Ad Code

ឥណ្ឌូនេស៊ី​ មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​នៅពេល​ការបោះឆ្នោត​ថ្នាក់​តំបន់​ចាប់ផ្តើម



អ្នកបោះឆ្នោត​ឥណ្ឌូនេស៊ី​រាប់លាន​នាក់ ​បាននាំគ្នា​ទៅ​បោះឆ្នោត ​ក្រោម​សន្តិសុខ​ដ៏​តឹងតែង​នៅក្នុង​ការបោះឆ្នោត​ថ្នាក់​តំបន់​នៅ​ទូទាំងប្រទេស​ប្រជាធិបតេយ្យ​ធំ​បំផុត​លំដាប់​ទី​បី​របស់​ពិភពលោក ​និង​ជា​ប្រទេស​កាន់សាសនា​មូស្លីម​ធំ​បំផុត​មួយ​នេះ។

ការ​បោះឆ្នោត​សម្រាប់​ចៅហ្វាយក្រុង ក្រុមប្រឹក្សា ​និង​អភិបាលខេត្ត​ចំនួន​១៧១​នេះ ​ទំនង​ជា​កំណត់​សំឡេង​សម្រាប់​ការបោះឆ្នោត​សភាជាតិ​ និង​ប្រធានាធិបតី​នៅក្នុង​ឆ្នាំ​២០១៩​ ខណៈ​មេដឹកនាំ​ឥស្លាម​មួយ​ចំនួន ​កំពុង​អំពាវនាវ​ជា​សាធារណៈ​ឲ្យ​មាន​ការ​ទម្លាក់​លោក​ប្រធានាធិបតី Joko Widodo ដែល​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​ស្វែង​រកបាន​អាណត្តិ​ទី​ពីរ។

លោក Widodo​បាន​សន្យា​ការពារ​ប្រពៃណី​ពហុ​និយម​និង​ឥស្លាម​និយម​របស់​ឥណ្ឌូនេស៊ី​។​ប្រទេស​ឥណ្ឌូនេស៊ី​កំពុងមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​បន្ទាប់ពី​ការវាយប្រហារ​អត្តឃាត​ជា​បន្តបន្ទាប់​នៅក្នុង​ទីក្រុង Surabaya បានសម្លាប់​មនុស្ស​ចំនួន​៣០​នាក់​កាលពី​ខែ​មុន​នៅក្នុង​ការវាយប្រហារ​ឥស្លាម​និយម​ដែល​សម្លាប់​មនុស្ស​ច្រើន​បំផុត​ក្នុង​រយៈពេល​ជាង​មួយ​ទសវត្សរ៍​មកនេះ​។​ប៉ូលិស​ជាតិ​និង​យោធា​បានដាក់​ពង្រាយ​បុគ្គលិក​រាប់ពាន់នាក់​ដើម្បី​ធានា​ការបោះឆ្នោត​ខណៈ​អ្នកបោះឆ្នោត​បាន​បោះឆ្នោត​នៅក្នុង​មណ្ឌល​ដែល​បានរៀបចំ​នៅតាម​សាលារៀន សាលាក្រុង​និង​តង់​នៅ​ខាងក្រៅ​។​អ្នកនាំពាក្យ​ប៉ូលិស​ជាតិ​លោក Setyo Wasisto​បាន​និយាយថា “​យើង​កំពុង​ធ្វើ​ប្រតិបត្តិការ​ប៉ូលិស​ជា​ទៀងទាត់​ហើយ​យើង​បានដាក់​ពង្រាយ​បុគ្គលិក​១៧១,០០០​នាក់​រួមជាមួយ​យោធា​”។ ប្រជាជន​ជាង​១៦០​លាន​នាក់​បាន​ចុះឈ្មោះ​បោះឆ្នោត​ហើយ​ជាង​ពាក់​កណ្តាល​នៃ​ពួកគេ​គឺ​ស្ថិតនៅលើ​កោះ​ជ្វា​។​

ការ​ស្ទាបស្ទង់​មតិ​បាន​លើកឡើងថា បេក្ខជន​ខាង​គណបក្ស​គាំទ្រ​លោក​ប្រធានាធិបតី Widodo នឹង​ឈ្នះ​នៅក្នុង​ខេត្ត​សំខាន់ៗ​ដូចជា​ខេត្ត​ជ្វា​ខាងលិច​ជាដើម​ប៉ុន្តែ​ក្រុម​អ្នកសង្កេតការណ៍​នឹង​ពិនិត្យមើល​សញ្ញា​នៃ​ឥទ្ធិពល​ក្រុម​ឥស្លាម​និយម​បន្ទាប់ពី​ការប្រកួតប្រជែង​គ្នា​ដ៏​តឹងតែង​មួយ​សម្រាប់​តំណែង​អភិបាលរដ្ឋ​ធានី​ហ្សា​ការ​តា​កាលពី​ឆ្នាំមុន។

ការ​រាប់​សន្លឹកឆ្នោត​ត្រូវបាន​គេ​រំពឹង​ថា​ នឹង​ចាប់ផ្តើម​ក្នុង​រយៈពេល​ពីរ​បី​ម៉ោង​បន្ទាប់ពី​បិទ​ការបោះឆ្នោត។ គណៈកម្មការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ប្រកាស​លទ្ធផល​ជា​ផ្លូវការ​នៅ​ថ្ងៃទី​៩​ខែកក្កដា៕ REUTERS



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu