បាត់ដំបង ៖ បុរសវ័យប្រមាណ ៤០ ឆ្នាំម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្បែរនាគបាញ់ទឹកកណ្តាលក្រុងបាត់ដំបង ដោយមិនទាន់ដឹងអំពីមូលហេតុនៃការស្លាប់របស់បុរសរូបនេះឡើយ ដោយគ្រាន់តែដឹងថា គេជាជនអនាថាដែលរស់នៅតាមបណ្តោយមាត់ច្រាំងស្ទឹងសង្កែតែប៉ុណ្ណោះ។
ការប្រទះឃើញសពមនុស្សស្លាប់នេះ គឺនៅវេលាម៉ោង ៧ ព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ នៅត្រង់ចំណុចសួនច្បារនាគបាញ់ទឹក ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលជនរងគ្រោះម្នាក់នេះត្រូវបានប្រភពជាច្រើននិយាយថា គឺជាជនអនាថា។
បុរសរូបនេះមានអាយុប្រហែលជាង ៤០ ឆ្នាំ (មិនស្គាល់សាវតារ) ដោយសារតែម្តុំនេះមានជនអនាថាជាច្រើនគ្រួសារបានមករស់នៅតាមមាត់ច្រាំងស្ទឹងសង្កែ និងមានមុខរបរដើរសុំទានតាមសួនសាធារណៈ និងតាមកន្លែងលក់ចំណីអាហារនៅពេលយប់ ហើយប្រភពមួយចំនួនក៏បាននិយាយថា បុរសរូបនេះទំនងជាមានជំងឺប្រចាំកាយ ហើយក៏ជាមនុស្សញៀនសុរាផងដែរ។
បច្ចុប្បន្នសាកសពបុរសរូបនេះ ត្រូវបានអាជ្ញាធរមូលដ្ឋានយកទៅបូជានៅវត្តដំរីសហើយ ដោយសារតែគ្មានសាច់សារលោហិត និងញាតិមិត្តឯណាមកទទួលយកនោះទេ៕
Source: Kampuchea Thmey Daily
0 Comments