ភ្នំពេញ ៖ តារាសម្តែងនិងជាប្រធានសមាគមសិល្បករខ្មែរអ្នកនាង ចន ច័ន្ទលក្ខិណា បានបញ្ចេញប្រតិកម្មយ៉ាងចាស់ដៃ លើបុគ្គលមួយចំនួនដែលមានចេតនាចង់បំផ្លាញខ្លួនតាមរយៈការនិយាយលើកសរសើរនៅតែពីមុខ និងនៅពីក្រោយខ្លួន ក្លាយជាបុគ្គលនិយាយបង្ខូចកេរ្តិ៍ឈ្មោះ។
តារាស្រីចាស់វស្សាអ្នកនាង ចន ច័ន្ទលក្ខិណាបានសរសេរបង្ហោះទាំងកំហឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ឈប់ហៅខ្ញុំថា មិត្តភក្តិទៀត ព្រោះនៅក្រោយខ្នងខ្ញុំអ្នកវាយប្រហារខ្ញុំមិនស្ទើរទេ តែ ស្ករស ទឹកដោះគោ លាយទឹកឃ្មុំគឺអ្នកនេះហើយ។ កុំស្មានខ្ញុំមិនដឹង ដឹងតែធ្វើមិនដឹង ពេលជួបខ្ញុំកុំមកធ្វើស្និទ្ធស្នាល ព្រោះខ្ញុំខ្លាចមនុស្សដូចអ្នកណាស់។
ប្រធានសមាគមសិល្បករខ្មែរអ្នកនាង ចន ច័ន្ទលក្ខិណា បានបន្ថែមថា តែកម្មដែលអ្នកសាងអ្នកទទួលបានខ្លះហើយនៅមិនដឹងខ្លួនទៀត។ តាមរយៈនេះមានទស្សនិកជនជាច្រើនបានចោទជាសំណួរថា តើអ្នកនាង ចន ច័ន្ទលក្ខិណា កំពុងមានបញ្ហាជាមួយនរណា? ។ហើយបុគ្គលនោះជាអ្នកស្ថិតនៅក្នុងរង្វង់សិល្បៈជាមួយគ្នាឬយ៉ាងណា។
ទន្ទឹមគ្នានោះដែរ ក៏មានអ្នកសិល្បៈដូចគ្នាគឺលោក ម៉ា ដូណា បាននិយាយថា និយាយឲ្យត្រង់បង មុំ រឿងអញ្ចឹងៗវាញឹកសម្រាប់ខ្ញុំពេកហើយ តែមកពីមនុស្សខ្ញុំចូលចិត្តសើចសប្បាយ។ ចំណែកតារាស្រី សម សុជាតា្តរ៍ ក៏បានលើកឡើងថា មិនខុសពីអូនទេបង ឥឡូវមិត្តប្រភេទនេះអូន សុំដកខ្លួនចេញ មិនក្បែរទេ បានឥឡូវទៅណាមកណាអ្នកសុខចិត្តដើរម្នាក់ឯង វិញ។
សូមបញ្ជាក់ថា នេះពុំមែនជាលើកទី១សម្រាប់តារាសម្តែងនិងជាប្រធានសមាគមសិល្បករខ្មែរអ្នកនាង ចន ច័ន្ទលក្ខិណា នោះទេដែលតែងមានបញ្ហាជម្លោះកើតឡើងជាបន្តបន្ទាប់រហូតផ្ទុះកក្រើកនៅលើបណ្តាញសង្គមហ្វេសប៊ុកនិងមានការចុះផ្សាយនៅតាមបណ្តាសារព័ត៌មាននានាមួយចំនួន។អ្នកនាង ចន ច័ន្ទលក្ខិណា បច្ចុប្បន្នក៏ក្លាយជាបុគ្គលម្នាក់ដែលលេចធ្លោលើការងារសង្គមជួយដល់វីរសិល្បករ-វីរសិល្បការិនីចាស់ជរាបាត់បង់សមត្ថភាពទៀតផង៕
Source: Kampuchea Thmey Daily
0 Comments