Ad Code

ក្រសួង​ប្រៃសណីយ៍ ​ដាក់​កំហិត​ឲ្យ​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត​ទាំង​អស់ ​បញ្ឈប់​ដំណើរការ​ស៊ីម​កាត ​ដែល​គ្មាន​អត្តសញ្ញាណប័ណ្ណ​នៅ​ដើមខែ​កក្កដា​ខាងមុខនេះ



ភ្នំពេញ ​៖​ ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ បាន​ដាក់​កំហិត​ឲ្យ​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត​ក្នុងស្រុក​ទាំងអស់ បញ្ឈប់​ដំណើរការ​ស៊ីម​កាត​ទាំងឡាយណា​ដែល​គ្មាន​អត្តសញ្ញាណប័ណ្ណ​អ្នកប្រើប្រាស់​អោយអស់​ចាប់ពី​ថ្ងៃទី​១​ខែ កក្កដា​ខាងមុខនេះ​តទៅ ដើម្បី​ធានា​ដល់​ការគ្រប់គ្រង​អត្តសញ្ញាណ​បុគ្គល​អ្នក ប្រើប្រាស់ និង​សន្តិសុខ​សង្គម​ជាដើម​។​

ជាមួយគ្នានេះដែរ​ ក្រសួង​ប្រៃសណីយ៍ ​និង​ទូរគមនាគមន៍​ បាន​តម្រូវ​ឲ្យ​ក្រុមហ៊ុនទូរស័ព្ទ​ទាំងអស់​ត្រូវ​លុបចោល​ស៊ីម​កាត ​ដែល​គ្មាន​អត្តសញ្ញាណ​អ្នកប្រើប្រាស់​ឲ្យ​អស់ បើ​ពុំ​ដូច្នោះ​ទេ​នឹង​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​។​

ការពង្រឹង​វិធានការណ៍​បញ្ឈប់​ដំណើរការ​ស៊ីម​កាត់​ដែល​គ្មាន​អត្តសញ្ញាណ​នេះ បន្ទាប់ពី​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត​មួយចំនួន​នៅតែ​បន្ត​ល្មើស​មិន​អនុវត្ត​តាម​សេចក្តី​ប្រកាស​របស់​អន្តរក្រសួង ដូចជា​ការចែក​ស៊ី​ហ្វ្រី​និង​គ្មាន​ការថត​ចម្លង​អត្តសញ្ញាណប័ណ្ណ​ដែល​នាំ​ឲ្យ​មាន បញ្ហា​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​រប​ស់​ប្រជាពលរដ្ឋ និង​ប្រទេសជាតិ​។​

លោក អ៊ឹង វុត្ថា អ្នកនាំពាក្យ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​បាន​ឲ្យ​ដឹងថា ​« ចាប់ពី​ថ្ងៃទី​១ ខែកក្កដា​នេះ​ទៅ​ក្រុមការងារ​ចម្រុះ​ក្រោម​កិច្ចសហការ​រវាង​មន្ត្រី​ជំនាញ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​ក្រសួងមហាផ្ទៃ នឹង​ចុះ​ធ្វើ​អធិការកិច្ច​ដល់​ក្រុមហ៊ុន​ប្រតិបត្តិ​ករទូរស័ព្ទ ចល័ត​ទាំងអស់ ដើម្បី​ស្រាវជ្រាវ​ពី​ការអនុវត្ត​របស់​ក្រុមហ៊ុន​ទាំងនោះ​ថា ​បាន​អនុវត្តតាម​ការ កំណត់​របស់​រាជរដ្ឋាភិបាល​ហើយ​ឬ​នៅ បន្ទាប់ពី​ក្រសួង​បាន​ទុក​ពេលវេលា​ជាង​៦​ឆ្នាំ​មក​ហើយ ហើយ​គ្មាន​ការ​លើក​ពេល​ទៀត​នោះ​ទេ»។

​លោក​បាន​បន្តថា ប្រសិនបើ​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត​ ទាំងអស់នោះ​មិន​អនុវត្តតាម ហើយ​បើ​សមត្ថកិច្ច​ជំនាញ​រកឃើញ​ស៊ីម​កាត​ណាមួយ​ដែល​ប្រព្រឹ​ត្ត​បទល្មើស គ្មាន​កំណត់​អត្តសញ្ញាណ​ច្បាស់លាស់ នោះ ​ក្រុមហ៊ុន​ដែលជា​ម្ចាស់​ស៊ីម នឹង​ទទួលខុសត្រូវ​ចំពោះ​បញ្ហា​នេះ ហើយ​បើជា​បទល្មើស​ធ្ងន់ធ្ងរ​ពាក់ព័ន្ធ​នឹង​សន្តិសុខ​ជាតិ ក្រុមហ៊ុន​នោះ​អាច​ប្រឈម​នឹង​ការបិទ​អាជីវកម្ម​រួមទាំង​ការផាកពិន័យ​ថែម​ទៀតផង​។

លោក​បាន​អះអាង​ទៀត​ថា កន្លងមក ​នេះ​ ការ​ចែកចាយ​ស៊ីម​កាត ​ឬ​លក់​ស៊ី​មកា​ត​ ទៅ​ឲ្យ​អតិថិជន​មិន​បាន​ថតចម្លង​អត្តសញ្ញាណប័ណ្ណ ​បាន​ធ្វើ​ឲ្យ​ជនខិលខូច​មួយចំនួន​មានឱកាស​ប្រព្រឹត្ត​អំពើ​មិន​គប្បី​ជាច្រើន ដូចជា​ការ​គំរាមកំហែង​អ្នក​ដទៃ បោក​ប្រាក់​លុយកាក់​ជាដើម​ ហើយ​បញ្ហា​ទាំងនេះ​បាន​ធ្វើ​ឲ្យ​សមត្ថកិច្ច​ពិបាក​កំណត់​អត្តសញ្ញាណ​នៅពេល​ចុះ​ធ្វើ​អន្តរាគមន៍។

ការ​លុបបំបាត់​ស៊ីម​កាត​ដោយ​គ្មាន​អត្តសញ្ញាណប័ណ្ណ​នេះ ​ត្រូវ​បាន​ស្វាគមន៍​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​និង​អង្គការ​សង្គម​ស៊ីវិល។

លោក​សន ជ័យ នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​សង្គម បាន​គាំទ្រ​ចំពោះ​បញ្ហា​លុបបំបាត់ ស៊ីម​កាត់​គ្មាន​អត្តសញ្ញាណប័ណ្ណ​នេះ ប៉ុន្តែ​លោក​ចង់​អោយ​ក្រសួង​សមត្ថកិច្ច​ជំនាញ​អនុវត្ត​វិធាន​ការ​​នេះ​អោយបាន​ម៉ឺងម៉ាត់​ជាមួយ​ម្ចាស់​ក្រុមហ៊ុន​កុំ​អោយ​ធ្វើ​អ្វី​ស្រេច ​តែ​ចិត្ត​ឬ​មិន​ខ្វល់ខ្វាយ ពី​ការណែនាំ​របស់​ក្រសួង​មាន​សមត្ថកិច្ច។

លោក​បញ្ជាក់ថា ប្រសិនបើ​រាជរដ្ឋាភិបាល​គ្រប់គ្រង អត្តសញ្ញាណ​អ្នកប្រើប្រាស់​ស៊ីម​កាត់​បាន​ត្រឹមត្រូវ​នោះ នឹង​អាចជួយ​កាត់បន្ថយ​ជន​ឆបោក មួយចំនួន​ដែល​កំពុង​ធ្វើ​សកម្មភាព​បោកប្រាស់​នៅក្នុង​សង្គម​ដូចជា​កា​រ​វេរ​លុយ ការទិញ​អីវ៉ាន់ និង​ការ​គំរាមកំហែង​ជាដើម។

គួរ​បញ្ជាក់​ថា ​បច្ចុប្បន្ន​នេះ​ នៅ​កម្ពុ​ជា​មាន​អ្នកប្រើប្រាស់​ស៊ីម​កាត​ទូរស័ព្ទ​ចល័ត​រហូតដល់​ជាង​១៨​លាន​កន្លះ តាមរយៈ​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត​ចំនួន​៧​អង្គភាព ក្នុង​នោះ​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត​ដែល​ប្រជាពលរដ្ឋ​ពេល​និយម​ប្រើប្រាស់​ច្រើនជាងគេ មាន​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត​មិត្ត​ហ្វូ​ន ទូរស័ព្ទ​ចល័ត​មូល​ប៊ី​ធែ​ល និង​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត​ស្មា​ត៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu