Ad Code

ព្រះ​បរមរាជវាំង​ ចេញ​លិខិតបញ្ជាក់​ពី​ព្រះរាជសារ​របស់​ព្រះមហាក្សត្រ​ថា ជា​ព្រះរាជសារ​ពិតប្រាកដ



ភ្នំពេញ ​៖ ​ព្រះបរមរាជវាំង បានចេញ​លិខិត​មួយ​បញ្ជាក់ថា ព្រះរាជសារ​របស់​ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​នោះ មិន​មានការ​ក្លែងក្លាយ​ទេ ហើយក៏​មិនបាន​ធ្វើឡើង​ដោយមាន​ការគំរាមកំហែង​នោះដែរ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងព្រះបរមរាជវាំង​។​

សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងព្រះបរមរាជវាំង ចុះ​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០១៨ បាន​ឲ្យ​ដឹងថា នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ មាន​ជន​អគតិ​បាន​ចោទប្រកាន់ថា មានការ​ក្លែងក្លាយ​លើ ព្រះរាជសារ​របស់​ព្រះករុណា ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ចុះ​ថ្ងៃ​សុក្រ ទី​៤​កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​. ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៨ ដែលមាន​ខ្លឹមសារ​អំពាវនាវ​ដល់​ជនរួមជាតិ អ្នកមាន​សិទ្ធិ​បោះឆ្នោត​ទាំងអស់ សូម​អញ្ជើញ​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា ជ្រើសរើស​តំណាងរាស្ត្រ នីតិកាល​ទី​៦ នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ​សំដៅ​ជ្រើសរើស​អ្នកដឹកនាំ​ប្រទេសជាតិ​ថ្មី​។​

ក្រសួងព្រះបរមរាជវាំង​បញ្ជាក់ថា “​សូម​ប្រកាស​ជា​ព័ត៌មាន ជូន​សាធារណជន​ជ្រាបថា ព្រះរាជសារ​របស់ ព្រះករុណា​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់បំផុត​ខាងលើនេះ មិន​មានការ​ក្លែងក្លាយ និង​មិនមាន​ការគំរាមកំហែង​ឡើយ គឺជា​ព្រះរាជសារ​ពិតប្រាកដ។ ក្រសួងព្រះបរមរាជវាំង សូម​បដិសេធ​ដាច់អហង្ការ និង​ច្រានចោល​ទាំងស្រុង​នូវ​រាល់​ការចោទប្រកាន់​បំផ្លើស ប្រាសចាក​ការពិត​”​។​

សូមបញ្ជាក់ថា ថ្មីៗ​នេះ​ព្រះករុណា​ព្រះបាទ សម្ដេចព្រះ​បរមនាថ នរោត្តម សីហមុនី​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចេញ​ព្រះរាជសារ​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​គ្រប់រូប​អញ្ជើញ​ទៅ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខ ដើម្បី​ជ្រើសរើស​អ្នកដឹកនាំ អភិវឌ្ឍ​​​ប្រទេសជាតិ ដោយ​កុំ​ឲ្យ​មានការ​ភ័យខ្លាច​។

ព្រះរាជសារ​លើកឡើងថា “​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ និង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ មកនេះ​។ ក្នុងឱកាស​នេះ ខ្ញុំ​សូម​អំពាវនាវ​ជា​ឱឡារិក​ជូន​ជនរួមជាតិ អ្នកមាន​សិទ្ធ​បោះឆ្នោត​ទាំងអស់ សូម​អញ្ជើញ​ទៅ​បោះឆ្នោត​ឱ្យបាន​គ្រប់​គ្រប់គ្នា ជ្រើសរើស​អ្នកដឹកនាំ​ប្រទេសជាតិ ដើម្បី​អភិវឌ្ឍ និង​ការរីកចម្រើន​រុងរឿង​ថ្កើងថ្កាន​លើ​គ្រប់​វិស័យ​”​។
ព្រះរាជសារ​របស់​ព្រះមហាក្សត្រ​បានលើកឡើង​ទៀតថា “​ការបោះឆ្នោត​នៅ​ថ្ងៃអាទិត្យ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខ គឺជា​ការបោះឆ្នោត​ជាទូទៅ ជា​សកល​ដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ តម្លាភាព និង​ដោយ​សម្ងាត់ ស្របតាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​។ ដូចនេះ​សូមកុំ​ឲ្យ​មានការ​ព្រួយបារម្ភ​ពី​ការគាបសង្កត់​ការគំរាមកំហែង ឬ​សម្លុត​ពី​ជនណាម្នាក់​ឬ​បក្សនយោបាយ​ណាមួយ​ឲ្យ​សោះ​។ ខ្ញុំ​សូម​ជនរួមជាតិ​ទាំងអស់​មេត្តា​ប្រើ​សិទ្ធិ​សេរីភាព​បោះឆ្នោត​ទៅតាម​សតិសម្បជញ្ញៈ​របស់​ខ្លួន​ម្នាក់ៗ​តើ​មាន​ទំនុក​ចិត្ត​ទៅលើ​បេក្ខជន​ណា​ម្នាក់​គណបក្ស​នយោបាយ​ណាមួយ​ដោយ​សេរី​”​។​

ក្រោយពី​ព្រះរាជសារ​នេះ​ ត្រូវបាន​ផ្សព្វផ្សាយ​ជា​សាធារណៈ ស្រាប់តែ​លោក សម រង្ស៊ី ដែល​កំពុង​រស់នៅ​ឯ​បរទេស គេច​ចេញពី​ការ​តាម​ចាប់ខ្លួន​របស់​សមត្ថកិច្ច​កម្ពុជា​នោះ ចេញមក​អះអាងថា ជា​ព្រះរាជសារ​ក្លែងក្លាយ និង​ធ្វើឡើង​ក្រោម​ការគំរាមកំហែង​៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu