ភ្នំពេញ ៖ ប៉ូលិសនិយាយថា ស្លាកលេខរថយន្តម៉ាកហាយឡែនឌ័រចំនួន២គ្រឿង ត្រូវបានក្រុមចោរលួចដោះយកទៅបាត់ កាលពីយប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ ហើយនៅវេលាម៉ោង៦ព្រឹក ទើបម្ចាស់ដឹង មកប្តឹងប៉ូលិសមូលដ្ឋាន នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ប្រភេទរថយន្ត ដែលចោរលួចដោះស្លាកលេខ យកទៅបាត់នោះ ម៉ាក ហាយឡែនឌ័រ ពណ៌ស្ករពាក់ស្លាកលេខ ភ្នំពេញ 2AO-0778 ជាកម្មសិទ្ឋិរបស់ឈ្មោះអ៊ឹម លីន ជាម្ចាស់ និងរថយន្តមួយគ្រឿងទៀតម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AJ-4258 ជាកម្មសិទ្ធិរបស់ឈ្មោះ ស៊ុំ ផល្លា ជាម្ចាស់ មានទីលំនៅភូមិស្លែងរលើង សង្កាត់ទឹកថ្លា។
បើតាមជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានចតរថយន្តរបស់គាត់ទុកនៅចំណុចមុខផ្ទះ នៅម្តុំមុខស្ថានីយទូរទស្សន៍ អាស៊ីអាគ្នេយ៍ គឺដាក់នៅទីនោះរាល់យប់មិនដែលមានបញ្ហាអ្វីទេ លុះនៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ ស្រាប់តែបាត់ស្លាកលេខរថយន្តទាំង២គ្រឿងតែម្តង គឺចោរវាលួចដោះយកស្លាកលេខទាំងមុខទាំងក្រោយបាត់អស់ ទើបនាំគ្នារត់ទៅប្តឹងនគរបាលមូលដ្ឋាន(ប៉ុស្តិ៍ទឹកថ្លា) ឲ្យជួយអន្តរាគមន៍ និងជាការប្តឹងទប់ស្កាត់ជាមុនផងដែរ ខ្លាចក្រែងជនល្មើសយកទៅបំពាក់រថយន្តផ្សេង ហើយធ្វើសកម្មភាពល្មើសច្បាប់អ្វីមួយ។
ការបាត់ស្លាកលេខរថយន្តមិនមែនកើតមាននៅថ្ងៃនេះទេ គឺកើតមានយូរហើយ ដែលតាមការវាយតម្លៃរបស់សមត្ថកិច្ច គឺក្រុមចោរវាលួចស្លាកលេខរថយន្តរបស់គេយកទៅបំពាក់រថយន្តរបស់វា ដែលទិញគេចពន្ធ ឬរថយន្តកាត់ត និងខ្លះទៀតយកទៅបំពាក់រថយន្តដែលវាបានលួចឬប្លន់ពីគេបាន។ ហេតុនេះហើយ ទើបច្បាប់បានចែងថា ៖ ជនដែលប្រើប្រាស់ស្លាកលេខរថយន្តក្លែងក្លាយមានទោស៕
Source: Kampuchea Thmey Daily
0 Comments