ប្រទេសអូស្ត្រាលី ត្រូវបានគេរំពឹងថា នឹងអនុម័តច្បាប់ថ្មីមួយដែលមានគោលបំណងទប់ស្កាត់ការជ្រៀតជ្រែកពីសំណាក់រដ្ឋាភិបាលបរទេស ដែលនេះជាទង្វើមួយអាចជំរុញឲ្យមានភាពតានតឹងបន្ថែមទៀតជាមួយដៃគូពាណិជ្ជកម្មដ៏សំខាន់គឺប្រទេសចិន។
ដោយស្រដៀងទៅនឹងច្បាប់នៅសហរដ្ឋអាមេរិកដែរ, គ្រោងការតម្លាភាពឥទ្ធិពលបរទេសរបស់អូស្ត្រាលី បានទាមទារឲ្យអ្នកបញ្ចុះបញ្ចូលធ្វើការឲ្យបរទេសត្រូវចុះឈ្មោះជាភ្នាក់ងារបរទេសដែលអាចប្រឈមមុខនឹងការកាត់ទោសព្រហ្មទណ្ឌផងដែរប្រសិនបើពួកគេត្រូវបានចាត់ទុកថាកំពុងជ្រៀតជ្រែកកិច្ចការរបស់ទីក្រុងកង់បេរ៉ា។នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Malcolm Turnbull កាលពីឆ្នាំមុនបានសំដៅទៅលើ “របាយការណ៍ដែលគួរឲ្យព្រួយបារម្ភអំពីឥទ្ធិពលរបស់ចិន” ថាជាការសមហេតុសមផលសម្រាប់សេចក្តីព្រាងច្បាប់នេះដែលធ្វើឲ្យទំនាក់ទំនងការទូតនិងពាណិជ្ជកម្មមានភាពតានតឹងជាមួយចិន។
ប្រទេសចិនបានបដិសេធការចោទប្រកាន់ដែលថា ខ្លួនបានជ្រៀតជ្រែកក្នុងកិច្ចការរបស់អូស្ត្រាលីហើយបានបើកការតវ៉ាផ្នែកការទូតដ៏កម្រមួយ។
ច្បាប់ជ្រៀតជ្រែកបរទេសត្រូវបានអនុម័តដោយសភាតំណាងរាស្ត្រអូស្ត្រាលីកាលពីថ្ងៃអង្គារ។
វាត្រូវបានគេរំពឹងថានឹងត្រូវឆ្លងកាត់នៅព្រឹទ្ធសភាដែលនៅទីនោះគណបក្សការងារដែលជាបក្សប្រឆាំងដ៏សំខាន់បាននិយាយថា ខ្លួននឹងគាំទ្រច្បាប់នេះបន្ទាប់ពីមានកំណែជាច្រើនលើកក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។
ច្បាប់មួយទៀតដែលហាមប្រាមការបរិច្ចាគនយោបាយបរទេសគឺមិនទាន់ត្រូវបានណែនាំនៅក្នុងសភាជាន់ទាបនៅឡើយទេ។
លោក Turnbull បានទទួលស្គាល់នៅក្នុងខែមេសាថា ទំនាក់ទំនងជាមួយចិនបានធ្លាក់ចុះដោយសារតែច្បាប់នេះ៕ REUTERS
Source: Kampuchea Thmey Daily
0 Comments