Ad Code

ព្រឹទ្ធសភា​កាណាដា​ អនុម័ត​ការប្រើប្រាស់​កញ្ឆា​ឲ្យ​ក្លាយទៅជា​រឿង​ស្របច្បាប់



ព្រឹទ្ធសភា​កាណាដា ​បាន​អនុម័ត​ច្បាប់​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​ធ្វើ​ឲ្យ​ការប្រើប្រាស់​កញ្ឆា​ក្លាយទៅជា​រឿង​ស្របច្បាប់​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ខ្លួន​កាន់តែ​ខិត​ទៅ​ជិត​ក្លាយទៅជា​សមាជិក​ដំបូង​គេ​នៃ​ក្រុម​ប្រទេស​ទាំង​ប្រាំពីរ​ ដែល​ប្រែក្លាយ​ផលិតកម្ម ការ​លក់ ​និង​ការប្រើប្រាស់​គ្រឿងញៀន​ក្លាយទៅជា​រឿង​ស្របច្បាប់។

សេចក្តីព្រាងច្បាប់ C-45 ឬ​ច្បាប់​កញ្ឆា​បាន​ឆ្លងកាត់​ព្រឹទ្ធសភា​ដោយ​សំឡេងគាំទ្រ​៥២​ទល់នឹង​៣០​ខណៈដែល​មាន​១​អនុបវាទ​បន្ទាប់ពី​ការពិភាក្សា​លើ​ការធ្វើ​ឲ្យ​ស្របច្បាប់​រយៈពេល​រាប់​ខែ​។​

ច្បាប់​កញ្ឆា​នឹង​វិលត្រឡប់​ទៅ​សភា​វិញ​ដែល​ធ្លាប់​បានអនុម័ត​ច្បាប់​នេះ​កាលពី​ខែវិច្ឆិកា​ឆ្នាំ​២០១៧​ប៉ុន្តែ​ចាំបាច់​ត្រូវមាន​ការចុះហត្ថលេខា​លើ​ការផ្លាស់ប្តូរ​ដែល​ធ្វើឡើង​ដោយ​ព្រឹទ្ធសភា​។​

ច្បាប់​នេះ​គឺជា​ការសន្យា​អំឡុងពេល​យុទ្ធនា​ការឃោសនា​ឆ្នាំ​២០១៥​របស់លោក​នាយករដ្ឋមន្ត្រី Justin Trudeau ដែល​បាន​សារភាពថា ធ្លាប់បាន​ជក់​កញ្ឆា​ជាមួយ​មិត្តភក្តិ “​ប្រាំ​ទៅ​ប្រាំ​មួយដង​”​។​

កាលវិភាគ​ដំបូង​សម្រាប់​ការលក់​កញ្ឆា​ដាក់​ក្នុង​កែវ​គឺ​នៅ​ទិវា​ជាតិ​កាណាដា​ថ្ងៃទី​១​ខែកក្កដា​។​
​ការលក់​កញ្ឆា​សម្រាប់​ផ្នែក​វេជ្ជសាស្ត្រ​គឺ​ស្របច្បាប់​នៅក្នុង​ប្រទេស​កាណាដា​ចាប់តាំងពី​ឆ្នាំ​២០០១​មកម្ល៉េះ​។​

សេចក្តីព្រាងច្បាប់ C-45 នឹង​អនុញ្ញាត​ឲ្យ​បុគ្គល​អាយុ​លើសពី​១៨​ឆ្នាំ​អាច​កាន់កាប់​កញ្ឆា​រហូត​ដល់​ទៅ​៣០​ក្រាម​សម្រាប់​ការប្រើប្រាស់​ផ្ទាល់ខ្លួន​។​

ការលក់​ទៅ​ឲ្យ​អ្នក​ដែលមាន​អាយុ​ក្រោម​១៨​ឆ្នាំ​នឹង​ត្រូវបាន​ហាមឃាត់​នៅក្រោម​ច្បាប់​សហព័ន្ធ​ប៉ុន្តែ​ខេត្ត​និង​ដែនដី​ទាំងឡាយ​អាចដាក់​កំណត់​អាយុ​ផ្ទាល់ខ្លួន​របស់​ពួកគេ​បាន​។​

ស្ថិតិ​កាណាដា​បាន​ប៉ាន់ប្រមាណ​ថា ទីផ្សារ​នេះ​នឹងមាន​តម្លៃ​៥.៧​ពាន់​លាន​ដុល្លារ​កាណាដា (៤.៥​ពាន់​លាន​ដុល្លារ​អាមេរិក​) ដោយ​ផ្អែកលើ​ទិន្នន័យ​ប្រើប្រាស់​កាលពី​ឆ្នាំមុន​។​

គួរ​បញ្ជាក់ថា ប្រទេស​អ៊ុយ​រ៉ា​ហ្គា​យ​បានអនុម័ត​ការប្រើប្រាស់​កញ្ឆា​កាលពី​៥​ឆ្នាំមុន​ហើយ​រដ្ឋ​ចំនួន​៩​របស់​អាមេរិក​ក៏​អនុវត្ត​ដូចនេះ​ដែរ​ប៉ុន្តែ​កាណាដា​នឹង​ក្លាយជា​ប្រទេស​ដំបូង​គេ​ក្នុងចំណោម​ប្រទេស G-7 ដែល​បានធ្វើ​ដូច្នេះ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu