មណ្ឌលគិរី ៖ មានការប្រយុទ្ធគ្នាមួយប្រាវរវាងក្រុមជនសង្ស័យញៀនថ្នាំ និងអ្នកជួញដូរថ្នាំញៀន ជាមួយកម្លាំងនគរបាល នៅក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ក្នុងយុទ្ធនាការបង្ក្រាបបទល្មើសបណ្ដាលឲ្យជនសង្ស័យម្នាក់ រងរបួសជើងម្ខាង និងអធិការស្រុកពេជ្រាដា រងរបួសដៃម្ខាង។
ហេតុការណ៍នេះ បានកើតឡើងនាយប់ថ្ងៃ១៤កើត ខែបឋមាសាឍ ឆ្នាំច ផ្តិលសំរិទ្ធិ ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ វេលាមោង២១និង៣០។
លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរីបានដាក់បទបញ្ជាឲ្យកងកម្លាំងសមត្ថកិច្ចជំនាញគ្រប់ប្រភេទសូមធ្វើការបន្តបោសសម្អាតបទល្មើសថ្នាំញៀន ក៏ដូចជាអ្នកប្រើប្រាស់ អ្នកញៀន ចរាចរឆ្លងកាត់ ជួញដូរឲ្យខាងតែបានដើម្បីឈានទៅរកការលុបបំបាត់ថ្នាំញៀននៅក្នុងតំបន់នៃខេត្តមួយនេះ។
លោកឡោ សុខា ស្នងការខេត្តមណ្ឌលគិរីបានថ្លែងប្រាប់នៅរសៀលថ្ងៃនេះថា យុទ្ធនាការបង្ក្រាបបទល្មើសខាងលើនេះ លោកក៏បានចូលរួមនៃការបង្ក្រាបនេះដែរ តែលោកមានការសោកស្ដាយបំផុត ដែលមានមន្ត្រីនគរបាលជាតិរបស់យើងម្នាក់ជាអធិការស្រុក ពេជ្រាដា ឈ្មោះ តាត់ យ៉េន បានរងរបួសដៃម្ខាង កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយសារជនសង្ស័យបានតដៃ។ ក្នុងនោះ សមត្ថកិច្ចបានសម្រេចចិត្តបាញ់ជនសង្ស័យម្នាក់ឲ្យបាក់ភ្លៅ គ្រាដែលជនសង្ស័យ បានដណ្តើមកាំភ្លើងពីនគរបាលបម្រុងបាញ់រះមកលើកម្លាំងនគរបាល។
លោក ស្នងការខេត្ត ឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ កម្លាំងយើងបានឃាត់ខ្លួនជនសង្ស័យចំនួន៣ នាក់រួមទាំងវត្ថុតាងមួយចំនួន។ ជនសង្ស័យទី១.ឈ្មោះ ជួប សុផស្ស័ ប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិ ពូលូង ឃុំរមនា ក្រុង សែនមនោរម្យ ទីកន្លែងកំណើត ភូមិ ស្ទឹងស្វាយ ដារ ចិត្របុរី ក្រចេះ។ ទី២.ឈ្មោះចេង ចិត្រា ប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ កន្លែងកំណើត ភូមិ ខ្យល់ព្យុះ ឃុំក្រួសក្រហម ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ទីលំនៅបច្ចុប្បន្ន ភូមិពូទិល ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី។ ទី៣.ឈ្មោះជឿន សុភា ស្រី អាយុ២៥ឆ្នាំ ជនជាតិ ព្នង ទីកន្លែងកំណើត ភូមិ ពូទឺត ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ទីលំនៅបច្ចុប្បន្នភូមិពូទិល ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ សម្ភារៈចាប់យកបានរួមមាន៖១.សារធាតុ សង្ស័យថ្នាំញៀនចំនួន២កញ្ចប់ធំល្មម(មិនទាន់ថ្លឹង) ២.ម៉ូតូ៥គ្រឿង ៣.កាំភ្លើងកែច្នៃ ប្រើហ្គាស៍បាញ់គ្រាប់កង់ចំនួន០៥ ដើម។ ៤.ទូរស័ព្ទដៃ៥គ្រឿង៥. រំសេវ៨ដុំ។ ៦.ដាវសាមរ៉ៃ១ ៧.គ្រាប់ប៉ាដាងកង់សម្រាប់បាញ់១អប់ ៨.ថង់តូចៗសម្រាប់ច្រកថ្នាំ៣០កញ្ចប់ ៩.ដែកកេះ៥ ១០.កន្ត្រៃ ០១ និងឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន។
ជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី។ រីឯជនសង្ស័យ ដែលរងរបួស បានបញ្ជូនយកទៅព្យាបាលនៅមន្ទីរពេទ្យខេត្តមណ្ឌលគិរី និងបញ្ជូនបន្តទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជាសូវៀត៕
Source: Kampuchea Thmey Daily
0 Comments