Ad Code

ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ ​ករណី​ឆក់​ទ្រព្យសម្បត្តិ​បញ្ជូន​ទៅ​តុលាការ



ភ្នំពេញ ៖ កម្លាំង​ជំនាញ​របស់​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល រាជធានី​ភ្នំពេញ ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន ០៤ នាក់​ជា​បន្តបន្ទាប់ ពីបទ អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស (ឆក់​ទ្រព្យសម្បត្តិ ) កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង រាជធានី​ភ្នំពេញ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់។

សមត្ថកិច្ច​ប្រាប់​ឲ្យ​ដឹង​ថា ក្រោយពី​ធ្វើការ​សាកសួរ ក្រុម​ជនសង្ស័យ​ឆ្លើយ​សារភាព​ថា ពួកគាត់​ធ្លាប់​សកម្មភាព​ឆក់​ទ្រព្យសម្បត្តិ ចំនួន ០២ ករណី ៖ ករណី​ទី​១ អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស ( ឆក់​កាបូបដៃ ពណ៌​ខ្មៅ ) ប្រព្រឹត្ត​នៅ​ចំណុច ផ្លូវ​១០៥ កែង​២៧៤ ភូមិ​១ សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០១៨ វេលា​ម៉ោង ១៧ និង​២០​នាទី។

ជនរងគ្រោះ ឈ្មោះ LIN WEI ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិចិន មុខរបរ​ទេសចរណ៍ កាន់​លិខិតឆ្លងដែន​លេខ ED ០៧៦១១៧៨ ចុះ​ថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០១៨ ស្នាក់នៅ​បន្ទប់​លេខ​៧០៩ សណ្ឋាគារ កា​ដា​លី​ស ផ្ទះ​លេខ ១០៥ ក្រុមទី​១ ភូមិ​១ សង្កាត់​បឹង​ព្រលឹត ខណ្ឌ ៧​មករា រាជធានី​ភ្នំពេញ។ សម្ភារៈ​បាត់បង់ កាបូបដៃ ពណ៌​ខ្មៅ ចំនួន ០១ លិខិតឆ្លងដែន ចំនួន ០១ កាត​ATM ចំនួន ០៣ ប័ណ្ណ​បើកបរ ចំនួន ០១ ប្រាក់​ចិន ចំនួន ៧០០ ប្រាក់​ដុល្លារ ចំនួន ៨០ ដុល្លារ​អាមេរិក និង​ប្រាក់​ផ្សេងៗ​ទៀត មិន​ចាំ មួយចំនួន។

ករណី​ទី​២ អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ឆក់​កាបូបដៃ ពណ៌ ខ្មៅ ) ប្រព្រឹត្ត​នៅ​ចំណុច មុខ​សណ្ឋាគារ អេ​ស៊ា​ផេ​លេស ផ្ទះ​លេខ ២១៩ ផ្លូវ​លេខ ៩៣ ក្រុម ២៦ ភូមិ ៥ សង្កាត់​អូរឫស្សី​៤ ខណ្ឌ៧មករា រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០១៨ វេលា​ម៉ោង​ប្រហែល ២១និង២០នាទី។

ជនរងគ្រោះ​ឈ្មោះ WANG CHUNXIAO ភេទ ប្រុស អាយុ​៤១ ឆ្នាំ ជនជាតិ​ចិន មុខរបរ ទេសចរណ៍ កាន់​លិខិតឆ្លងដែន​លេខ ED ០៧២០១៦១ ចុះ​ថ្ងៃទី ០២ ខែ ឧសភា ឆ្នាំ ២០១៨ ។ ស្នាក់នៅ​សណ្ឋាគារ អេ​ស៊ា​ផេ​លេស ផ្ទះ​លេខ ២១៩ ផ្លូវ​លេខ ៩៣ ក្រុម ២៦ ក្រុម ៥ សង្កាត់​អូរឫស្សី៤ ខណ្ឌ៧​មករា រាជធានី​ភ្នំពេញ។ សម្ភារៈ​បាត់បង់ លិខិតឆ្លងដែន​ជនជាតិ ចិន ចំនួន ០១ ក្បាល អត្តសញ្ញាណប័ណ្ណ​ជនជាតិ​ចិន ចំនួន ០១ សន្លឹក កាត​ធនាគារ ATM ចំនួន ០៣ សន្លឹក កាត​បង្វិល​លុយ​តាម​អ៊ីន​ធឺ​ណែត​លេខ ០២UFB ០១ ចំនួន ០១ សន្លឹក ប្រាក់​ដុលា្លរ ១,៨០០ ដុល្លារ​អាមេរិក។

សមត្ថកិច្ច​ប្រាប់​បន្ត​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង ៤​នាក់ ដែល​ត្រូវ​ឃាត់ខ្លួន ទី​១-​ឈ្មោះ ផង់ វុទ្ធី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ ផ្ទះ​គ្មាន​លេខ ផ្លូវលំ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ទី​២-​ឈ្មោះ អៀម សុខ​ឡាំ​ដា ហៅ អិត ភេទប្រុស អាយុ១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ ផ្ទះជួល ផ្លូវ​លេខ ១៦០ សង្កាត់ផ្សារកណ្តាល​២ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ទី​៣-​ឈ្មោះ ហេង ជួយ​ឡេង ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ​សិស្ស​វិទ្យាល័យ​វត្ត​កោះ ថ្នាក់​ទី ៧A១ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ សង្កាត់​កា​កាប ខណ្ឌពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ និង​៤-​ឈ្មោះ គឹម ឆាយ​ហួត ហៅ ពយ ភេទប្រុស អាយុ១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​បុគ្គលិក​លក់​គ្រឿង​រថយន្ត ស្នាក់នៅ​ផ្ទះជួល ផ្លូវលំ សង្កាត់​ទួល​ស្វាយព្រៃ​១ ខណ្ឌចំការមន។

វត្ថុ​តាង​ជា​មធ្យោបាយ​ធ្វើ​សកម្មភាព ចាប់​យក​បាន ម៉ូតូ ម៉ាក ហុងដា សេ​១២៥ ពណ៌ ខ្មៅ ស៊េរី​ឆ្នាំ២០១៨ ពាក់​ស្លាក​លេខ ភ្នំពេញ ១GY-៩៥៦៤ ម៉ូតូ ម៉ាក ហុងដា សេ ១១០ ពណ៌​ខ្មៅ ពាក់ស្លាក​លេខ ភ្នំពេញ ១BE ១៥៦២ ជា​របស់​ឈ្មោះ ផង់ វុទ្ធី ភេទ ប្រុស អាយុ ២៣ ឆ្នាំ ម៉ូតូ ម៉ាក វីវ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១U-០៥៧៥ ជា​របស់​ឈ្មោះ អៀម សុខ​ឡាំ​ដា ហៅ អិត ភេទប្រុស អាយុ១៧​ឆ្នាំ ជនជាតិខ្មែរ។

ដោយឡែក ភស្តុតាង​ចាប់​យក​ជា​របស់​ជនរងគ្រោះ កាបូបដៃ ពណ៌​ខ្មៅ​ចំនួន ០១ លិខិត​ឆ្លង​ឈ្មោះ LIN WEI លេខ EB០៧៦១១៧៨ កាត ATM ចំនួន ០៣ ប័ណ្ណ​បើកបរ​រថយន្ត​ជនជាតិ​ចិន ប្រភេទ​C1 ចំនួន ០១ និង​ឯកសារ​មួយចំនួន​ទៀត៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu