ភ្នំពេញ ៖ ខ្សែភាពយន្តភាគរឿង បុព្វេសន្និវាស ដែលទទួលបានការគាំទ្រ និងចាប់អារម្មណ៍ច្រើនពីមហាជនពេលនេះ ត្រូវបានស្ថានីយទូរទស្សន៍ PNN បើកសន្និសីទសារព័ត៌មានប្រកាសត្រៀមចាក់បញ្ចាំងជាផ្លូវការ នាអំឡុងខែមិថុនា ឆ្នាំ ២០១៨ ខាងមុខនេះ។

ពិធីនេះ បានធ្វើឡើងកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ ដោយមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយស ដែលជាម្ចាស់ផលិតផល និងសេវាកម្មផ្សេងៗ ក្នុងគោលបំណងចង់ឲ្យពួកគាត់ទទួលបានព័ត៌មានពីការទទួលបានសិទ្ធិក្នុងការចាក់ផ្សាយរឿង បុព្វេសន្និវាស នៅលើស្ថានីយទូរទស្សន៍ PNN និងក្លាយជាដៃគូសហការយ៉ាងល្អជាមួយស្ថានីយទូរទស្សន៍ PNN។

បើតាមការថ្លែងឲ្យដឹងពីអ្នកគ្រប់គ្រងរបស់ស្ថានីយទូរទស្សន៍ PNN បានលើកឡើងថា ចំពោះមូលហេតុដែលនាំឲ្យទូរទស្សន៍ PNN សម្រេចនាំយករឿងនេះមកចាក់ផ្សាយនោះ ដោយសារតែរឿងភាគមួយនេះទទួលបានការគាំទ្រខ្លាំង រហូតបានចំណាត់ថ្នាក់លេខ១ ក្នុងបណ្តាញសង្គម Twitter ហើយក៏ទទួលបានចំនួនអ្នកទស្សនារហូតទៅជាង ១០ លាននាក់។ រឿងភាគថៃដ៏កក្រើកមួយនេះ ក៏ទទួលបានការសាយភាយទៅកាន់តំបន់នៃប្រទេសផ្សេងៗជាច្រើនទៀត ដែលបានចាប់អារម្មណ៍យកទៅចាក់ផ្សាយ។ ដូច្នេះទើប PNN ជឿជាក់ថា នៅពេលដែលរឿង បុព្វេសន្និវាស ចាក់ផ្សាយនៅលើស្ថានីយទូរទស្សន៍ PNN នឹងទទួលបានការអារម្មណ៍ច្រើនដូចគ្នា។

ប្រភពបានបន្តថា ខណៈពេលដែលរឿង បុព្វេសន្និវាស ទទួលបានការគាំទ្រ និងល្បីល្បាញបែបនេះហើយ ទើបប្រធានផ្នែកគ្រប់គ្រងស្ថានីយទូរទស្សន៍ PNN សម្រេចជ្រើសរើសយកយកម៉ោងពិសេសចំនួន ២ ម៉ោង ដើម្បីចាក់ផ្សាយរឿងនេះ។ ចំពោះម៉ោងដែលត្រូវនឹងចាក់ផ្សាយនោះ គឺម៉ោង ៦ និង ០០ នាទី ដល់ម៉ោង ៧ និង ០០ នាទីយប់ និងពីម៉ោង ១០ ដល់ ១១ យប់ផងដែរ។

សូមបញ្ជាក់ថា រឿង បុព្វេសន្និវាស ដែលត្រូវបានប្រកាសត្រៀមចាក់បញ្ចាំងផ្លូវការនោះ គឺនឹងចាប់ផ្តើមពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ខាងមុខនេះ នៅស្ថានីយទូរទស្សន៍ PNN។ ជាមួយគ្នានេះក៏មានការលើកឡើងថា បន្ទាប់ពីរឿងនេះត្រូវបានចាក់បញ្ចាំង នឹងទទួលបានការគាំទ្រច្រើនពីមហាជនផងដែរ៕
Source:
Kampuchea Thmey Daily
0 Comments