ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាបានបង្ហាញនូវជំនឿជឿជាក់ថា ប្រជាពលរដ្ឋនឹងប្រើសិទ្ធិទៅបោះឆ្នោតឲ្យគណបក្សណាមួយដែលខ្លួនពេញចិត្តដោយមិនធ្វើតាមការអំពាវនាវរបស់អតីតគណបក្សប្រឆាំងនោះទេ ដោយសម្តេចយល់ថា បក្សមួយបានងាប់ទៅហើយ មិនអាចឲ្យប្រជាជននៅតែដេកអោបខ្មោចងាប់នោះទេ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងបែបនេះ នៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករជាង ១,៧ ពាន់នាក់ កាលពីព្រឹកថ្ងៃទី ២០ ខែមិថុនានេះ នៅក្រុងដូនកែវ ខេត្តតាកែវ ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា « ពិតមែនហើយ មានការប៉ុនប៉ងបំផ្លាញការបោះឆ្នោតតាមរយៈការអំពាវនាវមិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត... បក្សមួយបានងាប់ទៅ តើត្រូវដេកអោបអាបក្សងាប់នោះទេ ឬត្រូវប្រើសិទ្ធិរបស់ខ្លួនទៅជ្រើសរើសបក្សដែលខ្លួនស្រឡាញ់ទេ? ...នៅស្រុកខ្មែរមិនមែនមានបក្សតែមួយពីរនោះ ទេ បក្សនយោបាយមានជិត ៤០ ហើយចូលរួមបោះឆ្នោតមាន ២០ គណបក្ស អញ្ចឹងទេ អ្នកដែលចាត់ទុកឲ្យគេឱបខ្មោចរបស់ខ្លួននោះ ប្រហែលមិនមានសំណាងទេ ឲ្យគេអោបជាមួយនោះទេ។ ខ្លួនឯងព្រាត់ប្រាសទៅណាគឺព្រាត់ប្រាសទៅបាត់ហើយ»។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបន្តថា សូម្បីអាអ្នកជាប់គុកក៏គ្មានអ្នកណាសុខចិត្តទៅជាប់គុកជាមួយដែរ។ មុននេះមានអ្នកសកម្មទៅសួរសុខទុក្ខអ្នកជាប់គុកនោះច្រើនណាស់តែឥឡូវស្ងាត់ឲ្យឈឹងតែម្តង ព្រោះគ្មានអ្នកណាគេទៅជាប់គុកជាមួយទេ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបន្តអំពាវនាវឲ្យអាជ្ញាធរខេត្ត ស្រុក និង មូលដ្ឋានត្រូវបង្កលក្ខណៈងាយស្រួលឲ្យគ្រប់គណបក្សទាំងអស់អាចធ្វើសកម្មភាពនៅតាមមូលដ្ឋាន ការជួបជាមួយសកម្មជនរបស់គេ និងលើកស្លាកគណបក្សនៅទីកន្លែងសាធារណៈដែលបក្សផ្សេងៗដាក់បាន បក្សដទៃក៏អាចដាក់បានដូចគ្នា ត្រូវខិតខំធ្វើកិច្ចការងារនេះឲ្យបានល្អ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា “យើងមិនមែនគិតត្រឹមតែឈ្នះខ្លួនឯងទេ ។ ក៏ប៉ុន្តែយើងត្រូវដឹងខ្លួនឲ្យច្បាស់ថា បក្សយើងជាបក្សគ្រប់គ្រងអំណាច។ ដូច្នេះយើងក៏ត្រូវគិតទៅដល់ស្ថានភាពរួមនៃការបោះឆ្នោតមួយ មានលក្ខណៈសេរី យុត្តិធម៌ ដែលអាចទទួលយកបានទាំងអស់គ្នា ដូច្នេះត្រូវចាំសម្រួលមិនត្រឹមតែ ២១ថ្ងៃ នៃយុទ្ធនាការឃោសនាបោះឆ្នោតនោះទេ... ត្រូវធ្វើឲ្យប្រទេសរបស់យើងក្លាយជាប្រទេស ដែលមានប្រជាធិបតេយ្យពេញលេញ ដែលឆ្លុះបញ្ចាំងអំពីឆន្ទៈរបស់ប្រជាជន”។
សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសម្តងទៀតថា ការបោះឆ្នោតនឹងប្រព្រឹត្តនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដោយមិនត្រូវពន្យារពេលឡើយ។ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានបន្តអំពាវនាវឲ្យប្រជាពលរដ្ឋបោះឆ្នោត ហើយបោះឆ្នោតឲ្យចំគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា នៅលេខរៀងទី២០ ពេលនោះសន្តិភាពនិង ការអភិវឌ្ឍនិងត្រូវបន្ត។ ក៏ប៉ុន្តែ វាចំណុះទៅលើសន្លឹកឆ្នោត ដែលក្មួយបោះឲ្យនិងក្រុមគ្រួសាររបស់ក្មួយៗបោះឲ្យឬមិនបោះ។ បើចង់ឲ្យសម្តេចបន្តដឹកនាំបន្តទៀត ចង់រក្សានូវសន្តិភាពឲ្យខាងតែបាន និងធានានូវការអភិវឌ្ឍដើម្បីរក្សាការងារនិងប្រាក់ចំណូល គឺជម្រើសដែលសម្តេចបានប្រាប់ពីខាងលើ គឺបោះឆ្នោតជូនគណបក្សប្រជាជនទៅ ហ៊ុន សែន នឹងបន្តជានាយករដ្ឋមន្ត្រីទៅទៀតហើយ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបន្តថា នេះមិនមែនជាការឃោសនានោះទេក៏ប៉ុន្តែ ប្រជាពលរដ្ឋអាចប្រៀបធៀបបាន។ សម័យមុនជួបប្រទះរឿងអី ហើយសម័យ ប៉ុល ពត និង សម័យសង្គ្រាមជួបប្រទះរឿងអី ឥឡូវនេះកំពុងមានសន្តិភាពបាននិងជួបប្រទះរឿងអី ? ពិតហើយ មិនទាន់ស្កប់ស្កល់ និងមិនទាន់ពេញចិត្តចំពោះទង្វើខ្លះនៃមន្ត្រីនៅខាងក្រោមទេ ក៏ប៉ុន្តែសង្ឃឹមថា ប្រជាពលរដ្ឋរបស់យើងមិនខឹងគោវាយរទេះទេ ។ ចៅហ្វាយខេត្តតាកែវធ្វើខុសត្រូវតែចាប់ដាក់គុក ក៏ប៉ុន្តែ នេះជាបុគ្គល ដូចនេះបងប្អូនអាចមើលឃើញពីចំណុចល្អ វាច្រើនជាងចំណុចមិនល្អ ។
សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានរំលឹកផងដែរថា ថ្ងៃនេះកាលពី៤១ឆ្នាំមុនជាពេលវេលាដែលសម្តេចចាប់ផ្តើមយកជីវិតធ្វើដើមទុនដោយចេញដឹកនាំធ្វើជាមេចលនាតស៊ូដើម្បីវាយរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ។ សម្តេចបានបន្តដោយរអាក់រអួលថា សម្តេចមិនចង់រំលឹកវាទេពេលនិយាយដល់ធ្វើឲ្យសម្តេចស្ទើរទប់ទឹកភ្នែកមិនបាន ។ សម្តេចបន្តថា យុវជនសម័យនេះ មានសេរីភាពខ្លាំងណាស់ ផ្ទុយពីពូនិងយុវជនសម័យមុនដែលត្រូវជួបប្រទះប្រទេសមានសង្គ្រាម យុវជនគ្មានជំរើសអ្វីក្រៅពីកំណែនយោធានោះទេ ។ សម្តេចត្រូវរស់នៅក្រោមការគាបសង្កត់ពីអង្គការ ទើបនៅថ្ងៃ ២០ មិថុនា ១៩៧៨ សម្តេចបានសម្រេចចិត្តថាឈប់ស្តាប់អ្នកណាទាំងអស់ ដើម្បីដឹកនាំកម្លាំងរំដោះជាតិ ពេលនោះមានជំរើសច្រើនដែលត្រូវធ្វើ ហើយជំរើសដែលនៅសេសសល់ចុងក្រោយដើម្បីរស់រានមានជីវិត និង ដឹកនាំកម្លាំងតស៊ូផ្តួលរំលំរបបប៉ុលពត ។សម្តេចបានសម្រេចចិត្តធ្វើការចាកចេញបែកពីប្រពន្ធកូនបែកពីមាតុភូមិ។
គ្រាន់តែសម្រេចចិត្តថា មិនប្រើកម្លាំងគឺ សម្តេចបានសរសេរលិខិតមួយច្បាប់មុនពេលចាកចេញ សម្តេចសរសេរបណ្តើរទឹកភ្នែកហូរ មកជាមួយ សរសេររួចលុប សរសេរហើយលុប នៅចំណុចនៃពាក្យមួយដែលថា “ ពេលអូនអានលិខិតនេះរួចមិនដឹងថាបងនៅទីណាឲ្យពិតប្រាកដនោះទេ ហើយក៏មិនដឹងថា ត្រូវស្លាប់ឬ រស់ទៀតផង។ ចុងក្រោយនៃសំបុត្របានបង្កប់នូវន័យដែលមានសង្ឃឹមផង អស់សង្ឃឹមផង គឺបងត្រូវឃ្លាតពីអូនមិនដឹងពេលណានិងបានជួបវិញនោះទេ” ៕
Source: Kampuchea Thmey Daily
0 Comments