Ad Code

អាជ្ញាធរ​ខេត្ត​ ផ្អាក​គម្រោង​កសាង​ផ្លូវ​១៧០០​ម៉ែត្រ​តាម​មាត់ទន្លេ​ ព្រោះ​ជាន់​លើ​គម្រោង​ADB​ជួយ



កំពង់ឆ្នាំង​ ៖​ គម្រោង​កសាង​ផ្លូវ​តាម​មាត់ទន្លេ​ប្រវែង​១៧០០​ម៉ែត្រ នៅក្នុង​ភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ត្រូវបាន​អាជ្ញាធរ​ខេត្ត​ផ្អាក​ជា​បណ្ដោះអាសន្ន ព្រោះតែ​ការ​ក​សាង​ផ្លូវ​នេះ​ជាន់​ជាមួយ​គម្រោង​របស់​ADB ដែល​ADB បាន​ចុះមក​សិក្សា​រួចហើយ ដើម្បី​ជួយក​សាង​ផ្លូវ​១​ខ្សែ​នេះ នៅ​ចុងឆ្នាំ​២០១៨​នេះ។

លោក យិន សា​វ៉េ​ន អភិបាលក្រុង​កំពង់ឆ្នាំង​បានអោយដឹងថា​ ៖ ផ្លូវ​១​ខ្សែ​ខាងលើនេះ ​ចេញពី​ផ្លូវ​ដាច់​កំពង់ផែ​ចាស់​នៅ​ចុង​កោះ ទៅកាន់​កំពង់ផែ​ថ្មី​នៅ​ចុង​ភូមិ​ចុង​កោះ នៅតាម​មាត់ទន្លេ មាន​ប្រវែង​១៧០០​ម៉ែត្រ ទទឹង​១២​ម៉ែត្រ​ កម្ពស់​ ៤​ម៉ែត្រ ផុតពី​ទឹកទន្លេ ត្រូវ​បាន​អាជ្ញាធរ​ខេត្ត ជួល​ក្រុមហ៊ុន ឈន សារា​ណេ ជា​អ្នក​កសាង ដោយបាន​ដំណើរ​ការកសាង​ចាប់ពី​ពាក់កណ្តាល​ខែមេសា​រហូត​មក តែ​ត្រូវ​បាន​ផ្អាក​ការ​កសាង​វិញ ​កាលពី​​ថ្ងៃទី​១៥ ខែ​ឧសភា​កន្លង​ទៅ​នេះ ដោយសារតែ​គម្រោង​នេះ​ជាន់​លើ​គម្រោង​ ADB បាន​សិក្សា ថា​ជួយ​កសាង។

ទាក់ទង​នឹង​រឿងនេះ លោក ស៊ុន សុវណ្ណ​រិ​ទ្ធ អភិបាលរង​ខេត្ត​កំពង់​ឆ្នាំង បានអោយដឹងថា ​៖ គម្រោង​ផ្លូវ​ខាងលើនេះ​ជា​គម្រោង ADB ដែល​កំពុង​សិក្សា​ជួយ​កសាង​ តែ​មិនទាន់​អនុមតិ​ជា​ផ្លូវ​ការ​ ទើប​កន្លងមក​អាជ្ញាធរ​ខេត្ត​បាន​លើក​គម្រោង​នេះ​កសាង​ជា​បណ្តើរៗ ក្នុង​បំណង​ធ្វើអោយ​ហើយ ដើម្បី​ខេត្ត​ទទួល​ធ្វើបុណ្យ​ទន្លេ​នៅក្នុង​ខែ​មីនា ឆ្នាំ​២០១៩​ខាងមុខនេះ​។ ប៉ុន្តែ​ក្រោយមក​មន្ត្រី ADB បាន​ចុះមក​សិក្សា​ផ្លូវ​នេះ​បន្ត​ក៏បាន​​​សាកសួរ​មក​អាជ្ញាធរ​ខេត្ត​ថា ​៖ បើ​អាជ្ញាធរខេត្ត​កសាង​ផ្លូវ​នេះ ADB នឹង​ដក​គម្រោង​នេះ​វិញ។ ហេតុនេះហើយ​ទើប​អាជ្ញាធរខេត្ត​ផ្អាក​គម្រោង​នេះ ប្រគល់អោយ ADB ជា​អ្នក​កសាង​វិញ ព្រោះថា ADB នឹងមាន​គម្រោង​មួយចំនួនទៀត​ដែល​កំពុងធ្វើការ​សិក្សា​ជួយ​ខេត្តកំពង់ឆ្នាំង។

លោក ស៊ុន សុវណ្ណ​រិ​ទ្ធ បានបញ្ជាក់​អោយដឹងថា ​៖ តាម​គម្រោង​ ADB នឹង​ប្រជុំ​អនុមតិ​គំរោង​កសាង​ផ្លូវ​នេះ នៅក្នុង​ខែតុលា ឆ្នាំ​២០១៨​ខាងមុខនេះ ហើយ​នៅក្នុង​ខែវិច្ឆិកា ឆ្នាំ​២០១៨ ADB នឹង​ដាក់អោយ​ក្រុមហ៊ុន​ដេញថ្លៃ​កសាង​តែម្តង។

ដោយឡែក ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ចំនួន​តូច​ដែល​រស់​នៅតាម​មាត់ទន្លេ ដែល​រង​ការ​ប៉ះពាល់​ក្នុង​ការកសាង​ផ្លូវ​ខាងលើនេះ គឺ ADB សំណូមពរ​អោយ​ពួកគាត់​រស់នៅ​ជា​បណ្ដោះអាសន្ន​សិន នៅពេល ADB អនុមតិ​ថវិកា​រួច ADB នឹង​យកប្រាក់​គោលនយោបាយ​មក​បើក​ជូន​ពួកគាត់ ហើយ​ក្រោយពី​ទទួលបាន​ប្រាក់​គោលនយោបាយ​ហើយ ពួកគាត់​នឹង​រុះរើ​ផ្ទះ​ទៅកាន់​ទីតាំង​ថ្មី​ដែល​អាជ្ញាធរខេត្ត​បាន​ចែក​ដី​អោយ​ពួកគាត់​រួចហើយ នៅ​ជិត​ផ្សារ​កំពង់ឆ្នាំង​ថ្មី ដើម្បី​ទុកអោយ ADB អនុវត្ត​គម្រោង​កសាង​ផ្លូវ​ខាងលើនេះ​ដោយ​ជោគជ័យ៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu