នៅថ្ងៃពុធ ប្រមុខយោធាមីយ៉ាន់ម៉ា និងមន្ត្រីជាន់ខ្ពស់ដទៃទៀត ត្រូវបានចោទប្រកាន់ដោយអង្គការលើកលែងទោសអន្តរជាតិពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ដោយសារតែការគ្រប់គ្រងលើការវាយប្រហារជាលក្ខណៈ “ប្រព័ន្ធ” ប្រឆាំងនឹងជនមូស្លីមរ៉ូហ៊ីងយ៉ាដោយបានអំពាវនាវឲ្យមានការកាត់ទោសនៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC)។
ជនមូស្លីមរ៉ូហ៊ីងយ៉ាជាង៧០០,០០០នាក់ត្រូវបានបង្ខំឲ្យចាកចេញពីរដ្ឋរ៉ាក់ឃីនបន្ទាប់ពីការបង្ក្រាបដោយយោធាមួយដែលអង្គការសហប្រជាជាតិនិយាយថា បង្កទៅជា “ការបោសសម្អាតជនជាតិភាគតិច”។
របាយការណ៍ថ្មីមួយពីអង្គការលើកលែងទោសអន្តរជាតិបាននិយាយថា មេបញ្ជាការកងទ័ព Min Aung Hlaing និងយោធានិងមន្ត្រីសន្តិសុខចំនួន១២នាក់ទៀតបានមើលការខុសត្រូវនៃយុទ្ធនាការអំពើហឹង្សាមួយនៅក្នុងរដ្ឋដែលមានចលាចល។
របាយការណ៍នេះបាននិយាយថា “ការបោសសម្អាតជនជាតិភាគតិចរ៉ូហ៊ីងយ៉ាត្រូវបានសម្រេចដោយយុទ្ធនាការឥតឈប់ឈរនិងជាប្រព័ន្ធមួយដែលកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាបានសម្លាប់ជនជាតិរ៉ូហ៊ីងយ៉ារាប់ពាន់នាក់រាប់បញ្ចូលទាំងកុមារតូចៗផង”។អង្គការនេះក៏បានចោទប្រកាន់កងកម្លាំងសន្តិសុខចំពោះអំពើហិង្សាផ្លូវភេទ ការធ្វើទារុណកម្ម ការបង្ខំឲ្យផ្លាស់ទីលំនៅនិងការដុតផ្សារនិងដីស្រែចំការផងដែរដែលធ្វើឲ្យសហគមន៍ត្រូវអត់ឃ្លាននិងបង្ខំឲ្យពួកគេភៀសខ្លួន។
របាយការណ៍នេះបានឲ្យដឹងថា “ឧក្រិដ្ឋកម្មទាំងនេះបានបង្កទៅជាឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិនៅក្រោមច្បាប់អន្តរជាតិ”។ឯកសារ១៨៦ទំព័រមួយនេះគឺជាការប៉ុនប៉ងលើកដំបូងដើម្បីដាក់ឈ្មោះនិងដាក់បញ្ចូលបុគ្គលជាន់ខ្ពស់នៅក្នុងអំពើហិង្សារីករាលដាលមួយនេះដែលបានបង្កឲ្យមានការរត់ចេញដ៏ធំនិងវិបត្តិមនុស្សធម៌នៅពេលក្រោយមក។ជនជាតិរ៉ូហ៊ីងយ៉ារាប់ពាន់នាក់បានតាំងទីលំនៅក្នុងជំរំកខ្វក់នៅប្រទេសបង់ក្លាដែស ខណៈមនុស្សមួយចំនួនមានការភ័យខ្លាចវិលត្រឡប់ទៅវិញបើទោះបីជាមានកិច្ចព្រមព្រៀងធ្វើមាតុភូមិនិវត្តន៍ជាមួយប្រទេសមីយ៉ាន់ម៉ាក៏ដោយ៕ AFP
Source: Kampuchea Thmey Daily
0 Comments