ភ្នំពេញ ៖ នៅក្នុងជំនួបសវនាការជាមួយលោក ផាន់យ៉ារ៉ាក់ ភុលថាប់ ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃឡងដ៍ ទើបតែងតាំងថ្មីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៣០ខែឧសភាឆ្នាំ២០១៨នៅទីស្តីការគណៈរដ្ឋមន្ត្រី លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានស្នើដល់ភាគីថៃនាំទំនិញពី កម្ពុជា ឲ្យបានច្រើនដើម្បីតុល្យភាពពាណិជ្ជកម្ម និងជំរុញអ្នកវិនិយោគទុនថៃឲ្យ មកបណ្តាក់ទុនផ្នែកកសិកម្ម , ទេសចរណ៍,ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាឲ្យបានកាន់តែច្រើនទៀត។
គួរបញ្ជាក់ថា ក្នុងឆ្នាំ២០១៧កន្លងទៅនេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា -ថៃ មានចំនួនជាង៦ពាន់លានដុល្លាអាមេរិក ហើយប្រទេសទាំងពីរប្តេជ្ញានិងជំរុញឲ្យមានកំណើនចំនួន១៥ពាន់លានដុល្លាអាមេរិកនៅឆ្នាំ២០២០។
លោកសុខ សុរ័ត្នវឌ្ឍនៈ ជំនួយការឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងក្រោយជំនួបពិភាក្សានោះថា លោកឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍លើកឡើងថា ទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា ថៃ មានការរីកចម្រើនល្អនិងមាន កិច្ចសហប្រតិបត្តិការជាមួយគ្នាកាន់តែច្រើន។
ជាមួយគ្នានោះ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក៏បានអំណរគុណដល់រាជរដ្ឋាភិបាលថៃ ដែលបានតភ្ជាប់ផ្លូវដែកប៉ោយប៉ែត-អារញ្ញប្រទេសថៃ។ ក្នុងនោះ កម្ពុជានិង ថៃ បានបើកច្រកព្រំដែនបន្ថែមរួចហើយ ដើម្បីបង្កើនទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មប្រទេសទាំងពីរនិងទំនាក់ទំនងរវាងប្រជា ជននិងប្រជាជនប្រទេសទាំងពីរសម្រាប់ការផ្លាស់ប្តូរទំនិញគ្នាទៅវិញទៅមក។
លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុងសង្ឃឹមថា គំរោងបើកច្រកស្ទឹងបត់ និងបញ្ចប់នៅពេលឆាប់ៗនេះហើយបានអរគុណដល់ជំនួយរបស់រាជរដ្ឋាភិបាលថៃកសាងស្ពានស្ទឹងបត់ដើម្បីតភ្ជាប់ទំនាក់ទំនងការផ្លាស់ប្តូរពាណិជ្ជកម្មរវាងកម្ពុជា-ថៃ។
នៅក្នុងជំនួបនោះដែរ លោកឯកអគ្គរាជទូតថៃ និង លោកឧបនាយករដ្ឋ មន្ត្រី បានពិភាក្សាគ្នាផងដែរ លើគំរោងបើកច្រក អូរនាងមួយបន្ថែមទៀត ដែលភាគីថៃបានត្រៀមលក្ខណៈរួចហើយក្នុងការចូលរួមបើកច្រកអូរនាង ជាមួយភាគីកម្ពុជា ។ រីឯមជ្ឈមណ្ឌលឧស្សាហកម្មក៏បាននឹងកំពុងកសាងនៅជិតច្រក ព្រំដែនអូរនាង។
លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង បានអរគុណដល់រាជរដ្ឋាភិបាលថៃ ដែលបានជួយសម្រួលចុះបញ្ជីពលករកម្ពុជាឲ្យបានទទួលភាពស្របច្បាប់។ ដោយឡែក កម្ពុជា - ថៃ បានព្រមព្រៀងគ្នាអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសរវាងប្រទេសទាំងពីរស្ថិតនៅតាមបណ្តោយព្រំដែនដូចជាការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសរវាងខេត្តបន្ទាយមានជ័យកម្ពុជា ជាមួយខេត្តស្រះកែវប្រទេសថៃ ,ខេត្តកោះកុង ជាមួយខេត្តត្រាតប្រទេសថៃ។
លោកឯកអគ្គរាជទូតថៃ បានមានប្រសាសន៍កត់សំគាល់ឃើញថា កម្ពុជា មានការអភិវឌ្ឍ យ៉ាងឆាប់រហ័សលើគ្រប់វិស័យនិងការថែរក្សាសន្តិភាពបានយ៉ាងល្អក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា។
លោកឯកអគ្គរាជទូតថៃ បានកោតសរសើរនូវនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការថែរក្សាស្ថេរភាពនយោបាយនិងសន្តិភាពនៅកម្ពុជា។ ទន្ទឹមនឹងនោះ លោកទូតបេ្តជាជំរុញទំនាក់ទំនងប្រទេសទាំងពីរកម្ពុជា ថៃឲ្យកាន់តែជិតស្និទ្ធថែមទៀត៕
Source: Kampuchea Thmey Daily
0 Comments