Ad Code

លោក​ លី​ សារី​ ដឹកនាំ​មន្ត្រី​សាលាខេត្ត​ជិះ​កង់ ​ដើម្បី​សហប្រតិបត្តិការ​មិត្តភាព​ជាមួយ​ខេត្ត​បូរី​រ៉ាំ​ប្រទេស​ថៃ



បន្ទាយមានជ័យ ៖ នៅ​ថ្ងៃទី​១៦​ដល់​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៨​នេះ លោក​លី ​សារី​អភិបាលរង​ខេត្តបន្ទាយមានជ័យ​ បាន​ដឹកនាំ​មន្ត្រី​សាលាខេត្ត​មួយ​ក្រុម​ជិះ​កង់​ដើម្បី​សហប្រតិបត្តិការ​មិត្តភាព​ជាមួយ​ខេត្ត​បូរី​រ៉ាំ​ប្រទេស​ថៃ​។



លោក លី សារី បាន​ប្រាប់​អ្នកយកព័ត៌មាន​ឲ្យ​ដឹង​ថា ​លោក​បាន​ដឹកនាំ​មន្ត្រី​សាលាខេត្ត​ដើម្បី​ទៅ​ចូលរួម​ជិះ​កង់​ជា​មួយ​ក្រុម​អ្នក​ជិះ​កង់​ថៃ ដែលមា​ន​សមាជិក​ជាង​៧០​នាក់ ព្រមទាំង​មន្ត្រី​សមត្ថកិច្ច កងកម្លាំង​ពាក់ព័ន្ធ​ជាច្រើន​នាក់​ទៀត​ ចូលរួម​ខាង​ភាគី​ថៃ​ដឹកនាំ​ដោយ​លោក តាប់ ខែម ប្រធាន​ក្រុម​អ្នកជិះ​កង់​តំណាង​ឲ្យ​ខេត្ត​បូរី​រ៉ាំ។



លោក ​លី ​សារី ​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ​ខេត្ត​បូរី​រ៉ាំ​ជាប់​និង​ព្រំដែន​ជប់​គគីរ​ស្រុក​បន្ទាយ​អំពិល​ខេត្តបន្ទាយមានជ័យ​និង សាយ​តាក់​គូ​ស្រុក​បាន​គ្រួ​ត​ ខេត្ត​បូ​រី​រ៉ាំ​។​ លោក លី សារី​ បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ​សកម្មភាព​ដូច​ខាង​លើ​ ដើម្បី​ពង្រឹងពង្រីក ហើយ​អនុវត្ត​ឲ្យ​ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ប្រទេស​ទាំង​២ សម្រាប់​តំបន់​ព្រំដែន​ដោយ​បង្រួម​ទំនាស់ ពង្រីក​មិត្តភាព សាមគ្គីភាព ទំនាក់ទំនង កិច្ច​សហប្រតិបត្តិការ​នៅ​បណ្តោយ​ព្រំដែន​។



លោក​វី ​ណៃ​តូ​ចា​រ៉ើ​ន​ អភិបាលស្រុក​បាន​គ្រួ​ត បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ឲ្យ​ដឹងថា​ ក្នុង​បដិសណ្ឋារកិច្ច​ទទួលភ្ញៀវ ប្រតិភូ​ខ្មែរ​នោះ​ មាន​ប្រតិភូ​ថៃ​ចូលរួម​លោក ស៊ុ​ង​សាក់ សុ​ឆា​រិ​ធី​គូ​នស​ភា​ខេត្ត​បូរី​រ៉ាំ​ និង​ជា​ប្រធាន​អ្នក​ជិះ​កង់​ខេត្ត​បូរី​រ៉ាំ លោក​អភិបាលរង​ស្រុក​ឡាក់​ហាប​សាយ លោក​អភិបាលរង​ស្រុក​ណូន​នី​ង​ដែង​។ ជិះ​កង់​ដែល​មាន​ចំងាយ​ផ្លូវ​ជិត​៧០​គីឡូម៉ែត្រ​ដោយ​ឆ្លងកាត់​ចម្ការកៅស៊ូ​និង​ដំណាំ​ចម្រុះ កាត់​ភូមិ​ស្រុក។



កម្មវិធី​ជិះ​កង់​ក្រោយពី​បាន​បញ្ចប់​គណប្រតិភូ​ទាំង​២​ បាន​នាំ​គ្នា​ទៅ​ទស្សនា​ប្រាសាទ​មឿង​តាំ​និង​ទស្សនា​ប្រាសាទភ្នំ​រូង​នៅ​ស្រុក​ឈ្លើ​ម​ប្រាក់​កៀត​។​ លុះ​ល្ងាច ប្រតិភូ​បាន​បន្តដំណើរ​ទៅ​ស្រុក​ឡាក់​ហាន​សាយ​ខេត្ត​បូរី​រ៉ាំ​ជា​ស្រុក​ដែលមាន​ព្រំដែន​ជាប់​នឹង​ភូមិសាស្ត្រ​ថ្មពួក​ខេត្តបន្ទាយមានជ័យ​ម្តុំ​ជួរ​ភ្នំ​ដងរែក ត្រង់​បង្គោល​ព្រំដែន​លេខ​២៧។ នៅ​ស្រុក​ឡាក់​ហាន​សាយ ក៏​មាន​ប្រកួត​កីឡាបាល់ទាត់​មិត្តភាព​រវាង​កីឡាករ​នៃ​ភាគី​ទាំង​២​ផង​ដែរ។

លោក​វី​ណៃ តូ​ចា​រ៉ើ​ន​បាន​បញ្ជាក់​ទៀត​ថា ​សកម្ម​ភាព​នៃ​ការ​បំពេញ​ទស្សនកិច្ច ប្រជុំ​និង​ការ​ជិះ​កង់​រួម​នេះ​ រវាង​ក្រុម​នៃ​ខេត្ត​បូរី​រ៉ាំ​និង​ក្រុម​នៃ​ខេត្តបន្ទាយមានជ័យ ជា​ការ​ផ្លាស់​ប្តូរ​ប្រតិភូ​កម្រិត​ខ្ពស់​រវាង​ខេត្ត​ទាំង​២ ក៏ដូចជា​ពង្រឹងពង្រីក​កិច្ច​ទំនាក់ទំនង មិត្តភាព​និង​កិច្ចសហប្រតិបត្តិការ​រវាង​ភូមិ​ឃុំ​ស្រុក​ខេត្ត​កម្ពុជា-ថៃ​ដែល​ជា​អ្នកភូមិផង​របង​ព្រំដែន​ជាប់​គ្នា​៕

    



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu