Ad Code

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ប្រកាស​ទុកជាមុន​ថា នៅ​ឆ្នាំ​២០១៩ ប្រាក់​ឈ្នួល​អប្បបរមា របស់​កម្មករ​-​កម្មការិនី នឹង​ឡើង​ខ្ពស់ជាង ១៧០ ដុល្លារ​អាមេរិក



តាកែវ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​នៅមុខ​កម្មករ កម្មការិនី​នៅ​ខេត្តតាកែវ​ថា ​នៅ​ឆ្នាំ ២០១៩ ខាងមុខនេះ​ប្រាក់​ឈ្នួល​អប្បបរមា របស់​កម្មករ​-​កម្មការិនី​នឹង​ឡើង​ខ្ពស់​ជាង​១៧០​ដុល្លារ​អាមេរិក ដោយ​សម្តេច​បញ្ជាក់​ថា ​រាជរដ្ឋាភិបាល​នឹង​ខិតខំ​កាត់បន្ថយ​នូវ​ការ​ចំណាយ ផ្សេងៗ​របស់​រោងចក្រ ដើម្បី​បង្វែរ​ប្រាក់​ទាំងនោះ​មក​ដំឡើង​ប្រាក់​ឈ្នួល​សម្រាប់​កម្មករ ។



សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​បែបនេះ​កាលពី​ព្រឹក​ថ្ងៃ ទី​២០ ខែមិថុនា ឆ្នាំ​២០១៨​នេះ នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​ជាង​១,៧​ម៉ឺន​នាក់ មកពី​រោងចក្រ សហគ្រាស ចំនួន​១៣ ក្នុង​ខេត្តតាកែវ។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​អបអរ​សារ​ទរ​ចំពោះ​ការ​ទទួល​បាន​ប្រាក់បៀវត្សរ៍​អប្បបរមា ១៧០ដុល្លារ ក្នុង​ឆ្នាំ២០១៨ ហើយ​សង្ឃឹមថា ​ប្រាក់បៀវត្សរ៍​នឹង​បន្ត​កើនឡើង​នៅក្នុង​ឆ្នាំ២០១៩។ ប្រាក់ខែ​នៅ​ប្រទេស​មួយ​ចំនួន​ទាប​ជាង​កម្ពុជា ដូចនេះ​វា​អាច​ធ្វើ​ឲ្យ​រោងចក្រ​នៅក្នុង​ប្រទេស​កម្ពុជា​ងាយ នឹង​បាត់បង់​ណាស់ ប្រសិន​ជា​មាន​បញ្ហា​អ្វី​កើតឡើង​នោះ ដូចនេះ​ត្រូវខិតខំ​ថែរក្សា​រោងចក្រ​ដែល​យើង​មាន​នេះ។



សម្តេច​នាយក​រដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា​ «​ឆ្នាំ​២០១៩ ពូ​ហ៊ាន​ប្រកាស​ជាមុន​ថា​ ប្រាក់​ឈ្នួល​អប្បបរមា នឹង​កើន​ខ្ពស់​ជាង​១៧០​ដុល្លារ ​នេះ​គឺ​ត្រូវ​ចរចា​គ្នា​ដើម្បី​បង្កើន​ប្រាក់ នៅ​ពេល​នោះ​រាជរដ្ឋាភិបាល ក៏​កំពុង​រក​គ្រប់​វិធី​ទាំងអស់​ដើម្បី​ធ្វើ​ឲ្យ​ការ​ចំណាយ​របស់​ម្ចាស់​រោងចក្រ កាន់តែ​ចំណាយ​តិច ដើម្បី​ឲ្យ​ម្ចាស់​រោងចក្រ​នោះ ប្រើប្រាស់​នូវ​ប្រាក់ចំណេញ​ដើម្បី​បង្កើន​បៀរ​វត្ស​ចំពោះ​កម្មករ​»​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្តថា បច្ចុប្បន្ន​រាជរដ្ឋាភិបាល​បាន​កំពុង​គិតគូរ​ពី​ថ្លៃ​អគ្គិសនី សម្រាប់​វិស័យ​ឧស្សាហកម្ម​ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​អគ្គិសនី​របស់​យើង​មានតម្លៃ​ថោក ដែល​អាច​ធ្វើ​ឲ្យ​អគ្គិសនី ក៏​អាច​រស់រាន​បាន និង​ផ្នែក​ឧស្សាហកម្ម​ក៏​អាច​រស់រាន​បាន​ផង​ដែរ។ បន្ថែម​លើ​នេះ​រាជរដ្ឋាភិបាល​ក៏បាន​គិតគូរ​ពី​បញ្ហា​ផ្សេងៗ​ដទៃទៀត​រាប់ទាំង​ការសម្រួល​ទៅលើ​បញ្ហា​ការ​ដឹកជញ្ជូន សម្រួល​ទៅលើ​បញ្ហា​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាដើម ដើម្បី​កាត់បន្ថយ​នូវ​ការ​ចំណាយ​ថ្លៃដើម​ទៅលើ​ការផលិត ហើយ​ផល​ចំណេញ​នោះ ត្រូវ​បាន​ផ្តល់​សម្រាប់​ឲ្យ​កម្មករ​-​កម្មការិនី​ផងដែរ​។



ជាមួយនឹង​ការប្រកាស​ដំឡើង​ប្រាក់​បៀវត្សរ៍​ដល់ក​ម្មករ​-​កម្មការិនី​រាជរដ្ឋាភិបាល​ក៏បាន​គិតគូរ​អំពី​ការកាត់បន្ថយ​ការ​ចំណាយ​របស់​កម្មក​រ និង​ការយកចិត្តទុកដាក់​ទៅលើ​បញ្ហា​សុខមាលភាព។

ដោយ​សម្តេច​លើក​ឡើង​ថា នៅ​ពេល​ដែល​ក្មួយៗ​ទទួល​បាន​ប្រាក់បៀវត្សរ៍​កាន់តែ​ខ្ពស់ រីឯ​ការ​ចំណាយ​ក៏​កាន់តែ​តិច តាមរយៈ​កម្មវិធី​គាំពារ​សង្គម ​ឬ ​ហៅថា​សំណាញ់​សុវត្ថិភាព​សង្គម​ដែល​រាជរដ្ឋាភិបាល​បាន​ផ្តល់​ឲ្យ​កម្មករ កម្មការិនី​ទាំង​ក្នុង​ប្រព័ន្ធ និង​ក្រៅ​ប្រព័ន្ធ ដោយ​ទទួល​ការពិនិត្យ​ព្យាបាល​ដោយ​ឥតគិតថ្លៃ​នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ​ទាំងអស់​។ ចំណែក​កម្មករ កម្មការិនី នៅក្នុង​រាជធានី​ភ្នំពេញ​ទាំងអស់​បានទទួល​នូវ​សេវា​រថយន្តក្រុង ដោយ​ឥតគិតថ្លៃ​ផងដែរ​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​លើកឡើង​ផង​ដែរ​ថា នៅ​ពាក់​កណ្តាល​ឆ្នាំ ២០១៩ ដែល​យើង​បាន​សិក្សា ហើយ​ប្រកាស​ចេញ​ជា​គ្រប​ខណ្ឌ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​និង​មានការ​អនុវត្ត​ចំពោះ​ស្ត្រី​ក្រីក្រ​ដែលមាន​ផ្ទៃពោះ និង​ឆ្លងទន្លេ នឹង​ទទួលបាន​ថវិកា​ពី​រាជរដ្ឋាភិបាល​រហូតដល់ ៧៦ ម៉ឺន​រៀល វា​ច្រើនជាង​កម្មការិនី ដែល​បានតែ ៤០ ម៉ឺន​រៀល និង សុំទោស​ចំពោះ​ស្ត្រី​នៅ​ទូទាំង​ប្រទេស ដែល​ថវិកា​នេះ​មិនអាច​ផ្តល់​ឲ្យ​គ្រប់គ្នា​បាន ព្រោះ​សមធម៌​មិន​គួរ​ត្រូវ​បាន​អនុវត្ត​សម្រាប់​គ្រប់គ្នា​នោះ​ទេ ដោយសារ​ថា អ្នក​ក្រីក្រ​គួរតែ​ទទួលបាន​ការ​ជួយ​ពី​រាជរដ្ឋាភិបាល​ទើប​ជា​សមធម៌​សង្គម។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​បន្ត​អំពាវនាវ​ឲ្យ​ពូ​មកកាន់​កម្មករ​កម្មការិនី​ទាំងអស់​ខិតខំ​ធ្វើ​យ៉ាងណា​ចូលរួម​ក្នុង​ការរក្សា​សន្ដិភាព ស្ថេរភាព​នយោបាយ ដើម្បី​ធានា​នូវ​ការ​អភិវឌ្ឍ ហើយ​ធ្វើ​យ៉ាងម៉េច​ប្រែក្លាយ​រោងចក្រ​មួយ​ឲ្យ​ក្លាយ​ទៅជា​សហគមន៍​សុខដុមរមនា​មួយ​តាមរយៈ ទំនាក់ទំនង​ល្អ​ក្នុង​វិស័យ​ការងារ រវាង​ថៅកែ​រោងចក្រ ប្រធាន​ផ្នែក ប្រធាន​ក្រុម ជាមួយ​កម្មករ​-​ការិនី ។ បើសិនជា​នៅ​កន្លែង​មួយៗ បង្កើត​បាន​ភាព​សុខដុមរមនា ហើយ​យកចិត្តទុកដាក់​សុខទុក្ខ​គ្នា​ទៅវិញទៅមក វា​ពិតជា​បង្កើត​បាន​នូវ​បរិយាកាស​ល្អ​សម្រាប់​រោងចក្រ។ ថៅកែ​មិន​ត្រូវ​ភ្លេច​ថា រោងចក្រ​មួយ បើសិនជា​គ្មាន​កម្មករ​ធ្វើការ វា​គ្រាន់តែ​ជា​ឃ្លាំង​មួយ​តែប៉ុណ្ណោះ​។ ឯ​កម្មករ​យើង​វិញ បើសិន​ពុំ​មាន​ថៅកែ​បង្កើត​ឡើង​នូវ​រោងចក្រ ផ្ដល់​ការងារ​ឲ្យ​យើង​ធ្វើ ពេលនេះ យើង​មិនមែន​ជា​កម្មករ​ទេ យើង​ជា​កសិករ​ដែល​កាន់​ចប កាន់​នង្គ័ល កាន់​កណ្ដៀវ កាន់​កាំបិត​តែប៉ុណ្ណោះ។ អញ្ចឹង​ទេ ភាគី​ទាំងពីរ គឺ​បំពេញ​ឲ្យ​គ្នា​ទៅវិញទៅមក បង្កើត​ជា​ឆ្នាំងបាយ​មួយ​សម្រាប់​ទាំងអស់គ្នា​។ សូម​តាម​រោងចក្រ​នីមួយៗ កុំ​ឲ្យ​មាន​បង​តូច​បងធំ​កាប់​ចាក់​គ្នា​នៅ​តាម​រោងចក្រ​។ សូមកុំ​ឲ្យ​តាម​រោងចក្រ​នីមួយៗ​មាន​ក្រុម​សេព​គ្រឿងញៀន បំផ្លាញ​ទៅដល់​សុវត្ថិភាព និង សុខភាព​របស់​កម្មក​រ​-​ការិនី​។ ក្មួយៗ​ត្រូវ​ចេះ​ដាស់តឿន​គ្នា​កុំ​ឲ្យមាន​អំពើ​អនាចារ ឬ​អំពើ​ណាមួយ ដែល​វា​មិន​សមស្រប​ទៅនឹង​សីលធម៌​សង្គម ឬ​ច្បាប់​របស់​រដ្ឋ​នៅតាម​រោងចក្រ ទើប​ជាការ​ល្អប្រសើរ ធានាបាន​នូវ​សុវត្ថិភាព​ការងារ​សម្រាប់​ក្មួយៗ​ទាំងអស់​។​

​គួរ​បញ្ជាក់ថា ជំនួប​នៅ​ថ្ងៃទី​២០ ខែមិថុនា​នេះ គឺជា​ជំនួប​លើក​ទី ៤៥ ហើយ គិត​ចាប់តាំងពី​ថ្ងៃទី​២០​ខែសីហា ឆ្នាំ​២០១៧​មក ។ ក្នុងជំនួប ៤៥ លើក​នេះ​មាន​កម្មករ និយោជិត សរុប​ជាង ៥៨ ម៉ឺន​នាក់ ។​



​រោងចក្រ សហគ្រាស​ទាំង ១៣ គឺ​មកពី​ក្រុង​ដូន​កែវ​ចំនួន ៤ ស្រុក​សំរោង​ចំនួន ៤ ស្រុក​ព្រៃកប្បាស​ចំនួន ២ ស្រុក​ត្រាំកក់​ចំនួន​២ និង ស្រុក​ទ្រាំង​ចំនួន ១​ដែល​មាន អ្នក​វិនិយោគ​មកពី​ប្រទេស​ចិន​ចំនួន ១២ និង ខ្មែរ​ចំនួន ១។ រោងចក្រ សហគ្រាស​ទាំង​១៣​នេះ​មាន​រោង ចក្រ​កាត់ដេរ​សម្លៀកបំពាក់​ចំនួន ១១ និង ផលិត​ស្បែកជើង​ចំនួន​២។ ផលិតផល​ផលិត​ចេញពី​រោងចក្រ សហគ្រាស​ទាំងនេះ​ត្រូវ​បាន​នាំ ចេញទៅ​កាន់​ទីផ្សារ​អន្តរជាតិ និង ផ្គត់ផ្គង់​ទីផ្សារ​ក្នុងប្រទេស​។

បច្ចុប្បន្ន​ខេត្តតាកែវ​មាន​សហគ្រាស គ្រឹះស្ថាន​ចំនួន ១៤៤ មាន​កម្មករនិយោជិត ៤៦.៩៩០នាក់ ក្នុង​នោះ​រោងចក្រ​កាត់ដេរ សម្លៀកបំពាក់​និង ផលិត​ស្បែកជើង មាន ចំនួន ៣៧ មានកម្ម​ករ​និយោជិត​ចំនួន ៣៨.១៥៨ នាក់ ដែល​មាន​ប្រាក់​ឈ្នួល​សរុប​ប្រមាណ​ជិត ៧៨ លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។

ការអភិវឌ្ឍ​តំបន់ឧស្សាហកម្ម​ក្នុង​ខេត្តតាកែវ​គឺជា​ជោគជ័យ​នៃ​គោលនយោបាយ​ទាក់ទាញ​វិនិយោគ​បង្កើត​ការងារ​ជូន​កម្មករ និយោជិត របស់​រាជរដ្ឋាភិបាល និង ជា​ជោគជ័យ​ក្នុងការ​អនុវត្ត​គោលនយោបាយ​ជាតិ​ស្តីពី​មុខរបរ និង​ការងារ​, គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​, គោលនយោបាយ​ស្តីពី​ការអប់រំ​បណ្តុះ បណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ​និង​ក្របខណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម​ដែល​បាន​នឹង​កំពុង​ប្រែក្លាយ​ខេត្តតាកែវ​ទៅជា​តំបន់​សេដ្ឋកិច្ច​ដ៏​មាន​សក្តានុពល​មួយ​នៅ​កម្ពុជា​។

ខេត្តតាកែវ​គឺជា​ខេត្ត​ទី​៦​ហើយ ដែល​សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ចុះ​ជួប​សំណេះ សំ​ណា​ល​ជាមួយ​កម្មករ កម្មការិនី បន្ទាប់ពី​ខេត្តកណ្តាល​, ស្វាយរៀង​, ព្រះសីហនុ​, កំពង់ស្ពឺ និង​កំពង់ចាម​៕

    



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu