ក្រុមបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិ (ប៉ូលីស) បានសម្រេចបន្ថែមសមាជិកថ្មីចំនួន២រូបទៀតគឺក្នុងនោះមានកីឡាករខ្មែរម្នាក់និងបរទេសម្នាក់មកចូលរួមក្នុងក្រុមនៅជើងទី២ នៃពានរង្វាន់លីគកំពូលកម្ពុជា Metfone Cambodian League 2018 ដើម្បីបំពេញបន្ថែមត្រង់ចំណុចខ្វះខាតរបស់ក្រុមនាពេលកន្លងមក។
លោក សារ៉េត ស៊ីដន គ្រូជំនួយក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ បានលើកឡើងថាកីឡាករថ្មីទាំង២នាក់នោះ មានអ្នកចាំទី គឺកីឡាករ សុះ ប្រុសហ៊ីម ដែលជាអតីតសមាជិកក្លិបបៀលប្រាយយូណាយធីត វេស្ទើនភ្នំពេញ និង បានចាកចេញពីស៊ីម៉ាក់យូណាយធីត នៅដំណាច់រដូវកាល២០១៧ កន្លងទៅ។ ចំណែកកីឡាករមួយរូបទៀតគឺខ្សែប្រយុទ្ធកូរ៉េខាងត្បូងមានឈ្មោះថា Kim Dong-yoo ជាអតីតសមាជិកក្លិប Cheongju FC នៃក្របខណ្ឌ K-League 3 ដើម្បីជំនួសកីឡាកររួមជាតិរបស់គេម្នាក់ទៀត គឺ No Shangmin ដែលបានផ្លាស់ទៅលេងក្លិប UiTM នៅលីគទី២ប្រទេសម៉ាឡេស៊ី កាលពីប៉ុន្មានសប្ដាហ៍មុន។
យោងតាមលិខិតផ្លូវការដែលចេញដោយគណៈកម្មការរៀបចំការប្រកួតហៅកាត់ថា CNCC បានបញ្ជាក់ថា ការដោះដូរកីឡាករជើងទី២នេះ អាចធ្វើបានលើកីឡាករកម្ពុជា៣រូប និងកីឡាករបរទេស៣រូប។ គិតត្រឹមពេលនេះពានរង្វាន់លីគកំពូលកម្ពុជា ធ្វើដំណើរដល់សប្តាហ៍ទី១០ ហើយខណៈជុំទី១នៃរដូវកាលនេះនឹងបញ្ចប់នៅថ្ងៃទី២៤ ខែមិថុនា ខាងមុខ។ តាមគម្រោងការប្រកួតជុំទី២នឹងចាប់ផ្ដើមនៅថ្ងៃទី៣០ ខែមិថុនា ហើយកីឡាករថ្មីៗដែលក្លិបនីមួយៗជាសមាជិកទាំង១២ក្រុមបានចុះបញ្ជីលើកទី២នេះនឹងចូលលេងបាន។ ដូច្នេះវត្តមានរបស់កីឡាករទាំង២រូបនេះធ្វើឲ្យលោក នុត សូនី ដែលជាគ្រូបង្វឹករង់ចាំមួយរយៈ ព្រោះទីផ្សារដោះដូរមិនទាន់បានបញ្ចប់។
ក្នុងចំណោម១០ប្រកួតកន្លងទៅក្នុងពានរង្វាន់លីគកំពូលកម្ពុជា ជាមួយក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រកួតឈ្នះបាន៥លើក ស្មើគ្នា២លើក និងចាញ់៣លើក មាន១៧ពិន្ទុក្នុងដៃ ឈរចំណាត់ថ្នាក់លេខ៥បណ្តោះអាសន្ន ក្នុងចំណោមក្លិបជាសមាជិកទាំង១២ក្រុម។ សម្រាប់ប្រកួតបន្ទាប់សប្ដាហ៍ទី១១ ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវប៉ះក្រុមក្រសួងការពារជាតិ នៅវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃអាទិត្យ ទី២៤ ខែមិថុនា ឆ្នាំ២០១៨ ខាងមុខនេះលើទីលានពហុកីឡដ្ឋានជាតិ៕
Source: Kampuchea Thmey Daily
0 Comments