រតនគីរី ៖ ភ្លៀងធ្លាក់មួយមេធំបង្កអោយមានរន្ទះបាញ់ងាប់គោចំនួន ០៦ ក្បាល ដែលហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ១០ និង ០០ នាទីយប់ ស្ថិតនៅភូមិចារអ៊ុងកេត ឃុំចារអ៊ុង ស្រុកអូរជុំ ខេត្តរតនគីរី។
ហេតុការណ៍រន្ទះបាញ់ងាប់គោ ០៦ ក្បាលនេះ ត្រូវបានលោក នី ណុល អាយុ៤៨ឆ្នាំ ជនជាតិទំពួន ជាម្ចាស់គោបានឲ្យដឹងថា នៅមុនពេលកើតហេតុមានភ្លៀងធ្លាក់មួយមេយ៉ាងធំ និងមានផ្គរលាន់លាយផ្លេកបន្ទោរព្រាកៗ ស្រាប់តែរន្ទះបាញ់លាន់យ៉ាងខ្លាំងនិងផ្សែងហុយងងឹតក្នុងលំនៅឋានរបស់គាត់។ លុះដល់ម៉ោង១១យប់ថ្ងៃដដែល គាត់ជាម្ចាស់គោបានដើរទៅរកមើលគោរបស់គាត់ដែលដេកជុំគ្នាសរុបចំនួន ២២ ក្បាល ចម្ងាយពីផ្ទះ ២០ ម៉ែត្រ។ លោកបន្តថា ក្នុងចំណោមសត្វគោចំនួន ២២ ក្បាលនោះរន្ទះបាញ់ងាប់តែ ៦ ក្បាលទេ ដោយគោងាប់ទាំង ០៦ ក្បាលនោះគាត់លក់បាន ០៤ ក្បាល សរុបលុយបាន ២លាន ៤០ម៉ឺនរៀល ហើយគាត់មានការសោកស្តាយគោរបស់គាត់យ៉ាងខ្លាំង៕
Source: Kampuchea Thmey Daily
0 Comments