Ad Code

ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​ទី​២​សែន​សុខ បាន​បើក​សម្ពោធ​ជា​ផ្លូវការ​ហើយ



ភ្នំពេញ ​៖ ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​ទី​២​សែន​សុខ ​ដែល​ស្ថិតនៅ​សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ បាន​បើក​សម្ពោធ​ជា​ផ្លូវការ​ហើយ​ កាលពី​ព្រឹក​ថ្ងៃទី​២០ ខែមិថុនា​ ឆ្នាំ​២០១៨ បន្ទាប់ពី​បាន​បើក​សាកល្បង​ កាលពី​ដើមខែ​នេះ​រួចមក​។



ចូលរួម​នៅក្នុង​ពិធី​សម្ពោធ​នោះ​ដែរ ​រួមមាន​តំណាង​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា អគ្គនាយក​ជាន់ខ្ពស់​នៃ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល ដៃគូ​ពាណិជ្ជកម្ម និង​អ្នកជំនួញ​ល្បីឈ្មោះ​ធំៗ​ក្នុង​ប្រទេស​កម្ពុជា​ផងដែរ​។



លោក Sei ichi Chiba អគ្គនាយក​ផ្សារ​ទំនើប​អី​អន​ម៉​ល​ប្រចាំ​ទូទាំង​ពិភពលោក បាន​មានប្រសាសន៍ថា​ ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​២​ ខណ្ឌ​សែន​សុខ​នេះ​ មាន​លក្ខណៈ​ពិសេស​បីយ៉ាង ទី​១​គឺ​ផ្ដល់ជូន​នូវ​កន្លែង​កម្សាន្ត​ដ៏​ថ្មី ធំ​ជាង​គេ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដែល អាច​និយាយបាន​ថា​ជា​កន្លែង​កំសាន្ត មាន​លក្ខណៈ​ពិសេស​និង​នាំមក​នូវ​ភាព​រីករាយ​ខ្លាំង​ជូន​អតិថិជន មាន​ដូច​ជា សួន​ទឹក​កម្សាន្ត ទោង​យោ​លើ​អាកាស​និង​កន្លែង​កំសាន្ត​ផ្សេងៗ​ជាច្រើន​ទៀត​។

លោក​បាន​បន្ត​ថា ​ក្រៅ​ពី​នេះ​មាន​រោងភាពយន្ត​ម៉ា​ជើ​ស៊ី​លី​ភ្លិច ស្ទី​ឌី​យ៉ូ​ទូរទស្សន៍​ហង្ស​មាស​ដែលជា ស្ថានីយ​ទូរទស្សន៍​ខ្នាត​ធំ​និង​ថ្មី​ជាងគេ​ ដែល​នឹង​ផ្ដល់​ជូន​កន្លែង​កំសាន្ត​ថ្មីៗ និង​ធំ​ជាង​គេ​សម្រាប់​អតិថិជន​របស់​យើង។



​ទី​២​ផ្សារ​ទំនើប​អ៊ី​អន​២​ គឺ​ប្រមូលផ្ដុំ​ទៅ​ដោយ​ស្ថាប័ន​សាធារណៈ​ដើម្បី​បម្រើ​សេវាកម្ម ប្រកបដោយ​ភាព​ងាយ​ស្រួល សម្រាប់​អតិថិជន​(​មជ្ឈមណ្ឌល​ផ្ដល់​លិខិត​ឆ្លងដែន មជ្ឈមណ្ឌល​ផ្ដល់​អត្តសញ្ញាណប័ណ្ណ និង​មជ្ឈមណ្ឌល​ផ្ដល់​ប័ណ្ណបើកបរ​)​និង​ទី​៣​គឺ​ផ្ដល់​ជូន​នូវ​កន្លែង​បង្កើត​អនុស្សាវរីយ៍​និង​ផ្លាស់ប្ដូរ​ទំនាក់ទំនង សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។

លោក Sei ichi Chiba បាន​បន្ថែមទៀតថា លើសពី​នេះ​ទៀត​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​២ នេះ​ក៏​មាន​កន្លែង សម្រាប់​រៀបចំ​កម្មវិធី​ជាច្រើន​ដូចជា​អាច​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍ ពិធី​ជប់លៀង​នានា​និង​អាច​លេង​កីឡា​នៅក្នុង​សាល​នេះ​ក៏បាន ទៅតាម​អតិថិជន​ចង់បាន​។



​លោក​បាន​រំលឹក​ថា ​មុន​ពេល​បើកសម្ពោធ​ជា​ផ្លូវការ​ផ្សារ​ទំនើប​អ៊ី​អន​២ នេះ​យើង​បាន​បើក​សាកល្បង ដោយ​បាន​ស្រូប​ទាញ​អតិថិជន ចូល​ទស្សនា ទិញ​ទំនិញ និង​មក​កម្សាន្ត បានជា​៣​ម៉ឺន​នាក់​សម្រាប់​ថ្ងៃ​ធម្មតា និង​ប្រមាណ​៨​ម៉ឺន​នាក់ សម្រាប់​ថ្ងៃ​ឈប់សម្រាក​ក្នុង​១​ថ្ងៃ ៗ​។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា​ ការ​ទទួល​បាន​អតិថិជន​ច្រើន​នេះ ដោយសារ​ផ្សារ​ទំនើប​អ៊ី​អន​២ បាន​ផ្តល់ជូន​នូវ​លក្ខណៈពិសេស​ជាច្រើន​ដូចជា មាន​ទីធ្លា​ធំ​ទូលាយ ធំ​ជាង​អ៊ី​អន​១​ជិត​២​ដង មាន​ប្រមូលផ្ដុំ​ទៅដោយ​កន្លែង​កម្សាន្ត​ធំ​ជាងគេ​ក្នុងប្រទេស​កម្ពុជា។

គួរ​បញ្ជាក់​ថា ផ្សារ​ទំនើប​អ៊ី​អន​ទី​២​ ត្រូវ​បាន​សាងសង់​ឡើង​ក្នុង​ឆ្នាំ២០១៦ នៅ លើ​ផ្ទៃដី​ទំហំ​១០​ហិតា ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខ​ណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ខណៈ​ក្នុង​១​ឆ្នាំៗ ផ្សារ​អ៊ី​អន​១​ដែល​ស្ថិតនៅ​សង្កាត់​ទន្លេបាសាក់​អាច​ទាញ​បាន​អតិថិជន​ចូល​ទស្សនា ប្រមាណ​១៤​លាន​នាក់​តែបើ​គិត​ចាប់តាំងពី​ពេល​បើក​រហូត​មក​ទល់​ប​ច្ចុ​ប្បន្ន អាច​ទាញ​បាន​អតិថិជន​ជាង​១៨​លាន​នាក់​៕

  



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu