Ad Code

អ្នកនាំពាក្យ​ថា ៖ ការ​លូកដៃ​ចូល​កិច្ចការ​ផ្ទៃ​ក្នុងកម្ពុជា​របស់​នូ​វែ​ល​ហ្សេ​ឡង់ គឺជាការ​រំលោភ​ធម្មនុញ្ញ​អសប និង​ជា​ការ​លំអៀង​ខាង​នយោបាយ លុះ​ដោយ​មនោគមន៍​វិជ្ជា​នៃ​ប្រទេស​មហាអំណាច​



ភ្នំពេញ ​៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​អះអាង​ថា ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់ ចូលចិត្ត​លូកដៃ​ចូល​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា ខណៈ​កម្ពុជា​មិនដែល​លូកដៃ​ចូល​កិច្ចការ​របស់​ប្រទេស​ណាមួយ​នោះ​ទេ ហើយ​ការ​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​នេះ គឺ​ជាការ​រំលោភ​លើ​ធម្មនុញ្ញ អសប យ៉ាង​ច្បាស់ និង​ជាការ​លំអៀង​ខាង​នយោបាយ​ព្រមទាំង​ដើរ​តាម​មនោគមន៍​វិជ្ជា​អន្តរជាតិ នៃ​ប្រទេស​មហាអំណាច។

ការ​លើក​ឡើង​របស់​លោក សុខ ឥសាន បែបនេះ បន្ទាប់ពី​តំណាង​ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់ បានធ្វើ​សេចក្តីថ្លែងការណ៍​មួយ នៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស (Human Rights Council) នៃ​អង្គការសហប្រជាជាតិ កាលពី​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៨ ដោយ​បាន​លើកឡើង​ពី​បញ្ហា​មួយចំនួន ទាក់ទង​ប្រទេស​កម្ពុជា ដូចជា​ការ​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា ដោះលែង​លោក កឹម សុខា និង​អ្នក​ទោសនយោបាយ​ទាំងអស់ បញ្ចូល​ឲ្យ​មាន​គណបក្ស​សង្គ្រោះ​ជាតិ​នៅក្នុង​ការបោះឆ្នោត និង​បើក​សិទ្ធិ​នយោបាយ​ដល់​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​១១៨​រូប ជាដើម​។

លោក សុខ ឥសាន លើក​ឡើង​ថា នៅក្នុង​សន្និបាត​លើក​ទី​៣៨ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អសប ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់ បាន​ថ្លែង​ការ​ណ៍​ពាក់ព័ន្ធ​នឹង​បញ្ហា​ផ្ទៃក្នុង​កម្ពុជា​ដូចជា ការបោះឆ្នោត​នៅ​កម្ពុជា នា​ពេល​ខាង​មុខ មិនមែន​ជា​ការបោះឆ្នោត​ពិតប្រាកដ ដោយសារ​អត់​មាន​បក្ស​ប្រឆាំង​ដ៏​ធំ​, ទាមទារ​ឲ្យ​មានការ​ដោះលែង កឹម សុខា ចេញពី​ការឃុំ​ឃាំង និង​សកម្មជន​បក្ស​ប្រឆាំង ជាដើម​។ លោក​បញ្ជាក់​ថា ការ​និយាយ​នេះ មិន​គិតដល់​អតីត​បក្ស​ប្រឆាំង​ប្រព្រឹត្ត​ល្មើសច្បាប់ ដែល​ត្រូវ​តុលាការ​កំពូល​រំលាយចោល​នោះឡើយ។

តាម​លោក សុខ ឥសាន “​កម្ពុជា​មិនដែល​បាន​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​ណា​ទេ​។ ហេតុ​អី​បានជា ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់ ចូលចិត្ត​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​ម្ល៉េះ ? ការ​លូកដៃ​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា គឺជា​ការ​លំអៀង​នយោបាយ​ទៅ​រក​បក្ស​ប្រឆាំង តាម​ឥទ្ធិពល​របស់​ប្រទេស​មហាអំណាច​ណាមួយ ដែល​ធ្លាប់​ជា​មេខ្លោង​នៃ​បដិវត្តន៍​ពណ៌ នៅ​បណ្តា​ប្រទេស ហើយ​ត្រូវ​បរាជ័យ​យ៉ាង​អាម៉ាស់​នៅ​កម្ពុជា​។ ការ​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា គឺជារ​រំលោភ​លើ​ធម្មនុញ្ញ អសប យ៉ាង​ច្បាស់ និង​ជា​ការ​លំអៀង​ខាង​នយោបាយ និង​ដើរ​តាម​មនោគមន៍​វិជ្ជា​អន្តរជាតិ នៃ​ប្រទេស​មហាអំណាច។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​រូប​នោះ​អះអាង​ថា ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់ គួរ​គោរព និង​អនុវត្ត​ធម្មនុញ្ញ អសប និង​គោរព​ឯករាជ្យ និង​អធិបតេយ្យភាព​កម្ពុជា ហើយ​ចាត់ទុក​កម្ពុជា​មិត្ត​មួយ​របស់ខ្លួន ពីព្រោះ​ចំណាត់ការ​ផ្លូវច្បាប់​លើ​អតីត​បក្ស​ប្រឆាំង គឺជា​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu