Ad Code

រដ្ឋមន្ត្រី​កសិកម្ម ជួប​សំណេះសំណាល​ជាមួយ មន្ត្រីរាជការ មន្ត្រី​ចូលនិវត្តន៍ នៃ​មន្ទីរ​កសិកម្ម ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ សមាជិក​សហគមន៍​កសិកម្ម ប្រមាណ៥០០​នាក់



ត្បូងឃ្មុំ​ ៖​ លោក វេ​ង សាខុន រដ្ឋមន្ត្រី​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ជា​ប្រធាន​ក្រុម ការងារ​ថ្នាក់កណ្តាល​ចុះជួយ​ស្រុក​តំបែរ និង​ស្រុក​កំពង់សៀម នា​រសៀល​ថ្ងៃ​សុក្រ ០៣​រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០១ ខែមិថុនា គ​.​ស ២០១៨ បាន​អញ្ជើញ​ចូលរួម សំណេះសំណាល​ជាមួយ មន្ត្រីរាជការ មន្ត្រី​ចូលនិវត្តន៍ នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ សមាជិក​សហគមន៍​ក​សិ​កម្ម និង​សហគមន៍ នេសាទ​ទូទាំង​ខេត្ត​ត្បូង​ឃុំ​ប្រមាណ ៥០០​នាក់ នៅ​សាលប្រជុំ​រដ្ឋបាល​សាលាខេត្ត​ត្បូងឃ្មុំ។

លោក​ហេង ពិសិដ្ឋ​ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បាន រាយការណ៍ ពី​ស្ថានភាព​ជារួម​នៃ​ការងារ​បង្កបង្កើនផល សកម្មភាព សំខាន់ៗ​របស់​សហគមន៍​កសិកម្ម សហគមន៍​នេសាទ ស្ថានភាព ជីវភាព​របស់​បងប្អូន​និវត្តន៍​ជន ពិសេស​ភ្នាក់ងារ សុខភាព​សត្វ​ភូមិ​មាន​ចំនួន ៣១៨​នាក់ ដែល​បាន និង​កំពុង​បំពេញការងារ​ជា​ភ្នាក់ងារ​ព្យាបាល​សត្វ ការពារ​ជំងឺឆ្លង​សត្វ និង​ជា​អ្នក​ផ្សព្វផ្សាយ​កសិកម្ម​ដល់​ប្រជាកសិករ​។ ទោះជា​យ៉ាងនេះ​ក្តី សមត្ថភាព របស់​ពួកគាត់​នៅមានកម្រិត រួមទាំង​ខ្វះខាត មធ្យោបាយ សម្ភារៈ និង​ថវិកា​ក្នុង​ការផ្តល់សេវា សុខភាព​សត្វ​ជូន​ដល់​កសិករ​ឲ្យ​មាន​ប្រសិទ្ធភាព​និង​ទាន់ពេលវេលា​។ ដូច្នេះ ទាមទារ​ធ្វើការ បណ្តុះបណ្តាល បច្ចេកទេស​ថ្មីៗ​បន្ថែមទៀត​ដើម្បី​ឆ្លើយតប​ទៅ​និង​តម្រូវការ​ដ៏​ចាំបាច់​របស់​កសិករ។

ទាក់ទង​សុខភាព​សត្វ​ភូមិ លោក​សេន សុវណ្ណ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ផលិតកម្ម​សត្វ​និង​សុខភាព​សត្វ​បាន​ជម្រាបជូន​អង្គពិធី​ថា​ យោង​លើ​ការចាំបាច់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង នេសាទ បានទទួល​ការអនុញ្ញាត​ពី​រាជរដ្ឋាភិបាល​ជ្រើសរើស​កសិករ​គំរូ​ដែល​មាន​បទពិសោធន៍​ក្នុង ការព្យាបាល និង​ការពារ​ជំងឺ​សត្វ​ឲ្យ​ទទួល​បានជា​ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ​នៅ​ឆ្នាំ​២០០១​។ គោលបំណង​ដ៏​សំខាន់​នៃ​ការបង្កើត​ភ្នាក់ងារ​នេះ គឺ​ដើម្បី​ជួយ​ព្យាបាល​សត្វ ការពារ​ជំងឺ សត្វ អប់រំ ណែនាំ​បច្ចេកទេស​បឋម​ពី​ការចិញ្ចឹម ព្យាបាល និង​ការពារ​ជំងឺឆ្លង​សត្វ​។ នាពេល​អនាគត អង្គការ​សុខភាព​សត្វ​ពិភពលោក​សន្យាថា ​នឹង​ជួយ​បណ្តុះបណ្តាល​ភ្នាក់ងារ​សុខភាព​ភូមិ​នេះ​ឲ្យ​ក្លាយជា​ភ្នាក់ងារ​ត្រួតពិនិត្យ​អនាម័យ​សត្វ និង​គុណភាព​សាច់ ដើម្បី​បង្កើន​ជំនឿ​ទុកចិត្ត​ដល់​អ្នក បរិភោគ ធានាបាន​នូវ​សុខភាព​សាធារណៈ និង​ធ្វើការ​ប្រកួតប្រជែង​ទីផ្សារ​។​

លោក​ប៉ែន កុសល អភិបាលរង​ខេត្ត​បាន​អបអរសាទរ​ជូន ចំពោះ​មន្ត្រី និង​ភ្នាក់ងារ​សុខភាព សុខភាព​សត្វ​ភូមិ​ដែលជា​ជន​បង្គោល និង​នៅ​ជួរមុខ​ក្នុងការ​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម ដែល​វិស័យ​នេះ​ទាមទារ​ការអភិវឌ្ឍ​ឲ្យ​មានការ រីកចម្រើន​ថែមទៀត ដើម្បី​ធានា​បាន​នូវ​សន្តិសុខ ស្បៀង បង្កើន​ប្រាក់ចំណូល និង​កែលម្អ​កម្រិតជីវភាព​ជា​បណ្តើរៗ ស្របតាម​និន្នាការ​នៃ​ការរីកចម្រើន​លើ​វិស័យ​សេដ្ឋកិច្ចជាតិ​។ ដូច្នេះ លោក​សំណូមពរ​ឲ្យ​ក្រសួង​ជួយ​សហការ ធ្វើការ​បណ្តុះបណ្តាល​បច្ចេកវិទ្យា​ថ្មី​បន្ថែម​ទៀត ដើម្បី​ជា​ប្រយោជន៍​ដល់​ខ្លួន​គាត់​ផង និង​ដល់​សង្គមជាតិ​ផង។

មានប្រសាសន៍​សំណេះសំណាល​ក្នុង​ពេលនេះ លោក រដ្ឋមន្ត្រី​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ជូន​ដល់​ភ្នាក់ងារ សុខភាព​សត្វ​ភូមិ សហគមន៍​កសិកម្ម សហគមន៍​នេសាទ មន្ត្រីរាជការ និង​និវត្តន៍​ជន ដែល​កន្លងមក​បាន​លះបង់​គ្រប់បែបយ៉ាង ក្នុងការ​ចូលរួម​អភិវឌ្ឍ​វិស័យ​កសិកម្ម​ឲ្យ​មានការ រីក ចម្រើន​គួរ​ជាទី​មោទនៈ​។ ជាការ​ពិត​វិស័យ​កសិកម្ម បាននិងកំពុង​ប្រឈម​បញ្ហា​ជាច្រើន​ដែល​ទាមទារ ឲ្យ​យើង​គ្រប់គ្នា​ខិតខំ​ទ្វេ​​ឡើង​ថែមទៀត​ដើម្បី​សិក្សា​ស្រាវជ្រាវ រិះរក​មធ្យោបាយ និង​ដំណោះស្រាយ​សម​ស្រប​​ទៅតាម និន្នាការ​នៃ​ការ​រីកចម្រើន​ផ្នែក​បច្ចេកវិទ្យា​កសិកម្ម សេដ្ឋកិច្ចជាតិ ទីផ្សារ​កសិផល​ទាំង​ក្នុង​និង​ក្រៅប្រទេស និង​ជាពិសេស​ការ​ធ្លាក់ចុះ​កម្លាំង​ពលកម្ម។

នេះ​ជា​ពេល​វេលា​សមស្រប​សម្រាប់​ពង្រីក​រក​ទីផ្សារ​កសិផល របស់​ប្រជាកសិករ ដែល​ក្នុងនេះ​ត្រូវ​ជំរុញ​និង​លើកទឹកចិត្ត​ដល់​អ្នកវិនិយោគ ទាំង​ក្នុង​និង​ក្រៅប្រទេស ក្នុងការ​កែច្នៃ និង​នាំចេញ​ទៅតាម​ស្តង់ដារ គុណភាព និង​សុវត្ថិភាព​ម្ហូបអាហារ ទៅតាម​តម្រូវការ​ទីផ្សារ​ក្នុង​តំបន់ និង​អន្តរជាតិ ក្នុងនោះ​ក៏មាន​ផលិតផល​សត្វ​ផងដែរ​។ ស្ថិតក្នុង​បរិការណ៍​នេះ រាជរដ្ឋាភិបាល​បាននិងកំពុង​ខិតខំ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​ដូចជា​ផ្លូវ ស្ពាន ព្រលានយន្តហោះ និង​កំពង់ផែ​ទឹក​ជ្រៅ​។​ល​។ ដើម្បី​ជាការ​ទាក់ទាញ​ដល់​វិនិយោគិន និង​បង្ក​លក្ខណៈ ងាយស្រួល​ក្នុងការ​នាំចេញ ផលិតផល​កសិកម្ម​នា​ពេល​អនាគត​។ លោក​សូម​ឲ្យ​អគ្គនាយកដ្ឋាន​ផលិតកម្ម​សត្វ​ និង​សុខភាព​សត្វ​ជួយ​ជំរុញ និង​គាំទ្រ​ផ្តល់​ចំណេះដឹង​បន្ថែម ព​ន្លឿ​ន​ការ​ផ្តល់ព័ត៌មាន និង​សេវាកម្ម​ឲ្យ​បាន​ទាន់ពេលវេលា និង​មាន ប្រសិទ្ធភាព​ដល់​ភ្នាក់ងារ​សុខភាព​ភូមិ ដោយ​ត្រូវខិតខំ​យកចិត្តទុកដាក់​បន្ថែម​ទៀត​នូវ​រាល់​បញ្ហា​សុខភាព​សត្វ របស់​កសិករ​ឲ្យ​បានល្អ ព្រោះ​សត្វ​គឺជា​ប្រភព​ចំណូល​មិនចេះ​រីងស្ងួត​របស់​ពួកគាត់​។ ក្រៅពី​ការងារ​បច្ចេកទេស លោក​រដ្ឋមន្ត្រី​សុំ​ឲ្យ​អគ្គនាយកដ្ឋាន​ជួយ​ធ្វើការ​ផ្សព្វផ្សាយ​អំពី​ច្បាប់​ស្តីពី​ផលិតកម្ម​សត្វ និង​សុខភាព​សត្វ​ដល់​ភ្នាក់ងារ សុខភាព​សត្វ​ភូមិ​ឲ្យ​បាន​ទូលំទូលាយ ដើម្បី​ជា​ប្រយោជន៍​ក្នុងការ​បង្កើន​ការគ្រប់គ្រង​ចលនា សត្វ ជំងឺឆ្លង​សត្វ ការនាំ​ចូល​សត្វ​ខុសច្បាប់ ការគ្រប់គ្រង​គុណភាព​សាច់​ឆ្លើយតប​តាម​តម្រូវការ​របស់ អ្នក​បរិភោគ​។​

​ក្នុងឱកាស​នេះ ​លោក​បាន​ជួយឧបត្ថម្ភ​ដល់​សមជិក​សមាជិកា ​ដែល​បាន​អញ្ជើញ​មកពី សហគមន៍​កសិកម្ម សហគមន៍​នេសាទ ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ និង​មន្ត្រីរាជការ​ចូលនិវត្តន៍ ម្នាក់ៗ​៤​ម៉ឺន​រៀល និង​ដោយឡែក​សម្រាប់​ភ្នាក់ងារ​សត្វ​ភូមិ ម្នាក់ៗ​ទទួលបាន​សម្ភារៈ​បសុពេទ្យ​១ កញ្ចប់​ថែមទៀត​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu