ក្លិបបឹងកេត សមាជិកពានរង្វាន់លីគកំពូលកម្ពុជា Metfone Cambodian League 2018 បានប្រកាសថាក្លិបបានបញ្ជូនកីឡាករម្នាក់ចេញពីយុវជនថ្នាលរបស់ខ្លួន ទៅហ្វឹកហាត់រយៈពេល១សប្ដាហ៍ជាមួយសាលាបាល់ទាត់ក្លិបយក្សនៅប្រទេសអេស្ប៉ាញ FC Barcelona ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី កាលពីពេលថ្មីៗ។
យោងតាមសេចក្តីប្រកាសបន្ថែមរបស់ក្លិបជើងឯក៣សម័យកាលមួយនេះ បានបញ្ជាក់ថា ៖ «យុវជនរបស់សាលាបង្ហាត់បាល់ទាត់បឹងកេត ម្នាក់ទៀតហើយ ប៉ិល សុសីហរាជ ហៅក្រៅថា WILLIAM បានចូលរួមហ្វឹកហាត់នៅសាលាបង្ហាត់បាល់ទាត់របស់ក្លិប Barcelona នៅប្រទេសសិង្ហបុរី រយៈពេលមួយសប្ដាហ៍ដោយជោគជ័យ»។
ប្រភពបានបន្ថែមថា ៖ «ពិសេសជាងនេះទៅទៀត William ត្រូវបានគ្រូបង្ហាត់នៅទីនោះពេញចិត្តសមត្ថភាព របស់គេហើយជ្រើសរើសទៅប្រកួតក្នុងពានរង្វាន់ FCBEscola China Tournament នៅទីក្រុង Qingdao ប្រទេសចិន ណាពេលខាងមុខផងដែរ»។ Willam ហ្វឹកហាត់ជាមួយសាលាបង្ហាត់បាល់ទាត់បឹងកេត រយៈពេល ៣ឆ្នាំមកហើយ ក៏ជាយុវជនម្នាក់ ដែលគ្រូបង្វឹកចាត់ជាយុវជនមានទេពកោសល្យ និងលេងស៊ីសង្វាក់ជាមួយក្រុមផងដែរ។
កាលពីដើមឆ្នាំកន្លងទៅបឹងកេត ធ្លាប់បានបញ្ជូនកុមារាឈ្មោះ Kasidef Vasunan ហៅ Dome ដែលមានឪពុកជាជនជាតិថៃ និងម្តាយជាជនជាតិខ្មែរ ទៅហ្វឹកហាត់រយៈពេល៥ថ្ងៃនៅទឹកដីCamp Nou របស់ក្លិបយក្ស FC Barcelona ក្នុងប្រទេសអេស្ប៉ាញ។ មូលហេតុដែល Dome មានឱកាសទៅហ្វឹកហាត់នៅទឹកដីអឺរ៉ុបមួយនេះក៏ព្រោះតែរូបគេបានធ្វើតេស្តសមត្ថភាពដោយជោគជ័យនៅសាលាបាល់ទាត់របស់ក្លិបអេស្ប៉ាញ មួយនេះនៅប្រទេសសិង្ហបុរី ដែលកីឡាករ William ទៅហ្វឹកហាត់នេះផងដែរ៕
Source: Kampuchea Thmey Daily
0 Comments