់ជ័យលាភីលេខ១ តាមរយៈស្នាដៃឆ្នើមនោះ ពេលនេះផលិតកម្ម Rock បានប្រកាសត្រៀមថតនូវខ្សែភាពយន្តខ្នាតធំរឿង៣ខែ ដើម្បីចាក់បញ្ចាំងផ្លូវការនៅលើទីផ្សារភាពយន្ត។

ចំពោះភាពយន្តរឿង៣ខែ ដែលត្រូវបានផលិតកម្ម Rock ប្រកាសត្រៀមថតសម្តែងនេះ គឺជាភាពយន្តមួយដែលជាស្នាដៃផលិតរបស់ម្ចាស់ជ័យលាភីលេខ១ គឺលោក ភេទចា។ ម្យ៉ាងទៀតការដែលផលិតកម្ម Rock សម្រេចជ្រើសយកភាពយន្តមួយនេះមកដំណើរការថតនោះ ក៏ព្រោះតែមើលឃើញពីទីផ្សារគាំទ្រច្រើនពីសំណាក់ទស្សនិកជន ក្រោយពេលឈុតខ្លីនៃរឿងនេះត្រូវបានទម្លាយផ្សព្វផ្សាយនៅលើបណ្តាញសង្គមហ្វេសប៊ុក និងយូធូប។

បើតាមការបញ្ជាក់ឲ្យដឹងពីលោក យឹម សុសត្យា ហៅ លី ម៉េង ប្រធានគ្រប់គ្រងកម្មវិធីរបស់ផលិត Rock បានថ្លែងប្រាប់អ្នកសារព័ត៌មាននារសៀលថ្ងៃទី៣០ ខែឧសភា ថា កត្តាសំខាន់ដែលផលិតកម្ម Rock សម្រេចជ្រើសយករឿង៣ខែនេះមកផលិតជាភាពយន្តខ្នាតធំ ដើម្បីដាក់បញ្ចាំងនៅរោងកុននោះ ដោយសារតែរឿងមួយនេះមានសន្ទុះនៃការគាំទ្រច្រើនពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក និងយូធូប។

ប្រធានគ្រប់គ្រងកម្មវិធីរបស់ផលិត Rock លោក យឹម សុសត្យា និយាយទៀតថា ខ្ញុំសង្ឃឹមថា ក្រោយពេលខ្សែភាពយន្តមួយបញ្ចប់ការថត ហើយចាក់បញ្ចាំងនៅរោងកុននឹងអាចទទួលបានការគាំទ្រច្រើនពីសំណាក់ទស្សនិកជន ខណៈដែលកន្លងមកយើងមើលឃើញពីទីផ្សារគាំទ្ររួចមកហើយផងនោះ។ លោក យឹម សុសត្យា បន្ថែមថា អ្វីដែលជាចំណុចដ៏រសើបនៅក្នុងខ្សែរឿងមួយនេះ គឺស្ថិតនៅត្រង់ឈុតឆាកស្នេហា និងអប្បិយជំនឿរន្ធត់ ដែលភាគីខាងប្រុសបានសម្រេចចិត្តសុំគូស្នេហ៍ដើម្បីវះពោះយកកូនក្នុងផ្ទៃមានរយៈពេល៣ខែ មកធ្វើជាកូនក្រកវេទមន្តក្នុងផ្លូវងងឹត។

ដោយឡែកបើតាមការឲ្យដឹងពីម្ចាស់ជ័យលាភី ដែលជាអ្នកនិពន្ធរឿង៣ខែ លោក ភេទចា បានឲ្យដឹងថា ខ្សែភាពយន្តមួយនេះដំបូងឡើយខ្លួនបាននិពន្ធរបៀបជារឿងប្រលោមលោកនៅលើសៀវភៅអំឡុងឆ្នាំ ២០០៩។ ប៉ុន្តែក្រោយមកបន្ទាប់ពីមានការប្រកាសជ្រើសរើសអ្នកនិពន្ធឆ្នើមពីខាងផលិតកម្ម Rock នោះ លោកក៏បានដាក់ពាក្យចូលក្រកួតប្រជែង និងបានជ្រើសយកស្នាដៃនិពន្ធមួយនេះមកផលិតជាខ្សែភាពយន្តភាគខ្លីតែម្តង។

អ្នកនិពន្ធវ័យក្មេងលោក ភេទចា បានបន្ថែមថា រឿងដែលធ្វើឲ្យលោកសប្បាយចិត្តខ្លាំងនោះ គឺមិននឹកស្មានថាស្នាដៃនៃការនិពន្ធរឿងមួយនេះ ធ្វើឲ្យលោកក្លាយជាម្ចាស់ជ័យលាភី និងទទួលបានឱកាសការងារនៅផលិតកម្ម Rock នោះទេ។ មិនតែប៉ុណ្ណោះខ្សែភាពយន្តខ្លី គឺរឿង៣ខែនេះ ក៏ត្រូវបានខាងភាគីផលិតកម្មសម្រេចជ្រើសមកទៅផលិតជាថ្មី ដើម្បីចាក់បញ្ចាំងនៅលើរោងកុនផ្លូវការផងដែរ៕

Source:
Kampuchea Thmey Daily
0 Comments