Ad Code

ចាន់ ស៊ី​ណាត សងសឹក​​Birkban ឯ​នូវ ដា​រ៉ូ ជួប Yotpayak នៅ​សង្វៀន​ស្ទឹងមានជ័យ



អ្នក​ប្រដាល់​កម្ពុជា​ចាន់ ស៊ី​ណាត ក្លិប​និរោធ​មានជ័យ​ និង​នូវ ដា​រ៉ូ អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ នា​ល្ងាច​ថ្ងៃទី​១០ ​ខែ​មិថុនា ​ឆ្នាំ​២០១៨​នេះ នៅ​លើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ។

ចាន់ ស៊ី​ណាត ត្រូវ​គេ​ផ្តល់​ឱកាស​អោយ​ជួប​ប្រកួត​សងសឹក​ជាមួយ​អ្នក​ប្រដាល់​ថៃ​Birkban klamuengpetch ក្នុង​ទម្ងន់​៥៧​គីឡូក្រាម។ ពួកគេ​ទាំងពីរ​នេះ ធ្លាប់​ជួបគ្នា​ម្តង​ហើយ​កាលពី​ថ្ងៃទី​០៥​វិច្ឆិកា​២០១៧​កន្លងមក ដោយ​ស៊ី​ណាត​ចាញ់​ពិន្ទុ Birkban។

ស៊ី​ណាត ជា​អ្នក​ប្រដាល់​ដែល​ចាត់ទុកថា ជា​ជើងចាស់ ព្រោះ​គេ​ធ្លាប់​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​បរទេស​៤៤​លើក​ហើយ ហើយក៏​ជា​អ្នក​ប្រដាល់​ដែល​មាន​បទពិសោធន៍​ច្រើន​ដែរ។

ចាន់ ស៊ី​ណាត មាន​ប្រវត្តិ​ប្រកួត​ប្រមាណ​១១៧​លើក ក្នុងនោះ​វាយ​ឈ្នះ​៩៥​លើក ចាញ់ ១៥​លើក និង​ស្មើ​០៧​លើក និង​ធ្លាប់​ផ្តួល​គូប្រកួត​អោយ​សន្លប់​បាន​៣៥​លើក​។ គេ​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ ដោយមាន​ចិត្តធំ កម្លាំង​ខ្លាំង វាយ​មិន​សំចៃ​ដៃ​ឡើយ។ ប៉ុន្តែ​យ៉ាងណា​ការប្រកួត​លើក​នេះ មិនដឹងថា​ស៊ី​ណាត អាច​សងសឹក​Birkban បានសម្រេច​ឬក៏​អត់​នោះទេ​? ។ ស៊ី​ណាត​ប្រកួត​ចុងក្រោយ​នេះ បាន​ផ្តួល​អ្នក​ប្រដាល់​ថៃ​Hanhserklek ដោយ​ពិន្ទុ។

Birkban ជា​អ្នក​ប្រដាល់​ថៃ​ចំណូល​ថ្មី ទើប​មក​ប្រកួត​បាន​ម្តង​ជាមួយ​ចាន់ ស៊ី​ណាត​លើក​មុននេះ​ទេ ។ អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ស្នៀត​ទាត់​និង​កណ្តាប់ដៃ​ល្អ និង​ធ្លាប់​យកឈ្នះ​អ្នក​ប្រដាល់​រួម​ជាតិ​របស់គេ​ច្រើន​នាក់​មកហើយ ហើយ​អ្នក​ដែល​ចាញ់​Birkban​នោះ សុទ្ធតែ​ខ្លាំង​ជាង​ចាន់ ស៊ីណា​តទៅទៀត។ ទោះជា​យ៉ាងណា Birkban​មិន​ប្រាកដ​ថា ​ឈ្នះ​ចាន់ ស៊ី​ណាត ទៀត​នោះឡើយ។

បើតាម​លក្ខណៈ​បច្ចេកទេស​នោះ ស៊ី​ណាត អាច​ឈ្នះ​បាន គឺមាន​តែ​ការ​វាយ​ប្តូរ​កែង​មួយ​មុខ​គត់ ដែល​ប្រថុយ​ដូរ​ជាមួយនឹង​ជ័យជំនះ​។ ចាំមើល រវាង​ចាន់​ស៊ី​ណាត​និង Birkban​តើន​រណា​ជា​អ្នកឈ្នះ​នៅក្នុង​ការជួបគ្នា​លើក​ទី​២​នេះ ?។

ចំពោះ នូវ ដា​រ៉ូ អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ Yotpayak Kor.Adisorn ដោយ​ជួបគ្នា​ក្នុង​ទម្ងន់​៦៣,៥០០​គីឡូក្រាម។ ពួកគេ​ទាំងពីរ​នាក់​នេះ មិន​ធ្លាប់​ជួបគ្នា​ទេ​កន្លងមក ។ ដូច្នេះ​ការជួបគ្នា​លើក​នេះ មិនដឹងថា នរណា​ជា​អ្នកឈ្នះ​នោះឡើយ សម្រាប់​ជំនួប​លើកដំបូង​នេះ។

បើតាម​ពិនិត្យ​កម្រិត​សមត្ថភាព​បច្ចេកទេស​និង​កាយសម្បទា​របស់​ពួកគេ​ទាំងពីរ​នេះ គេ​មិន​រំពឹងថា Yotpayak អាច​វាយ​ឈ្នះ​នូវ ដា​រ៉ូ នោះទេ។ ទោះជា​យ៉ាងនេះ​ក្តី សម្រាប់​ការជួបគ្នា​នេះ មិនទាន់​ប្រាកដថា នូវ ដា​រ៉ូ​ឈ្នះ Yotpayak នោះទេ ព្រោះថា​អ្នក​ប្រដាល់​ថៃ Yotpayak គេ​ក៏​ជា​អ្នក​ប្រដាល់​ដែលមាន​ចិត្តធំ និង​ស៊ូ​ចំពោះ​ការប្រកួត​ដែរ។ នេះ​បើតាម​អ្នក​ផ្គូផ្គង​អោយដឹង​នោះ។

នូវ ដា​រ៉ូ គេ​ជា​អ្នក​ប្រដាល់​ជើង​ថ្មី ដែលមាន​កាយសម្បទា​រឹងមាំ និង​វាយ​ខ្លាំង និង​ធ្លាប់​ផ្តួល​ជើងចាស់​អស់​ច្រើន​នាក់​មកហើយ។ គេ​ទើបតែ​ឡើង​សង្វៀន​បាន​ប្រមាណ​ជាង​៣០​លើក​ប៉ុណ្ណោះ តែ​លទ្ធផល​របស់គេ​ល្អ គឺ​ឈ្នះ​ច្រើនជាង​ចាញ់ ។ គេ​ប្រកួត​ចុងក្រោយ​នេះ វាយ​ឈ្នះ​អ្នក​ប្រដាល់​រួម​ជាតិ ជ័យ ស៊ី​នេ​ត ក្លិប​ឃ្លាំងមឿង​កីឡា​ដោយ​ពិន្ទុ ។ តែ​យ៉ាងណា នូវ ដា​រ៉ូ មិនអាច​មើលស្រាល​ចំពោះ​Yotpayak នោះឡើយ។

ដោយឡែក សុខ វិ​រៈ អ្នក​ប្រដាល់​ក្លិប​សំរោង​កោង​ខេត្តបាត់ដំបង នឹង​ជួប​ប្រកួត​ជាមួយ​មាឃ សុវណ្ណារ៉ា អ្នក​ប្រដាល់​ក្លិប​រាជសីហ៍​ខេត្តរតនគិរី ។ ពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦០​គីឡូក្រាម ។ សុខ វិ​រៈ ប្រហែលជា​ពិបាក​យកឈ្នះ​មាឃ សុវណ្ណារ៉ា ហើយ ព្រោះ​សុវណ្ណារ៉ា ជា​អ្នក​ប្រដាល់​ដែលមាន​ក្បាច់គុន​ល្អ​និង​ខ្លាំង។

ឡៅ ផា​នាថ អ្នក​ប្រដាល់​ក្លិប​មកុដ​រាជសីហ៍ ត្រូវគេ​ផ្គូ​អោយ​ជួប​ប្រកួត​ជាមួយ​ម៉ន វិចិត្រ អ្នក​ប្រដាល់​ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក។ អ្នក​ទាំងពីរ​នាក់​នេះ ជួបគ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម ហើយ​សុខ ពិសិដ្ឋ អ្នក​ប្រដាល់​ក្លិប​អេ​លី​ត​គុន​ខ្មែរ នឹង​ជួប​ប្រកួត​ជាមួយ សល់ សំណាង អ្នក​ប្រដាល់​ក្លិប​ម៉ៃ​ទី​ក្រាំង​យ៉ូ​វ ដោយ​ប្រកួត​ក្នុង​ទម្ងន់​៥៤​គីឡូក្រាម៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu