ភ្នំពេញ ៖ ចោរលួចម៉ូតូម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌទួលគោក ចាប់ខ្លួនប្រគល់មកឲ្យប៉ូលិសខណ្ឌសែនសុខ ចាត់ការតាមច្បាប់ ខណៈកំពុងតែឆែកឆេរអាវុធជាតិផ្ទុះតាមដងផ្លូវចាប់ជនសង្ស័យខាងលើនិងម៉ូតូដែលគេបានសារភាពថា បានលួចពីខណ្ឌសែនសុខមក។
ការឃាត់ខ្លួនជនខាងលើធ្វើឡើងកាលពីល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ នៅម្តុំផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនជាប់ចោទឈ្មោះ សួន កក្តដា ហៅរ័ត្ន ហៅមាឌ ភេទប្រុស អាយុ២០ឆ្នាំ គ្មានមុខរបរច្បាស់លាស់ មានទីលំនៅភូមិសែនសុខ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
តាមការសារភាពរបស់ជនជាប់ចោទខាងលើបានឲ្យដឹងថា នៅមុនពេលកើតហេតុ ខ្លួនបានឃើញម៉ូតូរបស់ជនរងគ្រោះចាក់សោទុកមុខផ្ទះ នៅភូមិសែនសុខ៧ ពេលនោះខ្លួនបានដើរចូលទៅធ្វើសកម្មភាពលួចតែម្តងដោយប្រើដែកកែច្នៃមកមួលកាច់បំបាក់រន្ធសោ កុងតាក់រួចបានបញ្ឆេះជិះចេញមកដល់ម្តុំផ្សារដើមគរក្នុងខណ្ឌទួលគោក បានជួបសមត្ថកិច្ចកំពុងឆែកឆេរអាវុធជាតិផ្ទុះ បានឆែករកឃើញដែកកែច្នៃសម្រាប់ចាក់សោ.ក លួចម៉ូតូក៏ចាប់ខ្លួន ហើយក៏បានសារភាពថា ម៉ូតូនេះខ្លួនបានលួចពីគេនៅភូមិសែនសុខទី៧ សង្កាត់ឃ្មួញ មុននេះបន្តិច។
ក្រោយសួរនាំប៉ូលិសខណ្ឌទួលគោក ក៏បានទំនាក់ទំនងទៅប៉ូលិសខណ្ឌសែនសុខដើម្បីស្រាវជ្រាវរកម្ចាស់ម៉ូតូឲ្យមកទទួលយកវិញ និង ដាក់ពាក្យបណ្តឹងឃាត់ខ្លួនជនជាប់ចោទ។
ម្ចាស់ម៉ូតូឈ្មោះ ផល ប៊ុនធឿន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរយោធា មានទីលំនៅផ្ទះកើតហេតុភូមិសែនសុខ៧ សង្កាត់ឃ្មួញ បានប្រាប់សមត្ថកិច្ចថា មុនពេលបាត់ម៉ូតូគាត់បានយកម៉ូតូគាត់ ម៉ាកហុងដា សេ១២៥ ពាក់ស្លាកលេខ ភ្នំពេញ1AK-0013 មកចតទុកមុខផ្ទះដោយចាក់សោត្រឹមត្រូវ រួចចូលទៅក្នុងផ្ទះ មួយភ្លែតចេញមកវិញស្រាប់តែបាត់ម៉ូតូតែម្តង៕
Source: Kampuchea Thmey Daily
0 Comments